កំពង់ធំ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងកណ្ដាលអធ្រាត្រ ដោយសារតែមានរថយន្តប្រភេទយីឌុបមួយគ្រឿងដឹកក្បឿង ក្រឡាប់ផ្ងារជើងឡើងលើ ខណៈពេលដែលតៃកុងឡានងងុយដេក ហើយងក់មួយភាំង មិនអាចបញ្ជាយានយន្តបាន ក៏ក្រឡាប់នៅវេលាម៉ោង១និង៣០នាទី ឈានចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥។
រថយន្តដែលក្រឡាប់នេះគឺម៉ាកយីឌុប ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D 1032 បានក្រឡាប់នៅចំណុចភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ចំណែកអ្នកបើកបរ ត្រូវបានគេស្គាល់ឈ្មោះ ជា សុខស្វិត អាយុ២៥ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំសាមគ្គី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងព្រូឡានម្នាក់ទៀតឈ្មោះ សំ ផេត អាយុ២៨ឆ្នាំ រស់នៅភូមិត្រឹបឃុំ ឃុំសំបូរ ស្រុកអង្គស្នួល ខេត្តកណ្ដាល ទាំង២នាក់រងរបួសស្រាល។ ចំណែកក្បឿងទាំងអស់ត្រូវបានបែកខ្ទេចខ្ទីខូចខាតយ៉ាងដំណំ។
តាមការឲ្យដឹងពីតៃកុងឡានលោក ជា សុខស្វិត បានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានបើកមកដល់ចំណុចកើតហេតុ ខណៈពេលដែលយប់ជ្រៅ ក៏ងងុយដេកជាច្រើនលើក ក្រោយមកក៏ស្រាប់តែលក់ដូចក្នុងយល់សប្ដ ខណៈនោះស្រាប់តែឡានជ្រុលទៅបុករះបង្គោលរបស់ក្រុមហ៊ុនចិនធ្វើថ្នល់ចំនួន១១បង្គោល ដល់ដឹងខ្លួនឡើង ទើបបានដឹងថា រថយន្តរបស់ខ្លួនបានក្រឡាប់បាត់ហើយ ចំណែកការសងសំណងការខូចខាត នៃការបាក់បង្គោល គឺបានចេញលុយឲ្យទៅក្រុមហ៊ុនចិន ដែលកំពុងធ្វើថ្នល់ចំនួន៤៥០ដុល្លារអាមេរិក ដើម្បីបញ្ចប់រឿង រួចហើយក៏បានស្ទូចយករថយន្តនោះទៅជួសជុលដោយខ្លួន។
សូមបញ្ជាក់ផងដែរថា នេះគឺជាសំណាងហើយ ដែលមានករណីគ្រោះថ្នាក់នៅកណ្ដាលអធ្រាត្រ តែម្នាក់ឯង តែបើសិនជានៅពេលថ្ងៃវិញ ប្រហែលជាមានករណីគ្រោះថ្នាក់ដល់អ្នកដទៃពុំខានឡើយ នេះគឺបណ្តាលមកពីការធ្វេសប្រហែសរបស់ក្រុមហ៊ុនដែលបានប្រើមនុស្សមិនឲ្យបុគ្គលិក មានការសម្រាកឲ្យបានគ្រប់គ្រាន់ តែបើតាមច្បាប់បើកបរសម្រាប់តៃកុងឡាន និងព្រូឡាន ក្នុងមួយថ្ងៃត្រូវក្រុមហ៊ុនទុកពេលឲ្យសម្រាកយ៉ាងតិច៨ម៉ោងក្នុងមួយថ្ងៃ ដើម្បីសុវត្ថិភាពនៃការបើកបរ៕
រថយន្តយីឌុបក្រឡាប់ផ្ងារជើង បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលអធ្រាត្រ





0 Comments