បន្ទាយមានជ័យ ៖ នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥ នេះ លោកអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបង្ហាញមុខក្មេងទំនើង២នាក់ ដែលដេញកាប់គេផ្អើលក្រុងសិរីសោភ័ណ ដល់សារព័ត៌មាន ក្រោយពីឃាត់ខ្លួនបានកាលពីយប់មិញ។
លោកអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានបង្ហាញឲ្យដឹងថា យុវជនទំនើងទាំងពីរ ដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ យុំ សុផាតហៅតាក់ អាយុ២២ឆ្នាំ និងឈ្មោះសុភ័ក្រ អាណុន អាយុ១៨ឆ្នាំ។ យុវជនទាំងពីរមានទីលំនៅជុំគ្នាក្នុងសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ។ នៅចំពោះមុខលោក ក៏ដូចជាអ្នកសារព័ត៌មានយុវជនសង្ស័យបានឆ្លើយថាការដែលពួកខ្លួនធ្វើសកម្មភាពកាប់ជនរងគ្រោះដោយសារតែច្រឡំទៅនឹងក្រុមក្មេងមួយក្រុមទៀតដែលបានឈ្លោះគ្នាមុនពេលកើតហេតុបន្តិច។
បច្ចុប្បន្នជនរងគ្រោះ ដែលសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបានស្លាប់ម្នាក់នៅម្នាក់កំពុងតែព្យាបាល។ ចំណែកក្រុមជនបង្កក្រោយពីរត់គេចខ្លួនត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ដឹកនាំដោយលោកសិទ្ធិឡោះ ស្នងការរងក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការចាប់បានពីរនាក់រត់រួចម្នាក់។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ ពួកគេបានបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋនៅមុខវត្តភ្នំជញ្ជាំង សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ខណៈពួកគេមួយក្រុមមានគ្នាបីនាក់ជិះម៉ូតូដេញកាប់គ្នាបណ្ដាលឲ្យរបួសធ្ងន់ធ្ងរម្នាក់ ស្លាប់ម្នាក់ រួចរត់គេចខ្លួន តែត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃទី៥ ខែធ្នូ។ ជនរងគ្រោះ ដែលត្រូវពួកគេកាប់នោះ មានឈ្មោះថា លី ចិត្ត ភេទប្រុស អាយុ២៨ ឆ្នាំ រងរបួសធ្ងន់ធ្ងរជាច្រើនកាំបិតចំក្បាល និងឈ្មោះភិន លាន ភេទប្រុសអាយុ១៨ ឆ្នាំរងរបួសបែកភ្នែក ខាងស្តាំ។ អ្នកទាំង២មានទីលំនៅ ក្នុងភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាមានជ័យ៕
ប៉ូលិសបង្ហាញមុខក្មេងទំនើងពីរនាក់ ដែលកាប់គេផ្អើលក្រុងសិរីសោភ័ណ
0 Comments