ស្ទឹងត្រែង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ និងម៉ូតូ តាំងពីកណ្តាលអធ្រាត្រធ្វើឲ្យមនុស្ស៤នាក់របួសធ្ងន់មិនមានប៉ូលិសចរាចរណ៍ចុះមកវាស់វែងទេ ទាល់តែព្រឹកឡើងទើបសមត្ថកិច្ចចុះមកវាស់វែង។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០០និង៣០នាទីយប់ ថ្ងៃទី២រំលងអធ្រាត្រ ឈានចូលថ្ងៃ៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រង់ចំណុចមុខមន្ទីរវប្បធម៌ខេត្ត មានចម្ងាយពីស្នងការនគរបាលខេត្តប្រហែលជាងមួយរយម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់/ក្រុង/ខេត្តស្ទឹងត្រែង។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមានចំនួន៤នាក់ ម៉ូតូវ៉េវជិះគ្នា៣នាក់ និងមានអ្នកបើកបរឈ្មោះ ហ៊ឹម ពេជ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនេសាទ រស់នៅភូមិអូរឫស្សីកណ្ដាល ឃុំអូរឫស្សី ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកធូដេ ជិះម្នាក់ឯងមានឈ្មោះ កេប នូរ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនេសាទដូចគ្នា រស់នៅភូមិរាជានុកូល សង្កាត់/ក្រុងស្ទឹងត្រែង។
ប្រភពបន្តថា នៅយប់កើតហេតុ បើតាមអ្នកដឹងហេតុការណ៍បាននិយាយថា ម៉ូតូម៉ាកវ៉េវជិះគ្នា៣នាក់ បើកបរក្នុងទិសដៅពីត្បូងមកជើង និងម៉ូតូម៉ាកធូដេ បើកបរពីជើងមកត្បូង ទិសដៅបញ្ច្រាសគ្នា បានបុកគ្នាពេញទំហឹង ធ្វើឲ្យមនុស្សទាំងសងខាងរងរបួសធ្ងន់ ខ្លះបាក់ភ្លៅ ខ្លះបែកមុខ បែកក្បាល ហើយមិនត្រូវបានឃើញមានប៉ូលិសចុះមកធ្វើអន្តរាគមន៍នោះទេ។ ក្រោយកើតហេតុ ត្រូវបានអ្នកឃើញហេតុការណ៍ជួយដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ២១ យោធភូមិភាគទីមួយ ដើម្បីសង្គ្រោះបន្ទាន់។
នៅក្នុងយប់កើតហេតុ ត្រូវបានគេរាយការណ៍ឲ្យប៉ូលិសចរាចរណ៍ដែរ តែមិនត្រូវបានចុះមកធ្វើការវាស់វែងនោះទេ ព្រឹកឡើងទើបចុះមកធ្វើការវាស់វែង និងបាននាំយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
ម៉ូតូបុកគ្នាតាំងពីកណ្ដាលអធ្រាត្រ ព្រឹកឡើងទើបប៉ូលិសចុះវាស់វែង
0 Comments