បន្ទាយមានជ័យ ៖ នៅល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ស្ត្រីដែលទើបតែសម្រាលកូននៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុនចំនួន១៤គ្រួសារបានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាស្ថិតក្នុងភូមិកោះកែវ ឃុំឫស្សីក្រោក ស្រុកមង្គលបី ខេត្តបន្ទាយមានជ័យ។ ពិធីចែកអំណោយនេះមានការចូលរួម លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងមន្ត្រីអ្នកមុខអ្នកការសាខាកាកបាទក្រហមជាច្រើននាក់ទៀត។
ក្នុងពិធីចែកអំណោយដល់ស្ត្រីដែលទើបតែសម្រាលកូនរួចនោះ លោក លី សារី បាននិយាយថា បងប្អូនទាំងអស់កំពុងត្រូវការជំនួយយ៉ាងខ្លាំង ដើម្បីជីវភាពប្រចាំថ្ងៃរបស់គាត់។ លោក លី សារី បានបញ្ជាក់ទៀតថា បើទោះបីអំណោយចែកជូនដល់គាត់មិនច្រើនណាស់ណាទេ ប៉ុន្តែជាសន្តានចិត្ត និងអាណិតស្រឡាញ់របស់សាខាកាកបាទក្រហមកម្ពុជាចំពោះបងប្អូនដោយមិនប្រកាន់ ពណ៌សម្បុរជាតិសាសន៍ ឬនិន្នាការនយោបាយឡើយ ឲ្យតែសាខាកាកបាទក្រហមមើលឃើញថា ជននោះពិតជាក្រីក្រមែនគឺចែកឲ្យទាំងអស់។
លោក លី សារី បានបញ្ជាក់ទៀតថា ស្ត្រីឆ្លងទន្លេដែលបានទទួលអំណោយនោះត្រូវយល់ដឹង និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនគឺត្រូវចេះថែរក្សាសុខភាពដោយខ្លួនឯងផង។ លោក លី សារី បានធ្វើការផ្តាំផ្ញើដល់មេភូមិ ចៅសង្កាត់ ត្រូវចេះរាយការណ៍អំពីស្ថានភាពអំពីគ្រួសារជនងាយរងគ្រោះ គ្រួសារក្រីក្របំផុតក្នុងភូមិ-សង្កាត់របស់ខ្លួនដល់សាខាកាកបាទក្រហមខេត្ត ដើម្បីឲ្យសាខាកាកបាទក្រហមខេត្តយកអំណោយទៅចែកជូនដោយផ្ទាល់ដៃ។
លោក លី សារី បានបញ្ជាក់ទៀតថា សម័យដែលកាន់កាប់ដោយសម្ដេចតេជោ ហ៊ុន សែន នេះសម្ដេចមិនឲ្យប្រជាពលរដ្ឋណាដេកស្លាប់ដោយសារអត់បាយនោះឡើយ។ លោកបានបញ្ជាក់ទៀតថា អំណោយដែលយកមកចែកជូនដល់ស្ត្រី ដែលទើបតែសម្រាលកូននោះរួមមាន ខោអាវកូនង៉ា២កំប្លេ មួកស្រោមដៃ និងជើង២កំប្លេ សាប៊ូកក់ខ្លួន១ដប ម្សៅហ៊ុយកូនង៉ា១ដប ពូកកូនង៉ា១ឈុត មុងកូនង៉ា១ ទឹកដោះគោឆៅ២ឡូ ទឹហ្វីអាប់១ដប កញ្ច្រែងដាក់សម្ភារៈ១ និងថវិកា២ម៉ឺនរៀលផងដែរ៕
ស្ត្រីសម្រាលកូន១៤គ្រួសារ បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា






0 Comments