ប្រដាល់ ៖ អ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជា២រូប គឺពេជ្រ សីហា សមាគមកីឡាក្រសួងការពារជាតិ និងផង់ សុភាព ក្លិបរាជសីហ៍ខេត្តរតនគិរី ត្រូវជួបប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិជាមួយអ្នកប្រដាល់ថៃ នាល្ងាចថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ឆ្នាំ២០១៥នេះ នៅលើសង្វៀនបាយ័នបឹងស្នោ។
អ្នកប្រដាល់ ពេជ្រ សីហា ជើងខ្លាំងរបស់កម្ពុជាដែលមានបទពិសោធន៍ជោកជាំជាមួយប្រដាល់នោះ នឹងជួបជាមួយអ្នកប្រដាល់ថៃឈ្មោះRarueng Lukchapachai ដោយប្រកួតក្នុងទម្ងន់៦៩គីឡូក្រាម។ ពីរនាក់នេះធ្លាប់ជួបគ្នាម្តងហើយកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៥ ដែលក្នុងការជួបគ្នានោះ ពួកគេទាំងពីរប្រកួតស្មើពិន្ទុគ្នា។
Rarueng Lukchapachai អ្នកប្រដាល់ថៃរូបនេះ ធ្លាប់មកប្រកួតនៅកម្ពុជាច្រើនលើកហើយ ដោយវាយឈ្នះជើងខ្លាំងកម្ពុជាជាច្រើននាក់ តែចុងក្រោយគេបាក់អំនួតក្រោមកណ្ដាប់ដៃកែវ រំចង់ និងក្រោយថ្វីជង្គង់និងកែងរបស់ឡុង សុភី។
Rarueng គេមានប្រៀបខាងកម្ពស់តែម្ដង ដោយមានកម្ពស់១,៨៣ម៉ែត្រឯណោះ បើធៀបជាមួយ សីហា ដែលមានកម្ពស់តែ១,៧១ម៉ែត្រប៉ុណ្ណោះ។ អ្នកប្រដាល់ថៃរូបនេះ មានស្នៀតទាត់ ជង្គង់ កែង ល្អម៉ាចប់តែម្ដង។ ដូច្នេះសីហា អាចជួបការលំបាកដែរ សម្រាប់ការប្រកួតជាមួយRarueng នេះ ។
សីហា គេប្រកួតជាមួយថៃជោកជាំហើយ គ្រាន់តែជួបប្រកួតក្នុងស្រុកចំនួន២៩នាក់ទៅហើយ ដោយវាយឈ្នះថៃ១៧លើក ចាញ់៩ និងស្មើ៣លើក។ សីហា ខ្លាំងកណ្ដាប់ដៃ និងជើង តែបើជួបអាសន្ន ឬប៉ះដៃគូខ្លាំង គេក៏អាចវាយប្ដូរកែងបានដែរ។ ជាមួយនេះ គេក៏មានភាពអំណត់ខ្ពស់ និងមានកម្លាំងគ្រប់សម្រាប់តស៊ូបាន៥ទឹក។
ជាអ្នកប្រដាល់ដែលធ្លាប់ឡើងរេញ៩៧លើក ឈ្នះ៧៤លើក ចាញ់១៦លើក ស្មើ៧លើក និងធ្លាប់ផ្ដួលដៃគូឲ្យសន្លប់ចំនួន២៦ដងនោះ គេត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃដែលធ្លាប់ប្រកួតចំនួន៧៨លើក ឈ្នះ៦០លើក ចាញ់១៧លើក ស្មើ១លើក និងធ្លាប់ផ្ដួលដៃគូប្រកួតឲ្យសន្លប់ចំនួន៦លើក។
ទោះជាយ៉ាងណា រវាង ពេជ្រ សីហា និង Rarueng Lukchapachai ជួបគ្នាលើកទី២នេះ អ្នកណាឈ្នះ អ្នកណាចាញ់នោះ គឺមិនអាចទស្សន៍ទាយមុនបានឡើយ បើទោះជាRarueng មានប្រៀបខាងកម្ពស់ក៏ដោយ។
