កំពង់ចាម ៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំនិងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបានសហការគ្នាស្អិតល្មួតប្រទាក់ក្រឡាគ្រប់គោលដៅ រហូតធ្វើការបង្ក្រាបករណីចាប់ជំរិតទារប្រាក់ដោយបានឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ រំដោះចំណាប់ខ្មាំង គឺកុមារីអាយុ៩ឆ្នាំនិងដកហូតម៉ូតូជាកម្មសិទ្ធិរបស់ឪពុកកុមារីរងគ្រោះដោយសុវត្ថិភាព និង បានកសាងសំណុំរឿងទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។
លោកឧត្តមសេនីយ៍ ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំបានអោយដឹងថា នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៥ មាននារីម្នាក់ឈ្មោះ ដន សារី អាយុ២៤ឆ្នាំ នៅភូមិកំពង់ស្តី លើឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម បានយកម៉ូតូរបស់ឈ្មោះ ឆែម សារុំ ភេទប្រុស អាយុ៣៥ឆ្នាំមានទីលំនៅភូមិទួលទ្រាត្បូង ឃុំជប់ ស្រុកត្បូងឃ្មុំ ឌុបកូនស្រីរបស់លោកឈ្មោះ លូញ លីហ្សាអាយុ៩ឆ្នាំជិះចេញពីផ្ទះបាត់ដោយលួងលោមថាទៅរកទិញនៅស៊ី។
នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៥ លោក ឆែម សារុំ បានដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ចនគរបាលឃុំជប់ឲ្យតាមរកជនសង្ស័យឈ្មោះដន សារី ដែលនាំកូនស្រីរបស់លោកទៅបាត់១យប់និងទូរស័ព្ទជំរិតទារប្រាក់ដុល្លារនិង១៥ម៉ឺនរៀល។
លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បន្តថា ពេលទទួលបានបណ្តឹងនោះភ្លាមលោកបានទាក់ទងស្នងការនគរបាលខេត្តកំពង់ចាមនិងអគ្គស្នងការនគរបាលជាតិធ្វើការស្រាវជ្រាវ។
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាមបានមាន ប្រសាសន៍ថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាមលោកបានចាត់វិធានការប្រគល់ភារកិច្ចជូន លោកវរសេនីយ៍ឯកជូនលោក ហេង វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ចាមចេញប្រតិបត្តិការស្រាវជ្រាវរកមុខសញ្ញាចាប់ជម្រិត។
លោកស្នងការ បែន រ័ត្ន បានបញ្ជាក់ថា ប្រតិបត្តិការពិសេសនេះមានការប្រទាក់ក្រឡាសហការល្អរវាងកម្លាំងស្នងការនគរបាលខេត្តត្បូងឃ្មុំជាមួយកម្លាំងស្នងការខេត្តកំពង់ចាម និង មានការជួយជ្រោមជ្រែងពីអគ្គស្នងការនគរបាលជាតិព្រមទាំងអាណាព្យាបាលរបស់កុមារីរងគ្រោះផងដែរនោះសមត្ថកិច្ចបានវេរប្រាក់ចំនួន៥០ដុល្លារ ឲ្យទៅជនសង្ស័យឈ្មោះដន សារី(មុខសញ្ញាចាប់ជំរិត)នៅម្តុំវេងស្រេង។
នៅវេលាម៉ោង១៥រសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៥ សមត្ថកិច្ចខាងលើដឹកនាំដោយលោកវរសេនីយ៍ឯកហេង វុទ្ធី និង មានការចូលរួមពីកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃឈរកម្លាំងយើងក៏បានស្ទាក់ចាប់ជនសង្ស័យ នៅក្នុងភូមិសាស្ត្រ ឃុំស្រវង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
លោកស្នងការ បែន រ័ត្ន បានបញ្ជាក់ថា ស្ត្រីសង្ស័យត្រូវចាប់ខ្លួនមានឈ្មោះដន សារី អាយុ២៤ឆ្នាំ មានទីលំនៅភូមិកំពង់ក្តី ឃុំកំពង់រាបស្រុកកោះសូទិន ខេត្តកំពង់ចាម ត្រូវជាប្អូនជីដូនមួយរបស់ម្តាយកុមារីរងគ្រោះដែលកម្លាំងសមត្ថកិច្ចរំដោះបានដោយសុវត្ថិភាព និង យកម៉ូតូប្រគល់ជូនម្ចាស់ដើមវិញ។
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានបញ្ជាក់ស្ត្រីសង្ស័យឈ្មោះ ដន សារី ត្រូវឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមដើម្បីបំពេញសំណុំឯកសារតាមនីតិវិធីនិងបញ្ជូនទៅជំនាញស្នងការនគរបាលខេត្តត្បូងឃ្មុំជាម្ចាស់ករណី(កន្លែងកើតហេតុដំបូង)ដើម្បីចាត់ការតាមផ្លូវច្បាប់។
ក្នុងនោះដែរលោកតា ហ៊ល ហៃ និង យាយ លឹម យ៉ុន ព្រមទាំងអាណាព្យាបាលកុមារីរងគ្រោះ លូញ លីហ្សា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្លាំងនគរបាលទាំង២ខេត្តដែលបានបង្ក្រាបករណីចាប់ជម្រិតកុមារីលូញ លីហ្សា បានដោយសុវត្តិភាព៕
ចាប់ជំរិតក្មួយស្រីជីដូនមួយអស់លក្ខណ៍ជាប់អន្ទាក់ប៉ូលិស
0 Comments