Ad Code

អាមេរិក​មិន​ធានា​ចំពោះ​បំណុល​អ៊ុយ​ក្រែ​ន ខណៈ​រុស្ស៊ី​នឹង​ប្ដឹងផ្ដល់ ប្រសិនបើ​ក្រុង​គៀវ​មិន​សង​ប្រាក់​នៅ​ចុងខែ​ធ្នូ​

ក្រសួង​ហិរញ្ញវត្ថុ​រុស្ស៊ី​បាន​និយាយថា រុស្ស៊ី​បាន​ប្ដេជ្ញា​ថា នឹងដាក់​បណ្ដឹង​ប្រទេស​អ៊ុយ​ក្រែ​ន ប្រសិនបើ​ក្រុង​គៀវ​មិនបាន​សង​ប្រាក់​បំណុល​របស់ខ្លួន មក​ឲ្យ​ក្រុង​មូ​ស្គូ​នៅ​ថ្ងៃទី ២០ ខែធ្នូ​ទេនោះ និង​បាន​បន្ថែមថា អាមេរិក​បាន​បដិសេធ​ជា​ផ្លូវការ​ថា នឹងមិន​ផ្ដល់​ការធានា​ហិរញ្ញវត្ថុ​សម្រាប់​បំណុល​របស់​អ៊ុយ​ក្រែ​ន​នោះទេ​។​



​ក្រសួង​ហិរញ្ញវត្ថុ​រុស្ស៊ី​បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា នៅ​សប្ដាហ៍​នេះ​យើង​បានទទួល​នូវ​ការបដិសេធ​ជា​ផ្លូវការ​ពី​រដ្ឋាភិបាល​អាមេរិក ក្នុង​ការផ្ដល់​ការធានា​ចំពោះ​កាតព្វកិច្ច​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។ ហេតុដូច្នេះ យើង​មិនមាន​ជម្រើស​ណា​ផ្សេង​ក្រៅពី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ប្រឆាំងនឹង​ប្រទេស​អ៊ុយ​ក្រែ​ន នៅក្នុង​ករណី ដែល​អ្នក​ខ្ចីប្រាក់​នេះ​មិនបាន​បំពេញ​កាតព្វកិច្ច​ឥណទាន​របស់ខ្លួន​ឲ្យ​បាន​ពេញលេញ នៅមុន​ថ្ងៃទី ២០ ខែធ្នូ​នោះទេ​។ ទីភ្នាក់ងារ​ព័ត៌មាន​TASS បាន​រាយការណ៍​ដូច្នេះ​។​

​    ​

​បំណុល​ខ្ពស់បំផុត​របស់​អ៊ុយ​ក្រែ​ន​ចំពោះ​រុស្ស៊ី នៅពេល​បច្ចុប្បន្ន​ឈរ​នៅក្នុង​ចំនួន ៣ ពាន់​លាន​ដុល្លារ​។ បំណុល​នេះ​បាន​កើតមានឡើង ដោយសារ​កិច្ចព្រមព្រៀង​មួយ​រវាង ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន និង​អតីត​ប្រធានាធិបតី អ៊ុយ​ក្រែ​ន លោក វិចទ័រ យ៉ា​នូ​កូ​វិច ដែល​បាន​ចុះហត្ថលេខា​នៅក្នុង​ឆ្នាំ ២០១៣ និង​គិតថា ក្រុង​មូ​ស្គូ​នឹង​ទិញ​មូល​ប​ត្រ​បំណុល​អ៊ុយ​ក្រែ​ន​តម្លៃ ១៥ ពាន់​លាន​ដុល្លារ​។ ប្រទេស​រុស្ស៊ី​បាន​ទិញ​មូល​ប​ត្រ​បំណុល​តម្លៃ ៣ ពាន់​លាន​ដុល្លារ​នៅ​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៣ ហើយ​បំណុល​នេះ​ត្រូវបាន​សន្មត​ថា នឹង​សង​វិញ​នៅ​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៥ ។​

