ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអូស្ត្រាលីនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងស្វែងរកនៅក្នុងតំបន់មួយ ដែលពួកគេជឿថា មានក្តីសង្ឃឹមល្អបំផុតនៃការស្វែងរកយន្តហោះម៉ាឡេស៊ីដែលបានបាត់ខ្លួនកាលពីឆ្នាំមុន ជាការបាត់ខ្លួនមួយដ៏ចម្លែកបំផុតក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍។
រហូតមកទល់ពេលនេះការស្វែងរកនៅក្រោមទឹកដឹកនាំដោយប្រទេសអូស្ត្រាលី ដែលចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ គឺមិនបានរកឃើញដាននៃជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដែលបានបាត់ខ្លួនជាមួយអ្នកដំណើរ និងអាកាសយានិកចំនួន ២៣៩ នាក់ក្នុងអំឡុងពេលហោះហើរពីទីក្រុងកូឡាឡាំពួរ ទៅកាន់ទីក្រុងប៉េកាំងក្នុងខែ មីនា ឆ្នាំ២០១៤ នោះទេ។
ឧបនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Warren Truss បានថ្លែងថា ចំនួននាវានៃការស្វែងរកយន្តហោះនេះនឹងត្រូវបង្កើនទ្វេដងដល់ទៅបួនគ្រឿង។ នាវាមួយគ្រឿងក្នុងចំណោមនាវាទាំងនេះនឹងត្រូវបានផ្ដល់ដោយប្រទេសចិន។
មកទល់ពេលនេះ ការស្វែងរកបានផ្ដោតលើផ្ទៃដី ១២០.០០០ គីឡូម៉ែត្រការេនៃបាតសមុទ្រក្នុងភាគខាងត្បូងមហាសមុទ្រឥណ្ឌាដាច់ស្រយាល ដែលជាកន្លែងយន្តហោះនេះត្រូវបានគេជឿថា បានធ្លាក់ចុះ។
លោក Truss ដែលអមដោយក្រុមមន្ត្រីមកពីការិយាល័យសុវត្ថិភាពដឹកជញ្ជូនរបស់អូស្ត្រាលី (ATSB) និងក្រសួងការពារជាតិបានកំណត់តំបន់មួយនៅចុងភាគខាងត្បូង ដែលក្រុមស្វែងរកជឿថា ជាកន្លែងដែលនៅសេសសល់ដ៏ស័ក្តិសមក្នុងការរកឃើញកម្ទេចកម្ទីបាក់បែក។
ជាមួយគ្នានោះដែរ ជំនួយការរដ្ឋមន្ត្រីការពារជាតិលោក Darren Chester បានថ្លែងក្នុងសន្និសីទកាសែតមួយនៅទីក្រុងកង់បេរ៉ាថា “យើងមានទំនុកចិត្តខ្ពស់ថា យើងកំពុងស្វែងរកនៅក្នុងតំបន់ត្រឹមត្រូវ”។
គួររំលឹកឡើងវិញថា បំណែកមួយរបស់យន្តហោះនេះត្រូវបានគេប្រទះឃើញអណ្ដែតឡើង នៅកោះ Reunion របស់បារាំងក្នុងខែកក្កដា ដែលជាភស្តុតាងដោយផ្ទាល់លើកដំបូង ដែលថា យន្តហោះនេះបានធ្លាក់ចូលទៅក្នុងសមុទ្រ។ ទោះបីជាយ៉ាងណាក៏ដោយ គ្មានដានបន្ថែមទៀតត្រូវបានគេរកឃើញនោះទេ៕
Reuters
អូស្ត្រាលីបង្កើនការស្វែងរកយន្តហោះ MH370 ដោយមានទំនុកចិត្តលើតំបន់ស្វែងរក
0 Comments