Ad Code

រថយន្ត​ទូ​រី​ស​បុក​អ្នក​ជិះ​ម៉ូតូ​ស្មាស់​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​នៅ​នឹង​កន្លែង​

សៀមរាប ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​រថយន្ត​ទូ​រី​ស​បុក​ពេញទំហឹង​ក្នុង​ទិសដៅ​ច្រាសទិស​គ្នា បណ្តាល​ស្លាប់​នៅ​នឹង​កន្លែង​យ៉ាង​អាណោចអាធ័ម រីឯ​អ្នកបើកបរ​និង​អ្នកដំណើរ​បាន​រត់គេច​ខ្លួន​បាត់។


ហេតុការណ៍​នេះ កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០១៥​ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ក្នុងភូមិ​លលៃ​ឃំ​ុ​បាគង​ស្រុក​ប្រាសាទបាគង​។


លោក​វរសេនីយ៍ត្រី ប៉ោះ ចន្ថា អធិការរង​នគរបាល ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់ចរាចរណ៍​នេះ​គឺ​បណ្តាល​មក​ពី​អ្នក​បើកបរ​ទាំងសងខាង​បើក​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​ និង ​បើក​ច្រាសទិស​គ្នា​។ លោក​បន្ត​ថា អ្នក​បើក​ម៉ូតូ​ម៉ាក​ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​សៀមរាប​1H-5012​មានឈ្មោះ​វ៉ូ វ៉ាន់ ​ហៅជ្រូក ​ភេទ​ប្រុស​ អាយុ​៥៧​ឆ្នាំ​ រស់នៅ​ភូមិ​ត្រពាំងរុន សង្កាត់​អំពិល​ ក្រុង​សៀមរាប ​បាន​បើក​ម៉ូតូ​ឆ្លងថ្នល់​ចូល​ទៅ​ផ្លូវ​កូន​ហ្គ្រូ​ល បណ្តាល​ឲ្យ​ប៉ះទង្គិច​និង​រថយន្ត​ទូ​រី​ស ពណ៌​លឿង ពាក់​ស្លាក​លេខ ​ភ្នំពេញ​2AE-0067 ពេល​គ្រោះថ្នាក់​រួច​អ្នកបើកបរ​និង​អ្នកដំណើរ​បាន​គេច​ខ្លួន​បាត់​អស់​ដោយ​បន្សល់ទុក​តែ​រថយន្ត​នៅ​នឹង​កន្លែង​។


លោ​ក​បន្ថែម​ថា បច្ចុប្បន្ន​នេះ​សព​ជនរងគ្រោះ ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី រីឯ​វត្ថុ​តាង​ត្រូវ​បាន​ដឹក​បញ្ជូន​យក​មក​រក្សាទុក​នៅ​អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង​ដើម្បី​រង់ចាំ​ដោះស្រាយ​បន្ត​ទៅ​តាមផ្លូវ​ច្បាប់។


ចំណែក​ពលរដ្ឋ​ និង ​អ្នក​ធ្វើដំណើរ​បាន​និយាយ​ថា ​នៅ​ស្រុក​ប្រាសាទបាគង​ជាពិសេស​នៅ​ម្តុំ​ស្ពាន​រលំ​និង ​ស្ពាន​ក្អែក​នេះ​តែង​តែ​មាន​ករណី​បុក​គ្នា​ជា​ញឹកញាប់​ដោយ​អ្នកខ្លះ​ថា មាន​ជើងកប និង​អ្នកខ្លះ​ថា​ផ្លូវ​ស្ងាត់ ហើយ​ម្នាក់ៗ​តែង​តែ​បើក​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន។


ដូច្នេះ​ដើម្បី​បញ្ចៀស​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តំបន់​នេះ​អ្នកបើកបរ​ទាំងអស់​គប្បី​បង្កើន​ការប្រុងប្រយ័ត្ន៕



រថយន្ត​ទូ​រី​ស​បុក​អ្នក​ជិះ​ម៉ូតូ​ស្មាស់​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​នៅ​នឹង​កន្លែង​

Post a Comment

0 Comments

Close Menu