Ad Code

ឃាត់ខ្លួន​ជន​ដែល​ជំនាញ​បង្ហើប​ឃ្លុប​កែបម៉ូតូ ដើម្បី​លួច​លុយ​

បាត់ដំបង ៖ ជនសង្ស័យ​ចំនួន​ពីរ​នាក់ ដែល​មាន​ជំនាញ​ខាង​បង្ហើប​ឃ្លុប​កែបម៉ូតូ​លួច​លុយ​ និង​សម្ភារៈ​ផ្សេងៗ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​មោងឬស្សី ឃាត់ខ្លួន​បាន​បន្ទាប់ពី​ជន​ទាំងពីរ​នាក់​នេះ​បាន​ធ្វើ​សកម្មភាព​បង្ហើប​កែបម៉ូតូ​លួច​លុយ​អស់​ជិត​២​លាន​រៀល ខណៈ​ដែល​ម្ចាស់​លុយ​រវល់​លាង​ទឹក​ឲ្យ​ជ្រូក​មួយ​ភ្លែត​ប៉ុណ្ណោះ។​


ការ​ឃាត់​ខ្លួន​នេះ​គឺ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៥ ត្រង់​ចំណុច​ស្តង់​សត្តឃាត​មួយ​កន្លែង ​ស្ថិត​ក្នុង​ភូមិ​ពោធិ​២ ឃុំ​គារ ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​មោងឬស្សី ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ហម ភ័​ណ្ឌ មេបញ្ជាការ​រង។


គួរ​បញ្ជាក់​ដែរ​ថា ក្រោយពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​ឈ្មោះ រឿន ចន្ថា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​រាម​គន់ ឃុំ​គារ ស្រុក​មោងឬស្សី បាន​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​២​និង​២៥​នាទី លោក​បាន​ទុក​លុយ​នៅ​ក្នុង​ឃ្លុប​កែបម៉ូតូ​ចំនួន​១.៨៦០.០០០​រៀល ហើយ​បាន​ចត​ម៉ូតូ​ចោល​នៅ​ខាង​មុខ​ស្តង់​កាប់​ជ្រូក​នោះ ដោយ​លោក​រវល់​ចូល​ទៅ​លាង​ទឹក​ឲ្យ​ជ្រូក​មួយ​ភ្លែត ពេល​ត្រឡប់មកវិញ​ក៏​ស្រាប់តែ​បាត់​លុយ​នោះ​អស់រលីង​តែម្ដង។ មិនបាន​ប៉ុន្មាន​ម៉ោង​ផង ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ ព្រមទាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ពីរ​នាក់ ដោយ​ទី​១​-ឈ្មោះ រី ចាន់​រ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ រស់នៅ​ភូមិ​តា​តុ​ក​១ ឃុំ​មោង មុខរបរ​ធ្វើស្រែ និង​ទី​២​-ឈ្មោះ សល់ សុភ័ក្ត្រ ហៅ​ចិន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​បឹង​ទឹម ឃុំ​តា​ប៉ុន មុខរបរ​ធ្វើស្រែ​ដូចគ្នា។​


នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​ពីរ​បាន​សារភាព​ថា ពួកគេ​ពិតជា​បាន​បង្ហើប​ឃ្លុប​កែបម៉ូតូ ដើម្បី​លួច​យក​លុយ​នោះ​ពិតប្រាកដ​មែន ដូច្នេះ​បច្ចុប្បន្ន​សមត្ថកិច្ច​ នៃ​កងរាជអាវុធហត្ថ​ស្រុក​មោងឬស្សី កំពុង​រៀបចំ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជន​ទាំងពីរ​នាក់​នេះ​ទៅតាម​ផ្លូវច្បាប់​ហើយ៕




ឃាត់ខ្លួន​ជន​ដែល​ជំនាញ​បង្ហើប​ឃ្លុប​កែបម៉ូតូ ដើម្បី​លួច​លុយ​

Post a Comment

0 Comments

Close Menu