ភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទបានថ្លែងសារមួយទៅកាន់ស្ថាប័នហិរញ្ញវត្ថុ ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ដោយសម្តេចបានអំពាវនាវឲ្យ ស្ថាប័នទាំងនោះ អនុគ្រោះពន្យារ ឬពន្យារពេលសងដោយមិនយកការ ឬបន្ថយការប្រាក់ ដើម្បីទប់ស្កាត់ការ រឹបអូសដីធ្លី ផ្ទះសម្បែង ទ្រព្យសម្បត្តិ ខណៈដែលប្រជាកសិករជាកូនបំណុល កំពុងជួបការលំបាកដោយសារគ្រោះធម្មជាតិ។
សម្តេចតេជោបានបញ្ជាក់នៅ លើទំព័រហ្វេសប៊ុករបស់សម្តេចថា កសិកម្មឆ្នាំនេះ ពិសេសដំណាំស្រូវទាំងស្រូវវស្សា ទាំងស្រូវប្រាំងបាន និងកំពុងប្រឈមនឹងការខ្វះខាតទឹក។ ក្នុងសភាពការណ៍បែបនេះ ជាមួយនឹងវិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញរួចមកហើយនោះ ខ្ញុំសូមរំលឹកលើចំណុចខ្លះៗ៖ ១.ត្រូវអន្តរាគមន៍ជួយបូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋ ដោយមិនត្រូវទុកឲ្យស្រូវខូចនៅតំបន់ដែលមានប្រភពទឹកនោះឡើយ។ ២.កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការ ត្រូវចាត់តាំងកម្លាំងចុះជួយច្រូតកាត់ប្រមូលផលសម្រាប់គ្រួសារដែលខ្វះកម្លាំងពលកម្ម (ចាស់ជរា ស្ត្រីមេម៉ាយជនពិការ គ្រួសារយុទ្ធជន)។ ៣.ស្ថាប័នកសិកម្មត្រូវផ្ដល់ពូជដំណាំដល់ប្រជាកសិករដែលមិនអាចធ្វើស្រែប្រាំងបាន ជំរុញឲ្យពួកគាត់ដាំដុះដំណាំរួមផ្សំវិញ។ ៤.ត្រៀមអន្តរាគមន៍កម្ចាត់សត្វបំផ្លាញដំណាំ និងទប់ស្កាត់ជំងឺសត្វគ្រប់ប្រភេទ។ ៥.ស្ថាប័នហិរញ្ញវត្ថុ និងធនាគារត្រូវធ្វើការជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ ដើម្បីរកវិធីអនុគ្រោះមួយចំនួនជូនប្រជាជនដែលរងគ្រោះ ដូចជាពន្យារពេលសង ឬពន្យារពេលសងដោយមិនយកការប្រាក់ ឬបន្ថយការប្រាក់ ទប់ស្កាត់ការឆ្លៀតឱកាសរឹបអូសដីធ្លី ផ្ទះសម្បែង ទ្រព្យសម្បត្តិ។ល។ ពីសំណាក់ម្ចាស់បំណុល ចំពោះកូនបំណុលដែលកំពុងជួបការលំបាកដោយសារគ្រោះធម្មជាតិ។
សូមរំលឹកថាកន្លងមកសម្តេចតេជោ ហ៊ុន សែន ក៏បានចេញបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធត្រូវអន្តរាគមន៍ជួយបូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋ ដោយមិនត្រូវទុកឲ្យស្រូវខូចនៅតំបន់ដែលមានប្រភពទឹកនោះឡើយ។ យោងតាម របាយការណ៍របស់ក្រសួងកសិកម្មបង្ហាញថាក្នុងចំណោមប្រជាពលរដ្ឋខ្មែរជាង១៥លាននាក់ មានប្រមាណ៨៣ភាគរយ ជាកសិករ ដែលរស់នៅពឹងផ្អែកលើរបរកសិកម្ម។
អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមលោក ចាន់ យុត្ថា បានមានប្រសាសន៍ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្រុមការងារមន្ទីរ និងក្រសួងធនធានទឹក ប្រើប្រាស់ម៉ាស៊ីនខ្នាត តូច មធ្យម និងខ្នាតធំ និងស្ថានីយ តេជោសែន រាប់រយគ្រឿងអន្តរាគមន៍ ប៉ុន្តែទោះជាយ៉ាងនេះក្តីភាពរាំងស្ងួតនៅបន្តកើតមានដោយតំបន់ខ្លះមិនមានប្រភពទឹកតែម្តង។
លោកបន្ថែមថាភាពរាំងស្ងួត គិតមកដល់ពេលនេះបានធ្វើឲ្យតំបន់ខ្លះនៅខេត្តបាត់ដំបង ខ្វះទឹកប្រើប្រាស់តែម្តង ហើយអាជ្ញាធរខេត្តបាត់ដំបង និងមន្ទីរធនធានទឹក បានកំពុងកាយប្រឡាយរាប់គីឡូដើម្បីនាំទឹកទៅកាន់តំបន់នោះ។ ជាមួយគ្នានេះលោកបានអំពាវនាវឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បើមានទឹកហើយ សុំថែរក្សាទឹកទុក ដោយសន្សំសំចៃ ព្រោះថាភាពរាំងស្ងួតដើមរដូវវស្សានឹងមកដល់យឺត ជាងរាល់ឆ្នាំ ដូចអ្វីដែលក្រសួងបានជូនដំណឹង រួចហើយ។
គួររំលឹកថា កាលពីដើមខែតុលា ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវទៅកសិករខិតខំថែរក្សាទឹកទុកក្នុងស្រែ ក្នុងអាង និងក្នុងប្រឡាយ ដើម្បីទុកបង្កបង្កើនផលនូវរដូវវស្សា និងរដូវប្រាំង ដោយលោកអះអាងថាទឹកទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ មានកម្រិតទាបមិនអាចហូរចូលព្រែក ចូលអាងសម្រាប់ធ្វើស្រែប្រដេញទឹក ឬស្រែប្រាំងបានគ្រប់គ្រាន់នោះទេ៕
សម្តេចតេជោអំពាវនាវឲ្យស្ថាប័នធនាគារពន្យារការសង និងមិនយកការប្រាក់ចំពោះកូនបំណុល កំពុងជួបការលំបាកដោយសារគ្រោះធម្មជាតិ
0 Comments