ភ្នំពេញ ៖ បុរសជាសន្តិសុខម្នាក់បានចោទប្រកាន់មន្ត្រី ដែលបម្រើការងារ នៅអង្គភាពប្រឆាំងអំពើពុករលួយម្នាក់ ទៀត(ACU )ថា បានដកកាំភ្លើងខ្លីអាមេ បញ្ចូលគ្រាប់ ហើយយកទៅភ្ជង់ក្បាលគាត់ព្រមទាំងស្រែកគំរាមថា នឹងបាញ់សម្លាប់ចោលទៀតផងបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១២និង២០នាទី រំលង អាធ្រាត្រឈាន ចូល ថ្ងៃ ទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៥ នៅជិតមុខផ្ទះរបស់ជនបង្ក គឺនៅតាមបណ្ដោយផ្លូវលេខ១៧៨ កែងនឹងផ្លូវលេខ១៣ ខាងសាលារចនា ឬ ហៅថា(សាលាក្រហម) ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌ ដូនពេញ។
បុរសដែលអះអាងថា ខ្លួនជាជនរងគ្រោះនោះគឺបម្រើការងារនៅ ក្រុមហ៊ុនសន្តិសុខឯកជនឈ្មោះ (Securitas) បានឲ្យដឹងថា មុនកើតហេតុជនសង្ស័យបានដើរត្រឡប់មកពីកន្លែង ផ្ញើរថយន្តសំដៅចូលមកផ្ទះ តែពុំទាន់បានចូលផងក៏ជួប និងគាត់ ដែលកំពុងឈរយាមជិតផ្ទះជនសង្ស័យនោះហើយពេលនោះ រូបគេជាជនរងគ្រោះ ដែលធ្លាប់តែសួរនាំជនបង្កជាធម្មតាដូចសព្វដងនោះ ក៏បាន និយាយ ទៅកាន់ជនបង្កថា លោកពូទើបមកពីណាស្មើហ្នឹង ដោយឃើញជនបង្កមានកាន់ទូរស័ព្ទ នៅ នឹងដៃក៏គាត់ បាននិយាយទៀត ថា លោកពូខល ទៅរកស្រីក្មេងហើយមើលទៅ តែគាប់ជួនពេលនោះប្រពន្ធរបស់ជនបង្ក ក៏នៅក្បែរនោះបានឮធ្វើឲ្យប្រពន្ធ របស់ជនបង្កខឹងក៏កើតជម្លោះក្នុងពេលនោះផងដែរ។
ប្រភពព័ត៌មានបានបន្តទៀតថា ខណៈពេលឈ្លោះប្រកែកគ្នានោះ ធ្វើឲ្យប្តីខឹងបានទះកំផ្លៀងប្រពន្ធមួយដៃ បណ្ដាលឲ្យដួល ហើយភ្លាមនោះ បុរសបង្កហេតុក៏បានមករករឿងរូបគេជាសន្តិសុខថា មកពីហ្អែង បានប្តីប្រពន្ធអញឈ្លោះគ្នា ហ្អែង ចង់បំបែកបំបាក់គ្រួសារអញ មែនទេ?
