Ad Code

ស្រវឹង​ជិះ​ម៉ូតូ​គ្មាន​ហ្វ្រាំង ទៅ​ព្រលះ​របង​វត្ត​ដេកពេទ្យ​ពីរ​នាក់​

​បាត់ដំបង ៖ យុវជន​ពីរ​នាក់​បាន​ដួល​ដេក​ដោយមាន​ស្នាម​រង​របួស​ពេញ​ខ្លួន បន្ទាប់ពី​ពួកគេ​បាន​ផឹក​ស៊ី​ឡើង​ស្រវឹង​ ហើយ​បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ថែមទៀត បណ្ដាល​ឲ្យ​យក​ចង្កូត​មិនទាន់​ក៏​រេ​ទៅ​បុក​នឹង​របង​វត្ត​យ៉ាង​ពេញទំហឹង បើ​ទោះ​បី​ជា​ពួកគេ​ខំប្រឹង​ជាន់​ហ្វ្រាំង​ក៏​ឥតប្រយោជន៍​ដែរ ព្រោះ​ហ្វ្រាំង​មិន​ស៊ី​ទាល់តែសោះ។​


​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ខ្លួនឯង​នេះ​បាន​កើតឡើង​នា​យប់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៥វេលា​ម៉ោង​២​និង​៤០​នាទី​រំលង​អធ្រាត្រ​លើ​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​កន្លែង​ ដែល​ស្ថិត​នៅ​ជាប់​នឹង​របង​វត្ត​បា​សែត ក្នុង​ក្រុម​ទី​២៩ ភូមិ​បា​សែត ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង ​ដែល​បាន​បង្កឡើង​ដោយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រីម គ្មាន​ស្លាក​លេខ គ្មាន​កញ្ចក់ គ្មាន​ពាក់មួក​ ដោយ​ជិះ​គ្នា​ពីរ​នាក់​ក្នុង​ល្បឿន​យ៉ាង​លឿន​ផង​ដែរ។​


​តាម​កា​អះអាង​ពី​លោក​មេ​ប៉ុស្តិ៍​តា​ប៉ុន​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ​គឺ​យុវជន​ទាំងពីរ​រូប​នេះ​បាន​ធ្វើ​ដំណើរ​មកពី​ផឹក​ស៊ី​ជាមួយ​មិត្តភក្ដិ​ក្នុងភូមិ​ឡើង​ស្រវឹង​ជោកជាំ​ផង​ ដោយ​ពួកគេ​បាន​ជិះ​ម៉ូតូ​យ៉ាង​លឿន លុះ​ទៅដល់​ក្បែរ​របង​វត្ត​បា​សែត ដែល​នៅ​ទីនោះ​គឺ​ផ្លូវ​មាន​សភាព​កោង​ផង​នោះ​ទើប​ធ្វើ​ឲ្យ​ពួកគេ​យក​ចង្កូត​មិនទាន់ ក៏បាន​ជ្រុល​ឡើង​ទៅលើ​ចិញ្ចើម​ ហើយ​បុក​ទៅលើ​របង​វត្ត​យ៉ាង​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​អ្នក​ទាំងពីរ​ហោះ​ផ្លោង​ទៅ​បោក​នឹង​ចំរឹង​របង​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ទាំងពីរ​នាក់។​


​លោក​មេ​ប៉ុស្តិ៍​បាន​បន្ថែម​ថា ជា​ទម្លាប់​របស់​យុវជន​នៅ​ភូមិ​នេះ​គឺ​គេ​បើកបរ​ម៉ូតូ​មិន​ចេះ​យឺត​ឡើយ ដោយ​គេ​លែង​ពេញៗ​ល្បឿន​តែម្តង ហើយ​ក្រោយពេល​ត្រួតពិនិត្យ​គឺ​សង្កេត​ឃើញថា​ ពួកគេ​ទាំងពីរ​នាក់​គ្មាន​ពាក់​មួយ​សុវត្ថិភាព​ទេ ហើយ​ម៉ូតូ​គ្មាន​កញ្ចក់ គ្មាន​ស្លាក​លេខ ថែម​ទាំង​ហ្វ្រាំង​មិន​ស៊ី​ទៀត ទើប​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​បែបនេះ ដោយ​អ្នកបើកបរ​មានឈ្មោះ​ យ៉ូ​ត ញ៉ា​ញ់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​អ្នក​រួម​ដំណើរ​ ឈ្មោះ ឈឿ​ប សុខ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ អ្នក​ទាំងពីរ​រស់​នៅ​ក្នុង​ភូមិ ឃុំ​កើត​ហេតុ​ខាងលើ។​


​ភ្លាមៗ​នោះ​ដែរ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ទៅ​មិនទាន់​នោះ​ទេ​ ដោយសារតែ​ជនរងគ្រោះ​ទាំងពីរ​នាក់ ត្រូវ​បាន​បងប្អូន និង​សាច់ញាតិ​នាំ​យក​ទៅកាន់​មន្ទីរពេទ្យ​មុន​បាត់​ទៅ​ហើយ​ដើម្បី​សង្គ្រោះ ព្រោះ​សភាព​នៃ​មុខរបួស​កំពុងតែ​មាន​សភាព​ធ្ងន់ធ្ងរ​ផ​ង៕


11-12-2015a1



ស្រវឹង​ជិះ​ម៉ូតូ​គ្មាន​ហ្វ្រាំង ទៅ​ព្រលះ​របង​វត្ត​ដេកពេទ្យ​ពីរ​នាក់​

Post a Comment

0 Comments

Close Menu