Ad Code

កម្ពុជា​ត្រូវការ​បង្គន់​អនាម័យ​ជាង​៥​ម៉ឺន​ទៀត​ សម្រាប់​ថ្នាក់​បឋមសិក្សា​ នៅ​ទូទាំង​ប្រទេស​

ភ្នំពេញ ៖ អ្នកស្រី អេ​រី​កា បូក (Erika Boak) ប្រធាន​ផ្នែក​អប់រំ​នៃ​អង្គការ​យូ​នី​សេ​ហ្វ​បាន​ឲ្យ​ដឹង​ថា​ កម្ពុជា​ត្រូវការ​សាងសង់​បង្គន់​អនាម័យ​ចំនួន​៥៥៦០០​ទៀត​នៅ​កម្រិត​បឋមសិក្សា​នៅ​ទូទាំង​ប្រទេស ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​សមរម្យ របស់​កុមារា និង​កុមារី។


អ្នកស្រី អេ​រី​កា បូក បាន​បន្តថា ការខិតខំ​ប្រឹងប្រែង​ក្នុងការ​សាងសង់​បង្គន់​អនាម័យ​នៅ​ថ្នាក់បឋម​សិក្សា​នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ បាន​នាំ​ឲ្យ​មាន​លទ្ធផល​ជា​វិជ្ជមាន​។ ប៉ុន្តែ​ថា​ចំនួន​បង្គន់​ទាំងនោះ​នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ។


ការ​លើកឡើង​របស់​ប្រធាន​ផ្នែក​អប់រំ​នៃ​អង្គការ​យូ​នី​សេ​ហ្វ​ខណៈពេលដែល​បាន​អញ្ជើញ​ចូលរួម​ទិវា​ពិភពលោក​ស្តីពី «​ការ​លាង​សម្អាត​ដៃ និង​អនាម័យ​នៅតាម​គ្រឹះស្ថានសិក្សា​»​កាលពី​ថ្ងៃទី​២២​ខែធ្នូ​ឆ្នាំ​២០១៥​នៅ​សាលាបឋមសិក្សា​ចៅពញា​ហុក ក្នុង​ខណ្ឌចំការមន​ដែល​រៀបចំឡើង​រួមគ្នា​ដោយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​អង្គការ​យូ​នី​សេ​ហ្វ ។


យុទ្ធនា​ការជំរុញ​អនាម័យ​នៅ​ថ្នាក់បឋមសិក្សា​នេះ ត្រូវ​បានរៀបចំ​ធ្វើឡើង​ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​ចូល​រួម​កាត់បន្ថយ​អត្រា មរណភាព​កុមារ​ផង និង​ការលើកស្ទួយ​គុណភាព​អប់រំ​កម្រិត​បឋមសិក្សា​ផង​។


លោកស្រី គឹម សេដ្ឋា​នី រដ្ឋលេខាធិការ​ក្រសួង​អប់រំ​បាន​ថ្លែង​នៅក្នុង​ពិធី​នៃ​ទិវា​ពិភពលោក ស្តីពី​ការលាង​សម្អាត​ដៃ នោះ ដោយ​ទទួលស្គាល់ថា កង្វះ​អនាម័យ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការលូតលាស់ របស់​កុមារ​។ លោកស្រី​បញ្ជាក់ថា​« កង្វះ​អនាម័យ​បង្ក​ឲ្យ​ឆ្លង​ដង្កូវ​ព្រូន និង​ធ្វើ​ឲ្យ​កុមារ​មាន​ភាពស្លេកស្លាំង ឈានទៅ​កង្វះ​អាហារូបត្ថម្ភ ប្រឈម​នឹង​ភាព​ក្រិន និង​មាន​ផលប៉ះពាល់​ដល់​ការរីកលូតលាស់​របស់​កុមារ ទាំង​ផ្នែក​រាងកាយ និង​ស្មារតី ដោយសារ​ជំងឺ​រាគរូស ជំងឺ​ផ្លូវដង្ហើម​ស្រួចស្រាវ ជំងឺ​ក្រិន និង​ជំងឺភ្នែកក្រហម​ជាដើម​»។


ការ​មិនមាន​បង្គន់​អនាម័យ​នៅក្នុង​គ្រឹះស្ថាន​បឋមសិក្សា រឹតតែ​បង្ក​ឲ្យ​សិស្សានុសិស្ស​តូចៗ​ប្រឈម​នឹង​ភាពខ្វះ​អនាម័យ​កាន់តែច្រើន​។​បើ មាន​បង្គន់​អនាម័យ​នៅតាម​គ្រឹះស្ថានសិក្សា នឹង​ជួយ​ការពារ​កុមារ​ពី​ភាពខ្វះ​អនាម័យ​។ បច្ចុប្បន្ននេះ កង្វះ​បង្គន់​អនាម័យ​ក៏​ជា​ឧបសគ្គ​មួយ ក្នុង​ការងារពង្រឹង​គុណ​ភាព​អប់រំ​ថ្នាក់​បឋមសិក្សា​នៅ​កម្ពុជា​ដែរ។


អ្នកស្រី អេ​រី​កា ប្រធាន​ផ្នែក​អប់រំ​នៃ​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់ថា នៅពេលដែល​ស្តង់ដារ​ថ្នាក់ជាតិ​របស់​កម្ពុជា បានកំណត់​ឲ្យ​កុមារា​ថ្នាក់បឋមសិក្សា​ប្រហែល​៥០​នាក់ ត្រូវ​ប្រើប្រាស់​បង្គន់​មួយ និង​កុមារី​ប្រហែល​៣៣​នាក់​ត្រូវ​បង្គន់​មួយ​នោះ ស្ថានភាព​បច្ចុប្បន្ន​បង្ហា​ញ​ថា មាន​កុមារា​រហូតដល់​១៧៣​នាក់ និង​កុមារី​រហូត​១៥៧​នាក់ បាន​ប្រើប្រាស់​បង្គន់​មួយ​។​អ្នកស្រី​បាន​បន្ថែមថា «​ដូច្នេះ​តួលេខ​នេះ​បញ្ជាក់ថា កម្ពុជា​នៅ​ត្រូវការ​សាងសង់​បង្គន់​អនាម័យ​ចំនួន​៥៥៦០០​ទៀត នៅ​កម្រិត​បឋមសិក្សា​នៅ​ទូទាំងប្រទេស ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​សមរម្យ របស់​កុមារា និង​កុមារី​»​។

គួរ​បញ្ជាក់ថា កង្វះខាត​បង្គន់​អនាម័យ​នៅតាម​សាលាបឋមសិក្សា​នៅ​ប្រទេស​កម្ពុជា​មិនមែន​កើត​ឡើង​ដោយសារតែ ការ​មិនបាន​សាងសង់​ប៉ុណ្ណោះ​ទេ​។ ប៉ុន្តែ​នៅតាម​សាលា​ខ្លះ​ដែលមាន​បង្គន់​អនាម័យ​ហើយ បែរជា​ខ្វះ​ការថែទាំ ហើយក៏​ត្រូវ​បិទទ្វារ​ទុកចោល​មិន​ប្រើប្រាស់​ក៏មានដែរ៕
Nita-23-A-45-Full


Nita-23-A-46-Full



កម្ពុជា​ត្រូវការ​បង្គន់​អនាម័យ​ជាង​៥​ម៉ឺន​ទៀត​ សម្រាប់​ថ្នាក់​បឋមសិក្សា​ នៅ​ទូទាំង​ប្រទេស​

Post a Comment

0 Comments

Close Menu