សីហា ប្រកួតចុងក្រោយនេះ វាយចាញ់ថៃYodsiam Sopasokដោយពិន្ទុ ឯអ្នកប្រដាល់ថៃ Rarueng Lukchapachai គេមកប្រកួតលើកចុងក្រោយនៅស្រុកខ្មែរ គឺវាយឈ្នះឡុង សុវណ្ណឌឿន អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡាដោយពិន្ទុ(០១វិច្ឆិកា២០១៥)។
ផង់ សុភាព អ្នកប្រដាល់ដែលទើបមានឈ្មោះបោះសំឡេងនៅកម្ពុជានោះ ត្រូវបានគេផ្តល់ឱកាសឲ្យឡើងប្រកួតជាមួយអ្នកប្រដាល់ថៃជាលើកដំបូង។ អ្នកប្រដាល់ថៃគូរបស់ ផង់ សុភាព នោះ មានឈ្មោះLek Lai Sor.Takuth Thorng។ ពួកគេទាំងពីរនាក់នេះប្រកួតក្នុងទម្ងន់៦៧គីឡូក្រាម។
នេះជាឱកាសដែល ផង់ សុភាព ត្រូវពង្រីកកេរ្តិ៍ឈ្មោះរបស់គេឲ្យល្បីរន្ទឺហើយ ព្រោះក្នុងប្រវត្តិប្រកួតជាច្រើនលើកកន្លងមកនោះ គេមិនដែលប្រកួតជាមួយអ្នកប្រដាល់បរទេសម្តងណានៅឡើយ ។ សុភាព ចុងក្រោយនេះ គេបានឈ្នះខ្សែក្រវាត់ជើងឯកគូបូតា ទម្ងន់៦៧គ.ក្រ។
សម្រាប់ការជួបអ្នកប្រដាល់ថៃនេះ ផង់ សុភាព ប្រហែលជាមិនមានបញ្ហាអ្វីនោះឡើយ បើទោះជាគេមិនដែលជួបប្រកួតជាមួយអ្នកប្រដាល់បរទេសក្តី ព្រោះគេមានលក្ខណៈសម្បត្តិកាយសម្បទា និងសមត្ថភាពបច្ចេកទេសប្រហាក់ប្រហែលគ្នាទេ។ ចាំមើលរវាង អ៊ុំ ចំរើន និង Rarueng Lukchapachai តើអ្នកណាជាអ្នកឈ្នះសម្រាប់ការជួបប្រកួតគ្នានេះ?
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ ម៉ូ រដ្ឋា អ្នកប្រដាល់ក្លិបព្រៃទទឹងខេត្តបាត់ដំបង ត្រូវជួបប្រកួតជាមួយ ចាន់ សុខហួន អ្នកប្រដាល់ក្លិប និរោធមានជ័យ។ ពីរនាក់នេះប្រកួតគ្នាក្នុងទម្ងន់៧៤គីឡូក្រាម។
ម៉ូ រដ្ឋា មិនធ្លាប់ដែលជួបជាមួយ ចាន់ សុខហួន នោះទេ។ ពួកគេទាំងពីរនាក់សុទ្ធតែជាអ្នកប្រដាល់ជើងចាស់ដូចគ្នា។ ដូច្នេះអ្នកណាឈ្នះ ក៏ឈ្នះដោយលក្ខណៈតឹងតែង និងវេទនាដែរ។
ចាន់ រ៉ាដេត អ្នកប្រដាល់ក្លិបនិរោធមានជ័យ នឹងជួបប្រកួតជាមួយ វ៉ាន់ សារ៉ាត់ អ្នកប្រដាល់ក្លិបកុមារទេពមានរិទ្ធ ខណៈដែល អន ខៀវ អ្នកប្រដាល់ក្លិបសុភានូមានជ័យ ត្រូវជួបប្រកួតជាមួយម៉ឺន មេឃា ក្លិបអេភូថងកីឡា ក្នុងទម្ងន់៥១គីឡូក្រាម៕
ពេជ្រ សីហា និងផង់ សុភាព ជួបថៃនៅសង្វៀនបាយ័នបឹងស្នោ


0 Comments