​    ​

​នាយករដ្ឋមន្ដ្រី អ៊ុយ​ក្រែ​ន លោក អា​សេ នី​យ៉ា​ត​សេនី​យុក បាន​និយាយ​ដដែលៗ​ថា អ៊ុយ​ក្រែ​ន​នឹងមិន​សងបំណុល​របស់​ខ្លួន​ទៅ​ឲ្យ​ក្រុង​មូ​ស្គូ​នោះទេ ប្រសិនបើ​គ្មាន​ការរៀបចំ​រចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​ឡើងវិញ​ទេនោះ​។​

​    ​

​នៅក្នុង​កិច្ចប្រជុំ​កំពូល​របស់ G20 នៅ Antalya ប្រទេស​ទួរគី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បានប្រកាស​នូវ​សំណើ​មួយ​ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​បំណុល​របស់​អ៊ុយ​ក្រែ​ន​ឡើងវិញ ដោយ​អនុញ្ញាត​ឲ្យ​អ៊ុយ​ក្រែ​នស​ង​ប្រាក់​វិញ​ចំនួន ១ ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ នៅក្នុង​រយៈពេល ៣ ឆ្នាំ ចាប់ពី​ឆ្នាំ ២០១៦ ដល់​ឆ្នាំ ២០១៨ ប្រសិនបើ​អាមេរិក សហភាព​អឺរ៉ុប ឬក៏​ស្ថាប័ន​អន្ដរជាតិ​ថ្នាក់​ទី ១ នឹង​ផ្ដល់​ការធានា​ចំពោះ​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​    ​

​ប្រទេស​រុស្ស៊ី​បាន​សង្កត់ធ្ងន់​ដដែលៗ​ថា លក្ខខណ្ឌ​ដែល​បានស្នើ​ឡើង​នេះ គឺមាន​លក្ខណៈ​ល្អ​ជាង​លក្ខខណ្ឌ ដែល​បានចែង​ដោយ​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ​(IMF) ​និង​បាន​បន្ថែមថា សេចក្ដីសម្រេច​មួយ​ទាក់ទង​នឹង​សំណើ​នេះ​ត្រូវតែ​បាន​ប្រកាន់យក​ឲ្យ​បាន​ឆាប់ តាម​ដែល​អាចធ្វើ​ទៅបាន​។ យ៉ាងណាក៏ដោយ ក៏​ប្រទេស​រុស្ស៊ី​មិនបាន​ទទួល​នូវ​ចម្លើយ​ផ្លូវការ​ចំពោះ​សំណើ​របស់ខ្លួន​ពី​ក្រុង​គៀវ​នោះទេ​។ អនុ​រដ្ឋមន្ដ្រីក្រសួង​ហិរញ្ញវត្ថុ​រុស្ស៊ី លោក Sergey Storchak បាន​និយាយ​នៅ ថ្ងៃទី ០១ ខែធ្នូ និង​បាន​បន្ថែមថា រុស្ស៊ី​នៅតែមាន​ក្ដី​សង្ឃឹមថា នឹង​ទទួលបាន​ចម្លើយ​មួយ នៅ​ថ្ងៃទី ០៨ ខែធ្នូ​។​

​    ​

​លោក Storchak បាន​ថ្លែង​ដូច្នេះ ហើយ​ត្រូវបាន TASS ដកស្រង់​មក​និយាយថា យើង​មានបំណង​ដើម្បី​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​មួយ នៅមុន​ថ្ងៃទី ០៨ ខែធ្នូ ដោយសារ​នៅ​ថ្ងៃទី ០៨ ខែធ្នូ IMF នឹង​បោះឆ្នោត​ស្ដីអំពី​ការផ្លាស់ប្ដូរ​គោលនយោបាយ​របស់ខ្លួន​៕



អាមេរិក​មិន​ធានា​ចំពោះ​បំណុល​អ៊ុយ​ក្រែ​ន ខណៈ​រុស្ស៊ី​នឹង​ប្ដឹងផ្ដល់ ប្រសិនបើ​ក្រុង​គៀវ​មិន​សង​ប្រាក់​នៅ​ចុងខែ​ធ្នូ​

Post a Comment

0 Comments

Close Menu