កណ្ដាល ៖ បុរសស្ត្រីពីរនាក់ប្ដីប្រពន្ធបានរងរបួសធ្ងន់និងស្រាលព្រមៗគ្នា បន្ទាប់ពីជិះម៉ូតូឌុបគ្នាឆ្លងផ្លូវ ហើយត្រូវរថយន្តយីឌុបបើកមកបុកចំពីមុខរថយន្ត។ ប៉ុន្តែដោយសាររថយន្តចាប់ហ្វ្រាំងគេចស្ទើរតែអស់ល្បឿនហើយនោះទើបបុកគ្រាន់តែកៀបជាប់ម៉ូតូចូលក្រោមឡានផ្នែកខាងមុខ តែស្ដ្រីជាប្រពន្ធបានរងរបួសធ្ងន់បាក់ជើងម្ខាង រីឯបុរសជាប្ដីបានរងរបួសស្រាល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨និង៣០នាទីព្រលប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ មុខភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកំពង់ស្ពឺ។
ម៉ូតូជនរងគ្រោះម៉ាកស៊ុយហ្សុយគី ស្មាស់ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1O 5958 ដោយបុរសជាប្ដីជាអ្នកឌុប និងប្រពន្ធជិះពីក្រោយរងរបួសបាក់ជើងម្ខាង រីឯប្ដីរងរបួសស្រាល។ រថយន្ដបង្កម៉ាកហ៊ីយ៉ាន់ដាយក្បាលពណ៌ទឹកប្រាក់សណ្ដោងទ្រុងវែងពាក់ស្លាកលេខភ្នំពេញ3C5564 អ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោលតែម្ដង។
តាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូចេញពីភូមិកៅ ពីជើងឆ្លងថ្នល់ទៅត្បូង រួចបត់ទៅកើត ពលជិះឆ្លងជិតផុតហើយនោះ ស្រាប់តែមានរថយន្ដមកដល់ដែរហើយខំបួងចង្កូតគេច តែគេចមិនផុត ក៏បុកចំពីមុខតែម្ដងបណ្ដាលឲ្យម៉ូតូកៀបជាប់ក្រោមរថយន្ត ឯជនរងគ្រោះដេកដួលនៅពីមុខរថយន្ដ ពេលនោះហាក់សំណាងល្អដែរ ដោយសាររថយន្ដអស់ល្បឿនទើបមិនបណ្ដាលរងគ្រោះថ្នាក់ដល់អាយុជីវិត បើសិនជារថយន្ដនៅមានល្បឿនតែបន្ដិចនោះជនរងគ្រោះនឹងត្រូវរថយន្ដកិនទាំពីរនាក់មិនខានឡើយ។
ក្រោយពេលកើតហេតុគេបានដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យឯកជនដើម្បីព្យាបាលហើយរថយន្តនិងម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលរង់ចាំដោះស្រាយគ្នាតាមក្រោយ៕
បើកឡានបុកម៉ូតូចំពីមុខកៀបម៉ូតូនៅក្រោមឡាន មនុស្សរបួសធ្ងន់ម្នាក់ ស្រាលម្នាក់
0 Comments