បន្ទាយមានជ័យ ៖ នៅយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥ លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់ទៀតបានចូលរួមពិធីបិទការប្រឡងចម្រៀងសម័យបេក្ខជនបេក្ខនារី ដែលមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៦ពិធីប្រឡងចម្រៀងនេះធ្វើនៅវេទិកាស្ថិតនៅក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យមាន។
លោក គោស៊ុំ សារឿត បានមានប្រសាសន៍ថា ការបិទកម្មពិធីប្រឡងចម្រៀងនៅរាត្រីនេះគឺជាឱកាសដ៏មានតម្លៃសម្រាប់ឲ្យសិល្បករ សិប្បការិនី ក្មួយៗយុវជន យុវនារី ទាំងអស់ ដែលមានសមត្ថភាពបានចូលមកប្រឡងចម្រៀងនាពេលនេះ ដើម្បីដកស្រង់បទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមកសំដៅបម្រើឲ្យវិស័យសិល្បៈឲ្យកាន់តែរីកចម្រើន ជាពិសេសមានឱកាសបានបញ្ចេញទឹកដមចម្រៀងស្នាដៃថ្មីរបស់ខ្លួនប្រកបទៅដោយគុណភាព ទំនើបកម្ម និងទាន់សម័យ ប៉ុន្តែការធ្វើទំនើបកម្មស្នាដៃថ្មីនេះត្រូវផ្សារភ្ជាប់ទៅនឹងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និងអត្តសញ្ញាណជាតិយើងផងដែរ។
លោក គោស៊ុំ សារឿត បានមានប្រសាសន៍បន្តទៀតថា ក្មួយៗយុវជន យុវនារី បេក្ខជន បេក្ខនារីបានចូលមកប្រឡងចម្រៀងនេះបានផ្ដោតទៅលើកត្តាសំខាន់ជាច្រើន ព្រោះថា យុវជនជាកម្លាំងសកម្ម និងជាធនធានមនុស្សប្រកបដោយសក្ដានុពលជាទំពាំងស្នងឫស្សី និងជាកត្តាសំខាន់ចាំបាច់ ដែលមិនអាចខ្វះបានក្នុងការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
លោក គោស៊ុំ សារឿត បាននិយាយបន្តទៀតថា រាត្រីថ្ងៃទី៣ជារាត្រីថ្ងៃផ្តាច់ព្រាត់មានបេក្ខជន បេក្ខនារី ចូលរួមប្រឡងមានចំនួន២០នាក់ ក្នុងនោះមានចំនួន៩នាក់មានចំណាត់ថ្នាក់ល្អ ហើយក្នុងការដាក់ពិន្ទុនេះមានប្រធានមន្ទីរវប្បធម៌ និងមន្ត្រីជំនាញខាងផ្នែកដាក់ពិន្ទុចំនួន៣នាក់ដាក់ពិន្ទុដល់បេក្ខជន និងបេក្ខនារីយ៉ាងសុក្រិត្យទៀតផង ក្រោយពីជ្រើសរើសបានអ្នកមានសំឡេងជាប់ចំណាត់ថ្នាក់ល្អបេក្ខជន និងបេក្ខនារីនឹងមានឱកាសសម្រាប់ទៅចូលរួមថ្នាក់ជាតិទៀតផង។
លោក គោស៊ុំ សារឿត បានបញ្ជាក់ទៀតថា ហើយក្នុងការដាក់ពិន្ទុនេះមានលក្ខណៈ៦យ៉ាង ដែលត្រូវវិនិច្ឆ័យ ១សម្លេងមានទឹកដម អ៊ឺន និងច្រៀងត្រូវតុង ២ចង្វាក់ ៣លំនាំបទ ៤មនោសញ្ចេតនា ៥ការអានទំនុក ៦សំលៀតបំពាក់ ហើយលទ្ធផលក្នុងការប្រឡងលេខ១បានទៅលើបេក្ខជនមានឈ្មោះ ណាន ខេមម៉ា បានប្រាក់រង្វាន់១លានរៀល និងបេក្ខនារី ផ្លុង ស្រីលៀប ប្រាក់រង្វាន់ ១លានរៀល លេខ២បានទៅលើបេក្ខជន សុខ ចាប ប្រាក់រង្វាន់៩០ម៉ឺន និងបេក្ខនារី ផា ដាវិន ប្រាក់រង្វាន់៩០ម៉ឺនរៀល លេខ៣បានទៅលើបេក្ខជនឈ្មោះ យី ឡុង ប្រាក់រង្វាន់៨០ម៉ឺនរៀល និងបេក្ខនារីឈ្មោះ ភួង ស្រីលីន ប្រាក់រង្វាន់៨០ម៉ឺនរៀល និងលេខ៤ និងលេខ៥ជាប់ទៅលើឈ្មោះ យ៉ាន សុផ ល យឺម ស្រីខួច មាន មង្គល និងវិង ស្រីចិន ប្រាក់រង្វាន់៧០ម៉ឺនរៀល.
លោកបានបញ្ជាក់ទៀតថា អ្នកដែលប្រឡងធ្លាក់កុំតូចចិត្ត ព្រោះនៅមានឱកាសប្រឡងនៅឆ្នាំក្រោយៗទៀត៕
លោក គោស៊ុំ សារឿត ចូលរួមពិធីបិទការប្រឡងចម្រៀងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក
0 Comments