ព្រះវិហារ ៖ តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា សមត្ថកិច្ចប៉េអិមស្រុកជាំក្សាន្តចុះបង្ក្រាបទីតាំងជួញដូរ និងសេពគ្រឿងញៀន១កន្លែង ក្នុងនោះឃាត់ខ្លួនជនសង្ស័យប្រុស/ស្រីចំនួន៤នាក់ និងដកហូតបានថ្នាំញៀនមួយចំនួន និងឧបករណ៍សេពគ្រឿងញៀនខ្លះទៀតកាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់រួមមាន ទី១-ឈ្មោះ ឃុន រុំ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដទីឈ្មោះតេងផាត់ភេទប្រុសអាយុ៥០ឆ្នាំ មុខរបរកសិករ។
ទី៣-ឈ្មោះ ចាន់ ទ្បាយ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៤-ឈ្មោះ ចែមសុវណ្ណ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ គឺជនសង្ស័យទាំង៤នាក់ រស់នៅភូមិឈើទាលគង ឃុំស្រុកជាំក្សាន្តដូចគ្នា។
សមត្ថកិច្ចបញ្ជាក់ថា គ្រឿងញៀនដែលត្រូវបានដកហូតរួមមានម៉ាទឹកកកចំនួន០២កញ្ចប់តូចនិង០១កញ្ចប់ធំ,ថ្នាំWY ពណ៌ផ្កាឈូកចំនួន១គ្រាប់,ដែកកេះចំនួន១៥,ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១ និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។
ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកំពុងស៊ើបសួរចម្លើយនៅថ្ងៃទី១១ធ្នូនេះ នឹងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្តដើម្បីវិនិច្ឆ័យទោសទៅតាមផ្លូវច្បាប់។
គួរបញ្ជាក់ថា ប្រភពគ្រឿងញៀនអាចសង្ស័យហូរចូលឆ្លងដែនខ្លាំងបំផុតមកពីច្រកព្រំដែនទឹកកម្ពុជា-ឡាវ ត្រង់ច្រកទន្លេល្ពៅចំណុចកំពង់ស្រទ្បៅ ស្រុកឆែប ខេត្តព្រះវិហារ និងស្រុកមឿងខូងខេត្តចំប៉ាសាក់ ប្រទេសឡាវ ស្របពេលអាជ្ញាធរមានសមត្ថកិច្ចខាងកម្ពុជានៅមានភាពធូររលុងនៅឡើយក្នុងការគ្រប់គ្រងច្រកទ្វារដ៏សំខាន់មួយនេះ។
សូមរំលឹកថា កាលពីដើមឆ្នាំ២០១៥ លោក ដាំ យិន អធិការនគរបាលស្រុកជាំក្សាន្តត្រូវបានអគ្គស្នងការរងនគរបាលជាតិមួយរូបព្រមានជាសាធារណៈក្នុងពេលប្រារព្ធពិធីដ៏ធំមួយ ព្រោះតែអធិការម្នាក់នេះអសមត្ថភាពឃើញសាច់គោធំជាងសាច់ការ មិនបានយកចិត្តទុកដាក់ចុះបង្ក្រាប និងទប់ស្កាត់ការជួញដូរគ្រឿងញៀននៅតាមរដ្ឋបាលមូលដ្ឋានដែលខ្លួនគ្រប់គ្រងនោះទេ៕
ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធការជួញដូរគ្រឿងញៀនក្បែរតំបន់ព្រំដែនប្រាសាទព្រះវិហារ
0 Comments