ភ្នំពេញ ៖ មាន សូនីតា គឺជាតារាសម្ដែងវ័យក្មេងដែលមានសម្រស់ស្រស់ស្អាតលេចធ្លោពីធម្មជាតិហើយមិនតែប៉ុណ្ណោះនាងក៏ជាតារាស្រីមួយរូប ដែលសកម្មលើកិច្ចការងារសង្គមតាមរយៈការចូលរួមលើកស្ទួយផ្សព្វផ្សាយលក់ផលិតផលកែច្នៃពីក្រមាខ្មែរ ដើម្បីរកថវិកាជួយដល់កុមារកំព្រា និងជនទីទាល់ក្រ នៅតាមទីជនបទដាច់ស្រយាលនានា។
តារាសម្ដែងធ្មេញជំពើសកញ្ញា មាន សូនីតា មួយរយៈចុងក្រោយនេះត្រូវគេដឹងថា នាងមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត និងមានឈ្មោះល្បីក្នុងវិស័យសិល្បៈប៉ុណ្ណោះទេ ថែមទាំងលេចធ្លោលើការងារជួយដល់សង្គមទៀតផង។ យ៉ាងណាមិញថ្មីៗនេះកញ្ញា មាន សូនីតា ក៏ត្រូវបានតែងតាំងធ្វើជាឯកអគ្គរាជទូតតំណាងរោងភាពលេជេនជាផ្លូវការផងដែរ។
កញ្ញា មាន សូនីតា បានសរសេរនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថា រោងកុន legend (លេជេន)ធ្វើឲ្យក្តីសុបិនឡប់ៗរបស់នាងតូចក្លាយជាការពិត។ នាងតូចនោះគឺខ្ញុំ«មាន សូនីតា»។ អរគុណ legend ដែលតែងតែជាស្ថាប័នមុនគេជំរុញវិស័យកុន(ភាពយន្ត)នៅកម្ពុជា។ អរគុណ legend ដែលជឿទុកចិត្តលើនាងខ្ញុំ ផ្តល់ភារកិច្ចធំមួយគឺជាអគ្គរាជទូតលេជេន។ យើងនឹងដើរទៅមុខ ជាមួយគ្នាជាមួយគម្រោងគាំទ្រវិស័យភាពយន្តនៅកម្ពុជា និងអ្វីៗផ្សេងៗទៀតសម្រាប់អតិថិជន legend ដែលបានដើរជាមួយគ្នារហូតតាំងតែពីថ្ងៃទីមួយ។
តាំងនាមឲ្យ legend និងរូបនាងខ្ញុំផ្ទាល់សូមអរគុណដល់បងប្អូនមិត្តៗយុវវ័យដែលតែងតែគាំទ្រlegend និងរូបនាងខ្ញុំ។ សូមបន្តជឿជាក់លើពួកយើងខ្ញុំ។ យើងកំពុងតែធ្វើអ្វីម្យ៉ាងសម្រាប់កម្ពុជាហើយ។ នេះជាពាក្យសម្តីបញ្ជាក់របស់តារាសម្ដែងស្រីកញ្ញា មាន សូនីតា។
ប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥កញ្ញា មាន សូនីតា បានបញ្ជាក់បន្ថែមថា ចាស បង! ខ្ញុំពិតជាត្រូវបានជ្រើសតាំងជាឯកអគ្គរាជទូតតំណាងរោងភាពលេជេនជាផ្លូវការមែន ដែលពិធីកិច្ចព្រមព្រៀងសហការគ្នាមានរយៈពេល១ឆ្នាំ ហើយត្រូវបានរៀបចំឡើងកាលពីល្ងាច ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥កន្លងមកនេះ។
តារាសម្ដែងកញ្ញា មាន សូនីតា បានបង្ហាញអារម្មណ៍ថា ខ្ញុំសប្បាយចិត្តខ្លាំងណាស់ព្រោះគិតថា ជាមនុស្សទីមួយ និងដំបូង ដែលត្រូវបានគេមើលឃើញពីសមត្ថភាព និងបានធ្វើការងារនេះរយៈពេល១ឆ្នាំជាមួយគ្នា ដើម្បីចូលរួមលើកស្ទួយវិស័យសិល្បៈនៅកម្ពុជា។ ខ្ញុំសង្ឃឹមថា ដំណើរការរួមគ្នារវាងខ្ញុំ និងភាគីរោងភាពយន្តលេជេនដើរទៅមុខដោយភាពជោគជ័យសម្រាប់ការងារមួយនេះ៕
មាន សូនីតា ត្រូវតែងតាំងជាឯកអគ្គរាជទូតតំណាងឲ្យរោងភាពយន្តលេជេន
0 Comments