ភ្នំពេញ ៖ កម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះទទួលការរៀបចំការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ីលើកទី១៩ឆ្នាំ២០១៥ នៅរាជធានីភ្នំពេញ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៧ ដល់ ថ្ងៃទី១៩ ខែធ្នូ ខាងមុខនេះ។
លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ក្នុងសន្និសីទកាសែតកាលពីល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ នៅពហុកីឡដ្ឋានជាតិ ដោយបញ្ជាក់ថា ដោយសារយើងមានពិសោធន៍ធ្វើម្ចាស់ផ្ទះការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីនេះម្តងរួចហើយ កាលពីក្នុងឆ្នាំ២០០១នៅក្រុងតាខ្មៅ ខេត្តកណ្តាល និងការរៀបចំការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ឆ្នាំ២០១៥ នៅរាជធានីភ្នំពេញ កាលពីដើមខែមេសាកន្លងមកនោះ អ្វីៗបានដំណើរការទៅបានល្អសម្រាប់ការត្រៀមធ្វើផ្ទះនេះ។
លោកប៊ូ ជុំសេរី បានឲ្យដឹងទៀតថា មកទល់ពេលនេះបើគិតទាំងកម្ពុជាដែលជា ម្ចាស់ផ្ទះផងនោះ មានប្រទេសចំនួន ១០ហើយ ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយបើគិតពីចំនួនមនុស្សទាំងប្រតិភូ និងកីឡាករគឺមានមានចំនួន១៦៥នាក់។ ប្រទេសទាំង១០នោះ មានកម្ពុជា ឡាវ វៀតណាម ថៃ ម៉ាឡេស៊ី ប្រ៊ុយណេ តៃប៉ិ ឥណ្ឌូណេស៊ី សឹង្ហបូរី ជប៉ុន។ លោកបន្តថា ប្រទេសឥណ្ឌា និងម៉ុងហ្គោលី ក៏បានបញ្ជាក់ពីការចូលរួមដែរ តែប្រទេសទាំង ២ នេះមិនទាន់ផ្ញើឯកសារឲ្យបានគ្រប់គ្រាន់មកនៅឡើយទេ ក្នុងខណៈដែលកាលបរិច្ឆេទបិទបញ្ចប់បាននាថ្ងៃទី០៥ ខែធ្នូកន្លងហួសទៅហើយ។
យ៉ាងណាលោក ប៊ូ ជុំសេរី បញ្ជាក់ថា ១០ប្រទេសដែលលើកឡើងខាងលើគឺអាចជាផ្លូវការហើយ។
ក្នុងចំណោម១០ប្រទេស ដែលបញ្ជាក់ពីការចូលរួមនេះមានកីឡាករ-កីឡាការិនីចំនួន ជាង ១២០នាក់ ដោយឡែកកម្ពុជាមាន មានកីឡាករ-កីឡាការិនីចូលរួមចំនួន២៤នាក់ គឺនារី ២ក្រុម បុរស ២ ក្រុម និង យុវជន ២ក្រុមដែលមួយក្រុមៗមាន ៤នាក់។
លោក អ៊ិន គឹមស្រ៊ុន ដែលជាអគ្គលេខាធិការសហព័ន្ធបានលើកឡើងថា ការដែលទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីនេះ វាជាមោទនភាពរបស់កម្ពុជា វាបានបង្ហាញពីកម្រិតសមត្ថភាពនៃកីឡាប៉េតង់កម្ពុជាដល់អន្តរជាតិ។ ទាក់ទិននឹងប្រទេសដែលមិនបានមកចូលរួមនោះ អាចថា វាពាក់ព័ន្ធទៅនឹងបញ្ហាកម្រិតសមត្ថភាពនេះឯង ដើម្បីកុំឲ្យខាតបង់សោហ៊ុយ និងពេលវេលាក្នុងការចូលរួម។ តែយ៉ាងណាលោកបញ្ជាក់ថា ការរៀបចំប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីនេះ ប្រទេសចូលរួមមិនហួសពីរង្វង់១០ទៅ១២ប្រទេសនោះឡើយ។
លោក សូម៉ៃ សុខគា អគ្គលេខាធិការរងសហព័ន្ធកីឡាប៉េតង់និងប៊ូលបានបញ្ជាក់ឲ្យដឹងថា កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះគឺមានសិទ្ធិដាក់កីឡាករលេង ២ ក្រុម ឯ ថៃដែលជាម្ចាស់មេដាយមាសកាលពីការប្រកួតលើកទី១៨នៅឡាវនោះ ក៏មានសិទ្ធិដាក់ឲ្យចូលរួមប្រកួតចំនួន ២ ក្រុមដែរ។ លោកបានធ្វើការកត់សំគាល់ថា ប្រទេសដែលអាចជាឧបសគ្គសម្រាប់កម្ពុជានោះមានថៃ ឡាវ វៀតណាម។
លោកនិយាយថា គ្រូបង្វឹកទាំងបុរស-នារី យុវជនព្រមទាំងកីឡាករ-កីឡាការិនីបានស្ថិតនៅលើទីលានមួយថ្ងៃ ២ ពេលជាប្រចាំ។ លោកអគ្គលេខាធិការរងបន្តថា ការប្រកួតចាប់ផ្ដើមពីថ្ងៃទី១៧ ដល់ ១៩ខែធ្នូ នៅទីលានប្រកួតប៉េតង់ក្នុងកីឡដ្ឋានជាតិអូឡាំពិក។
លោក សូម៉ៃ សុខគា បញ្ជាក់ទៀតថា គ្រូបង្វឹកទាំងអស់ ទាំងគ្រូបង្វឹកបុរស-នារី យុវជនព្រមទាំងកីឡាករ-កីឡាការិនី បានស្ថិតនៅលើទីលានមួយថ្ងៃ ២ ពេលជាប្រចាំ។
គួរបញ្ជាក់ថា ការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីទី ១៨ ដែលប្រទេសឡាវធ្វើជាម្ចាស់នោះ មានប្រទេសចំនួន១២ចូលរួម ក្នុងនោះកម្ពុជាយើងដណ្ដើមបានមេដាយចំនួន ៥ គ្រឿង គឺមេដាយមាស ៤ គ្រឿង និងប្រាក់ ១ គ្រឿង ក្នុងពេលដែលមេដាយមាសក្នុងព្រឹត្តិការណ៍នេះមានចំនួន៦ គ្រឿង ហើយកម្ពុជាយកបាន៤នោះ៕
ក្រសួងអប់រំ ប្រកាសពីប្រទេសចូលរួមប្រកួតជើងឯកប៉េតង់អាស៊ីនៅកម្ពុជា


0 Comments