បន្ទាយមានជ័យ ៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥កម្លាំងនគរបាលស្រុកមង្គលបូរីមួយក្រុមបានធ្វើការចុះបង្ក្រាបទីតាំងបើក internetមួយកន្លែង ដែលមាន យីហោ ចាន់ ណែត ស្ថិតក្នុងភូមិចំការតាដោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី ស៊ី ឌី អធិការនគរបាលស្រុកមង្គលបូរីបានឲ្យដឹងថា បន្ទាប់ពីអាណាព្យាបាលសិស្សនៅក្នុងតំបន់នោះបានប្ដឹងទៅសមត្ថកិច្ចជុំវិញកូនៗរបស់ខ្លួនគេចពីសាលាចូលលេងinternetយ៉ាងអានាធិបតេយ្យមិនព្រមចូលរៀនសោះ ជាហេតុធ្វើឲ្យមានការព្រួយបារម្ភរបស់អាណាព្យាបាលសិស្សទៅលើការប៉ះពាល់ដល់ការរៀនសូត្ររបស់កូនគាត់ នាំគ្នាគេចពីសាលាទៅចូលលេងហ្គេមនៅទីតាំង internetនេះ។
លោក ស៊ី ឌី បានបញ្ជាក់ទៀតថា ក្នុងនោះដែរសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនម្ចាស់បើក internet បានម្នាក់ឈ្មោះ លួស សុខចាន់ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ក្រោយពីឃាត់ខ្លួនរួចក៏បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្ដទៅតាមផ្លូវច្បាប់ និងឃាត់សិស្សតូចៗបាន១០នាក់ទៀត ដើម្បីយកមកអប់រំ ហើយបានហៅអាណាព្យាបាលឲ្យមកទទួលយកទៅអប់រំបន្ថែមទៀតផង។
លោក ម៉ុល សុភេទ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងថា ទីតាំងបើកហ្គេមខាងលើនេះសមត្ថកិច្ចបានចុះទៅអប់រំ និងឲ្យម្ចាស់ធ្វើកិច្ចសន្យាម្ដងរួចមកហើយ ឲ្យបញ្ឈប់កុំឲ្យសិស្សតូចៗចូលលេងហ្គេមតទៅទៀត ក៏ប៉ុន្ដែម្ចាស់ទីតាំងនោះមិនអនុវត្ដតាមនៅតែបន្តសកម្មភាពលួចឲ្យសិស្សតូចៗចូលលេងហ្គេមដដែលបង្កឲ្យប៉ះពាល់ការសិក្សារបស់សិស្សដល់សិស្សយ៉ាងខ្លាំង ទើបសមត្ថកិច្ចចុះបង្ក្រាបតែម្តង៕
នគរបាលស្រុកមង្គលបូរីបង្ក្រាបទីតាំង Internet ក្បែរសាលារៀន ដែលពង្វក់សិស្សឲ្យគេចសាលា
0 Comments