ព្រះវិហារ ៖ មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតមានមូលដ្ឋាននៅតំបន់ស្រអែម សហការជាមួយសមត្ថកិច្ចប៉េអិម តាមប្រមាញ់ចាប់បង្ក្រាបបានរថយន្តល្មើសដឹកជញ្ជូនឈើគ្រញូង១គ្រឿង កំពុងចរាចរដឹកជញ្ជូនលើដងផ្លូវជាតិលេខ៦២ កាលពីរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅភូមិមរតកតេជោ ឃុំយាង ស្រុកជាំក្សាន្ត។
តៃកុងរថយន្តល្មើសត្រូវបានគេស្គាល់ថាជាទាហានពាក់សក្ដិ៣ ប្រចាំព្រំដែនប្រាសាទព្រះវិហារបានរត់គេចខ្លួនដោយសុវត្ថិភាព។
មន្ដ្រីរដ្ឋបាលព្រៃឈើបានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចស្ទាក់ចាប់បានរថយន្តខាងលើសមត្ថកិច្ចបានរកឃើញស្លាកលេខរថយន្តក្លែងក្លាយចំនួន៦ផ្សេងទៀតនៅក្នុងរថយន្តល្មើស។ រថយន្ត រួមទាំងឈើគ្រញូង ត្រូវបាននាំយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្ត។
ជំនាញមេព្រៃបានឲ្យដឹងថា ឈើគ្រញូងដែលបង្ក្រាបបានមានចំនួន៤១ដុំ ស្មើនឹង៣១៦គីឡូក្រាម។ រីឯរថយន្តល្មើសម៉ាកកាមរីបាទ្បែន ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ២D២៦២២។
តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ការចរាចរបទល្មើសព្រៃឈើប្រភេទឈើគ្រញូងនៅតែបន្តដឹកជញ្ជូនចេញពីតំបន់ព្រំដែនប្រាសាទព្រះវិហារស្ទើរជារៀងរាល់ថ្ងៃ ឆ្ពោះទៅកាន់ខេត្តកំពង់ធំយ៉ាងរលូនតាមដងផ្លូវជាតិលេខ៦២។
ក្នុង១ខែៗ មានរថយន្តដឹកគ្រញូងប្រមាណ៣០ទៅ៥០គ្រឿង បែរជានៅពេលនេះយើងឃើញជំនាញមេព្រៃកន្ទួតចាប់បានតែ១គ្រឿងប៉ុណ្ណោះ។
ពលរដ្ឋសង្ស័យថាអា១គ្រឿងនេះសង្ស័យឈ្មួញគ្រញូងមិនបានបង់លុយឲ្យមេព្រៃទេមើលទៅ ទើបក្ដៅក្រហាយប្រកូកប្រកាសហៅប៉េអិមឲ្យជួយដេញចាប់បង្ក្រាបរហូតបានសម្រេច។
ឈើគ្រញូងមួយចំនួនជាឆ្នាំងបាយចិញ្ចឹមសមត្ថកិច្ច ត្រូវបានឈ្មួញខិលខូចប្រើរូបភាពបំភ័ន្តភ្នែកអាជ្ញាធរយកទៅលាក់ស្តុកទុកតាមបណ្តាផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិធម្មជាតិសម្តេចតេជោ និងខ្លះទៀតស្តុកទុកបន្ទាយអស់រយៈពេលច្រើនឆ្នាំមកហើយ មិនដែលឃើញជំនាញមេព្រៃចុះបង្ក្រាបអ្វីសោះ។
គួរបញ្ជាក់ថា រថយន្តល្មើសដឹកឈើគ្រញូងប្រភេទកាមរីឆ្លាម និងបាទ្បែន ដែលបង្ក្រាបបានជាបន្តបន្ទាប់ ត្រូវបានមន្ត្រីអនុវត្តច្បាប់មួយចំនួននៅខេត្តព្រះវិហារយកជិះជាលក្ខណៈឯកជនយ៉ាងរំភើយ គឺមិនបានដាក់ប្រកាសដេញថ្លៃជាសាធារណៈលក់ឡាយឡុងយកថវិកាបង់ចូលរដ្ឋនៅឡើយ៕
មេព្រៃតាមប្រមាញ់រថយន្តល្មើស១គ្រឿង រឹបអូសបានឈើគ្រញូង៤១ដុំ និងស្លាកលេខក្លែងក្លាយចំនួន០៦

0 Comments