ភ្នំពេញ ៖ កម្ពុជានឹងមានរោងចក្រស៊ីម៉ងត៍ដ៏ទំនើប និងធំជាងគេនៅក្នុងប្រទេស ក្រោមការវិនិយោគទុនទឹកប្រាក់សរុប២៦២លានដុល្លារអាមេរិក និងមានសមត្ថភាពផលិតស៊ីម៉ងត៍រហូតទៅដល់៥០០០តោនក្នុងមួយថ្ងៃ ក្រោមកិច្ចសហការរវាងក្រុមហ៊ុនជីបម៉ុង អ៊ីនស៊ី ស៊ីម៉ិន និងក្រុមហ៊ុនCITIC Heavy Industriesមកពីប្រទេសចិន។
នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៥ នាសណ្ឋាគារកាំបូឌីយ៉ាណាក្រុមហ៊ុន ជីបម៉ុង អ៊ីនស៊ី ស៊ីម៉ិន បានធ្វើពិធីចុះហត្ថលេខាជាមួយ ក្រុមហ៊ុន CITIC Heavy Industries ពីប្រទេសចិន ដែលជាក្រុមហ៊ុនផលិត និងចែកចាយសម្ភារផលិតស៊ីម៉ងត៍ធំជាងគេនៅលើពិភពលោក ដើម្បីសាងសង់រោងចក្រស៊ីម៉ងត៍ថ្មីមួយ ដែលត្រូវបានបំពាក់ដោយសម្ភារៈ និងបច្ចេកវិទ្យាទំនើបចុងក្រោយគេពីប្រទេសចិន និងអាល្លឺម៉ង់ ដោយរោងចក្រថ្មីនេះ នឹងត្រូវបានសាងសង់ឡើងក្នុងខេត្តកំពត នាដើមឆ្នាំ២០១៦ខាងមុខ។ រោងចក្រនេះ ដែលនឹងស្ថិតក្រោមការគ្រប់គ្រង និងចាត់ចែងដោយក្រុមហ៊ុន ជីបម៉ុង អ៊ីនស៊ី ស៊ីម៉ិន គឺជាសមិទ្ធផល នៃការវិនិយោគរួមគ្នារវាងក្រុមហ៊ុន ជីបម៉ុង ស៊ីម៉ិន គ្រុប និង Siam City Cement Public Company Limited ពីប្រទេសថៃ។
លោកអៃឌែន ឡៃនែម នាយកប្រតិបត្តិ ក្រុមហ៊ុន ជីបម៉ុង អ៊ីនស៊ី ស៊ីម៉ិន បានឲ្យដឹងថា «កិច្ចសហប្រតិបត្តិការនេះត្រូវបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យសំណង់ ដែលកំពុងតែលូតលាស់យ៉ាងខ្លាំងក្នុងរយៈកាលកន្លងមកនេះ»។ លោកបានបង្ហើបឲ្យដឹងទៀតថា ក្រុមហ៊ុនគ្រោងនឹងវិនិយោគជាទឹកប្រាក់ ២៦២លានដុល្លារសហរដ្ឋអាមេរិក លើការសាងសង់រោងចក្រស៊ីម៉ងត៍មួយនេះ ដែលរោងចក្រនេះនឹងមានសមត្ថភាពផលិតស៊ីម៉ងត៍បាន ៥,០០០តោនក្នុងមួយថ្ងៃ នៅពេលត្រូវបានសាងសង់រួចរាល់។ លោកបានសង្កត់ធ្ងន់ថា «ក្រុមហ៊ុនយើងខ្ញុំផ្តល់តម្លៃលើភាពខ្លាំង គុណភាព និងការជឿទុកចិត្ត»។ លោកបានបន្តទៀតថា រោងចក្រនេះ ត្រូវបានរចនាឡើងដើម្បីអនុលោមតាមបទដ្ឋានគុណភាពអន្តរជាតិ និងសន្សំសំចៃថាមពល។
រោងចក្រនេះផងដែរនឹងផ្តល់សេវាដោយបុគ្គលិក ដែលនឹងទទួលការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវ ដើម្បីធានាសុខុមាលភាពដល់សហគមន៍ដែលនៅក្បែររោងចក្រ ក៏ដូចជាដើម្បីរក្សាទំនាក់ទំនងល្អជាមួយដៃគូពាក់ព័ន្ធទាំងអស់។ លោកនាយកប្រតិបត្តិបានឲ្យដឹងទៀតថា រោងចក្រផលិតស៊ីម៉ងត៍មួយនេះ នឹងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចជាច្រើនដល់កម្ពុជា តាមរយៈការកាត់បន្ថយបន្ទុកក្នុងការនាំចូលស៊ីម៉ងត៍ពីបរទេស ការប្រើប្រាស់ធនធានធម្មជាតិដោយភាពឆ្លាតវៃ និងការផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា។ លោកបន្ថែមថា «រោងចក្រនេះមិនត្រឹមតែអាចជួយបង្កើនសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងអាចជួយកាត់បន្ថយអត្រាភាពក្រីក្រ និងចំនួនកម្មករចំណាកស្រុកទៅធ្វើការនៅបរទេសផងដែរ»។
លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ដែលបានអញ្ជើញចូលរួមជាកិត្តិយសនៅក្នុងពិធីចុះហត្ថលេខានាពេលនោះបានមានប្រសាសន៍សំដែងនូវការអបអរសាទរក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងសូមគាំទ្រ ក្នុងពិធីចុះកិច្ចព្រមព្រៀងកិច្ចសហការរវាងក្រុមហ៊ុនជីបម៉ុង អ៊ីនស៊ី ស៊ីម៉ិននិងក្រុមហ៊ុនCITIC Heavy Industriesនាថ្ងៃនេះ។ លោករដ្ឋមន្ត្រី បានបន្តថា រោងចក្រថ្មីមួយនេះនឹងក្លាយទៅជារោងចក្រស៊ីម៉ងត៍ដ៏ធំជាងគេបង្អស់ នៅក្នុងប្រទេសកម្ពុជាក្រោមការវិនិយោគទុនទឹកប្រាក់សរុប២៦២លានដុល្លារអាមេរិក និងមានសមត្ថភាពផលិតស៊ីម៉ងត៍រហូតទៅដល់៥០០០តោនក្នុងមួយថ្ងៃ។ ដោយសារវិស័យសំណង់យើងមានការរីកចម្រើនខ្លាំងសព្វថ្ងៃដូច្នេះ តម្រូវការស៊ីម៉ងត៍ក៏មានកាន់តែខ្ពស់ផងដែរ។ លោករដ្ឋមន្ត្រី ជឿជាក់ថារោងចក្រស៊ីម៉ងត៍ថ្មីនេះពិតជាអាចបំពេញតម្រូវការរបស់កម្ពុជា មិនតែប៉ុណ្ណោះក៏អាចបង្កើតឱកាសការងារសេដ្ឋកិច្ចជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា ហើយក៏ចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាថែមទៀតផង៕
កម្ពុជានឹងមានរោងចក្រស៊ីម៉ងត៍ដ៏ទំនើប និងធំជាងគេនៅក្នុងប្រទេស
0 Comments