ភ្នំពេញ ៖ គិតរហូតមកដល់ពេលនេះ សមាគមពាណិជ្ជករចិនតៃវ៉ាន់ បានបង្កើតឡើងតាំងពីឆ្នាំ១៩៩៣ បានមកធ្វើការជួបជុំគ្នាជាលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា ដែលមានសមាជិកសរុបចំនួនប្រមាណ៧០០នាក់ មកពីប្រទេសផ្សេងគ្នាលើពិភពលោក ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងលើមុខជំនួញរៀងៗខ្លួន និងពិភាក្សាគ្នាថា គួរធ្វើយ៉ាងណាសម្រាប់ត្រៀមខ្លួនចូលក្នុងសមាគមសេដ្ឋកិច្ចអាស៊ាននៅចុងឆ្នាំនេះ។
នៅក្រោយពិធីជួបជុំពិសាភោជនីយាហារនៅចុងសប្ដាហ៍កន្លងទៅនេះ នៅសណ្ឋាគារ សុខាត្រើយម្ខាង លោក លីវ ស៊ីវលីន (Liu Shie Lin) អតីតប្រធានសមាគមពាណិជ្ជករតៃវ៉ាន់ពិភពលោក មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា កម្មវិធីជួបជុំគ្នានេះធ្វើឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណង ដើម្បីស្វាគមន៍អ្នកវិនិយោគមកពីគ្រប់ទិសទី។
លោកបញ្ជាក់បន្ថែមថា សមាគមនេះបង្កើតឡើង គឺប្រកាន់ភ្ជាប់នូវគោលជំហរតែមួយ ហើយគោលការណ៍របស់សមាគម គឺលើកស្ទួយពង្រីកពង្រឹងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
នៅក្នុងពិធីជួបជុំគ្នាជាលើកដំបូងនៅកម្ពុជានៅពេលនេះ អតីតប្រធានសមាគមពាណិជ្ជករតៃវ៉ាន់ពិភពលោកលើកឡើងថា ពាណិជ្ជករចិនតៃវ៉ាន់ទាំងអស់ចង់ដឹង និងចង់ឃើញឱកាសវិនិយោគទុនបន្ថែម ព្រោះថាបើនៅកន្លែងណាមានទីផ្សារធំ ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចមានការរីកចម្រើន ពួកគេនឹងធ្វើការវិនិយោគ។
លោកបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាមានពាណិជ្ជករសមាគមចិនតៃវ៉ាន់ មាន ប្រមាណ១០០នាក់ បានធ្វើការវិនិយោគនៅក្នុងប្រទេសនេះ៕
សមាគមពាណិជ្ជករចិនតៃវ៉ាន់ប្រមាណ៧០០នាក់ ជួបជុំគ្នាលើកដំបូងនៅកម្ពុជា
0 Comments