ពោធិ៍សាត់ ៖ គណនេយ្យបារីលុចសារីនៅខេត្តពោធិ៍សាត់ត្រូវបាននគរបាលក្រុងពោធិ៍សាត់ផ្នែកជំនាញព្រហ្មទណ្ឌធ្វើការឃាត់ខ្លួន តាមបណ្ដឹងរបស់ម្ចាស់ក្រុមហ៊ុនបារីលុចសារី ពីបទប្រើល្បិចបោកប្រាស់រៀបចំលួចលុយក្រុមហ៊ុន ហើយទម្លាក់កំហុសថាមានអំពើចោរកម្មចូលលូច។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យគណនេយ្យសាខាបារីលុយសារីនេះបានកើតឡើងកាលពីវេលាម៉ោង៣និង០០នាទីរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងអធិការដ្ឋានក្រុងពោធិ៍សាត់ បន្ទាប់ពីរកឃើញធាតុផ្សំសង្ស័យពាក់ព័ន្ធរៀប អំពើឆបោករួចមក។
បើតាមលោក ឈន រិទ្ធិ អធិការក្រុងពោធិ៍សាត់ឲ្យដឹងថា មានម្ចាស់ក្រុមហ៊ុនបារីលុចសារីម្នាក់ឈ្មោះ ម៉ី សុភាព អាយុ៥២ឆ្នាំ មានទីលំនៅភូមិមហាទេព្យ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បានមកប្ដឹងសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់។ ពីឈ្មោះ គឹម វិសិដ្ឋ អាយុ៣២ឆ្នាំភេទប្រុស ស្នាក់នៅភូមិពាលញែកមួយ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដែលជាគណនេយ្យគ្រប់គ្រងសាខាក្រុមហ៊ុនបារីលុចសារីប្រចាំខេត្តពោធិ៍ ឲ្យសងប្រាក់មកឲ្យលោកស្រីជាម្ចាស់ក្រុមហ៊ុនបារីលុចសារីវិញចំនួន ២៣.៧៥៤ ដុល្លាអាមេរិកទើបសុខចិត្ត ព្រោះតែមេការរូបនេះលូចលុយពីក្រុមហ៊ុនចាយអស់ហើយ រៀបចំប្រឌិតរឿងថា ចោរចូលលុយរបស់ក្រុមហ៊ុននោះអស់។
ជំនាញព្រហ្មទណ្ឌបានប្រាប់ករណីនេះថា ក្រោយពេលទទួលបណ្ដឹងរបស់ម្ចាស់ក្រុមហ៊ុនរួចហើយជនសង្ស័យនោះក៏បានមកប្ដឹងនគរបាលផងដែរថា មានអំពើចោរកម្មកើតឡើង ដោយចោរបានឡើងចូលកាត់សោទូលួចយកលុយអស់ទៅហើយ ដោយប្រមូលភស្តុតាងទាំងនោះទុកឲ្យសមត្ថកិច្ចរួចស្រេច។ ក្រោយពេលសមត្ថកិច្ចជំនាញផ្នែកបច្ចេកទេសវិទ្យាសាស្ត្រនិងផ្នែកព្រហ្មទណ្ឌ ធ្វើការសិក្សាស្រាវជ្រាវពិនិត្យទីតាំងកើតហេតុនោះ វាផ្ទុយគ្នាទាំងស្រុង ហើយមិនមានហេតុផលនៃការបាត់លុយនេះទាក់ទងនិងអំពើចោរកម្មសោះ ទើបធ្វើការអញ្ជើញជនសង្ស័យនេះមកកាន់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ក៏ឃាត់ខ្លួន កសាងសំណុំរឿងតាមនីតិវិធីតែម្ដង។
មន្ត្រីជំនាញដដែលបានបញ្ជាក់ឲ្យដឹងចុងក្រោយ នៅល្ងាចម៉ោង៤និង៣០នាទី ថ្ងៃដដែលថា ជនសង្ស័យមិនឆ្លើយសារភាពថា លុយនោះគេលួចឡើយ តែជនសង្ស័យនេះបាននិយាយថា ខ្លួនគេនិងសងវិញដោយចំនួនណាមួយដែលខ្លួនមានលទ្ធភាព ហើយនិងរកលុយសងបន្តទៀត ព្រោះក្នុងច្បាប់របស់ក្រុមហ៊ុនគណនេយ្យត្រូវទទួលខុសត្រូវលើការបាត់បង់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននេះ។
ដោយឡែកលោកស្រី ម៉ី សុភាព ម្ចាស់ក្រុមហ៊ុនបារីលុចសារីនោះ បានពោលពាក្យចុងក្រោយថា លោកស្រីក៏មិនមានចិត្តសម្រេចតាមច្បាប់នោះដែរប្រសិនជាការពិតនោះតែនេះគឺជាការរៀបចំលួចលុយរបស់ក្រុមហ៊ុន ដូចច្នោះមេការ គឹម វិសិដ្ឋ នេះត្រូវដោះស្រាយចំនួនលុយរបស់ក្រុមហ៊ុននោះទើបអាចរួចខ្លួនវិញ៕
ឃាត់ខ្លួនបុគ្គលិកគណនេយ្យសាខាក្រុមហ៊ុនបារីលុចសារីម្នាក់លួចលុយក្រុមហ៊ុន បង្វែទៅជាចោរគាស់ទូ
0 Comments