បុរសជាសន្តិសុខបង្ករឿងរូបនោះបានបន្តទៀតថា និយាយមិនទាន់ផុតផង ជនបង្កបានដកកាំភ្លើងខ្លី ពីចង្កេះអាមេបញ្ជូលគ្រាប់មកភ្ជង់ក្បាលរូបគេ ហើយគំរាមបាញ់សម្លាប់ ចោល ដោយប្រើភាសាយ៉ាងធ្ងន់ថា «អញបាញ់ហ្អែងងាប់ម្នាក់ពីរនាក់ ក៏គ្មាននរណាហ៊ាន ចាប់អញដាក់គុកដែរ» ក្នុងហេតុការណ៍នោះរូបគេមិនបានតបតទេ ទោះបីជាគេគំរាមបាញ់សម្លាប់យ៉ាងណាក្តី ហើយជនបង្កនៅតែកាន់កាំភ្លើង ទាំងអាមេរួចដើរភ្ជង់គេទៀតផង។
ប្រភពព័ត៌មានបានបន្តទៀតថា ដោយឃើញសភាពមិនស្រួលបែបនេះ ក៏មានអ្នកជិតខាងគេចូលឃាត់ហើយ ក៏រាយការណ៍ទៅប្រាប់សមត្ថកិច្ច ពេលសមត្ថកិច្ចចុះមកដល់ តែជនបង្កបានដើរចូលទៅក្នុងផ្ទះ ចាក់សោបាត់ធ្វើដូចជាគ្មានរឿងអ្វីកើតឡើងឡើយ។
ពាក់ព័ន្ធនឹងការចោទប្រកាន់របស់បុរសជាសន្តិសុខបម្រើការងារនៅក្រុមហ៊ុន(Securitas)ដែលចោទប្រកាន់លើមន្ត្រីបម្រើការងារនៅអង្គភាពប្រឆាំងអំពើពុករលួយម្នាក់ (ACU )ថា បានដកកាំភ្លើងខ្លីអាមេ បញ្ចូលគ្រាប់ ហើយយកទៅភ្ជង់ក្បាលគាត់គំរាមបាញ់សម្លាប់នោះ (កម្ពុជាថ្មី)មិនអាចទំនាក់ទំនងដើម្បីសុំការបំភ្លឺ ពីមន្ត្រីនៅអង្គភាពប្រឆាំងអំពើពុករលួយនោះទេ។
យោងតាមPage ទំព័រFecebook របស់អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានឲ្យដឹងថាករណី ដែលគេឆ្លើយ- គេផ្តល់ព័ត៌មាន និងផ្សព្វផ្សាយតាម ស្ថាប័នព័ត៌មាននានានោះ ថា មន្ត្រី ACU បានដកកាំភ្លើងភ្ជង់សន្តិសុខនោះ មិនពិតទេ ។ តាមពិតនោះជនប្រព្រឹត្តិឈ្មោះ ស្រី វារ: សក្តិ៤ ទាហាន។ មិនមែនមន្ត្រី ACU ទេ ។ អ្នកដែលប្រើឈ្មោះអង្គភាពផ្សេងពីស្ថាប័នខ្លួន ដើម្បីហេតុផលណាមួយគួរទទួលខុសត្រូវតាមច្បាប់។
បន្ទាប់ពីហេតុការណ៍នោះកើតឡើងរួចមកនៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥នេះដែរ លោកទេសរដ្ឋមន្ត្រីឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានអញ្ជើញចុះទៅបំភ្លឺនៅប៉ុស្តិ៍នគរបាលជ័យជំនះ ដោយមានទាំងជនរងគ្រោះ ដែលរងនូវការគំរាមបាញ់ឈ្មោះនូ នឿន ភេទប្រុសអាយុ៣៣ឆ្នាំទៀតផង។ លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ថា ជនដែលដកកាំភ្លើងគំរាមគេនោះឈ្មោះរី វារ: ជាទាហាន សក្ដិ៤ គឺមិនមែនជាមន្ត្រី(ACU)នោះទេ។
ជាមួយគ្នានោះដែរលោកធន់ កៅនី មេប៉ុស្តិ៍ជ័យជំនះ ខណ្ឌដូនពេញបានបញ្ជាក់ថា រឿងហេតុដកកាំភ្លើងភ្ជង់គំរាមនោះ ជនរងគ្រោះឈ្មោះនូ នឿន ជាសន្តិសុខឯកជននោះ គាត់មិនបានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់នោះទេ តែគាត់គ្រាន់តែដាក់ពាក្យបណ្តឹងរក្សាទុកនៅប៉ុស្តិ៍នគរបាលក្នុងគោលបំណងក្រែងលោជននោះបង្ករឿងហេតុអ្វីនៅថ្ងៃក្រោយតែប៉ុណ្ណោះ។
លោកមេប៉ុស្តិ៍បានបន្តទៀតថា លោកទេសរដ្ឋមន្ត្រីឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានបញ្ជាក់យ៉ាងច្បាស់ថា(ច្បាប់គឺជាច្បាប់)បើទោះបីជនរងគ្រោះមិនប្តឹងផ្តល់ក៏ពិតមែន៕
ប្រធានACUបញ្ជាក់ថា ជនដែលដកកាំភ្លើងភ្ជង់គេនោះ មិនមែនជាមន្ត្រីACUទេ

0 Comments