ភ្នំពេញ ៖ ក្នុងជំនួបសម្ដែងការគួរសមរវាងគណៈប្រតិភូទីក្រុងហាណូយប្រទេសវៀតណាម និងថ្នាក់ ដឹកនាំសាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៣ ខែធ្នូនេះ លោក Bui Anh Duc អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ នៃរដ្ឋធានីហាណូយ ប្រទេសវៀតណាមបានមានប្រសាសន៍ថា រាជធានីភ្នំពេញមានការអភិវឌ្ឍន៍យ៉ាងខ្លាំងគួរឲ្យកត់ស្គាល់ ខណៈដែលទីក្រុងនេះបាន កសាងឡើងវិញចេញពីចំណុចសូន្យក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩។
លោក អៈ អាងនេះជាការរីកចម្រើនយ៉ាងឆាប់រហ័សនេះដោយសារតែថ្នាក់ដឹកនាំមានឆន្ទៈមោះមុតក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ត្រឹមត្រូវ។ ការលើកឡើងដូច្នេះ ដោយសារតែបច្ចុប្បន្នរាជធានីភ្នំពេញមានសំណង់អគារខ្ពស់រីកដុះដាស ប្រព័ន្ធផ្លូវថ្នល់ធំទូលាយ រួមទាំងស្ពានអាកាសដើម្បីរំដោះការកកស្ទះចរាចរណ៍។ ក្រៅ ពីនេះមានការកែលំអសោភណ្ឌភាពបរិស្ថាននៅតាមសួនច្បារសាធារណៈនិងតំបន់រមណីយដ្ឋានក្នុងគោលដៅបង្អួតភ្ញៀវទេសចរណ៍ផងដែរ។
លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានបញ្ជាក់ថា ទោះបីរាជធានីភ្នំពេញមាន សន្ទុះនៃការអភិវឌ្ឍន៍យ៉ាងលឿនក៏ដោយ ប៉ុន្តែបញ្ហាប្រឈមនៅតែកើតមាន ដូចជាបញ្ហាកក់ ស្ទះចរាចរណ៍ បញ្ហាសំរាម ការជនលិចដោយទឹកភ្លៀងនៅរដូវវស្សា និងការអភិវឌ្ឍពុំទាន់មាន តុល្យភាពគ្នារវាងអ្នករស់នៅក្នុងក្រុងនិងតំបន់ជាយក្រុង។ លោកបន្តថា បញ្ហាធំៗចម្បងទាំងនេះ ត្រូវបានអាជ្ញាធរក្រុងកំណត់ជាផែនការអាទិភាពកំពុងពន្លឿនការដោះស្រាយ ដើម្បីធានា ឲ្យប្រជាពលរដ្ឋរស់នៅកាន់តែងាយស្រួល និងមានផាសុកភាពមិនបារម្ភពីបញ្ហាសន្តិសុខ និងសណ្ដាប់ធ្នាប់ក្នុងរាជធានី។
យ៉ាងណាក៏ដោយប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានអះអាងថា ការរីកចម្រើនរបស់រាជធានី ភ្នំពេញបានរហូតមកដល់សព្វថ្ងៃនេះ គឺមិនអាចកាត់ផ្តាច់ពីចំណងមិត្តភាពរបស់រដ្ឋាភិបាល វៀតណាមដែលបានផ្តល់អ្នកជំនាញការមកជួយអភិវឌ្ឍន៍កម្ពុជា រួមជាមួយនឹងការភ្ជាប់ទំនាក់ទំនងជាទីក្រុងសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ និងរដ្ឋធានីហាណូយបានឡើយ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះរាជធានីភ្នំពេញបានពង្រីកផ្ទៃដីមានទំហំជាង៦00គីឡូម៉ែត្រក្រឡា បែងជា១២ខណ្ឌ ៩៦សង្កាត់ និងមានប្រជាពលរដ្ឋរស់នៅសរុបជិត៣លាននាក់ ក្នុងនោះជាង ២លាននាក់ ជាអ្នករស់នៅអចិន្ត្រៃយ៍៕
រាជធានីភ្នំពេញ កំពុងមានសន្ទុះ នៃការអភិវឌ្ឍន៍យ៉ាង លឿនរួមជាមួយសន្តិសុខនយោបាយល្អ




0 Comments