កំពង់ស្ពឺ ៖ កងកម្លាំង និង មន្ត្រីរាជការ ជុំវិញសាលាខេត្តប្រមាណជាង៧០០នាក់ក្នុងនោះមានទាំងក្រុមកីឡាទូកង កីឡាបាល់ទាត់ អង្គភាពមន្ទីរ គ្រូនិងគណៈកម្មាធិការនានាត្រូវបានលោក អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺអញ្ជើញពិសារអាហារសាមគ្គីមួយពេលជុំគ្នានាល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងទីលានកីឡាខេត្ត។
នៅក្នុងឱកាសជួបជុំគ្នាលោកអភិបាលខេត្ត បានអញ្ជើញក្រុមអ្នកថតថ្ងៃបុណ្យអុំទូក ដែលថតបានល្អជាងគេមកទទួលរង្វាន់ពីលេខ១ដល់ លេខ៣ ផងដែរ។
លោក អ៊ូ សំអួន អភិបាលខេត្តបានមានប្រសាសន៍នៅក្នុងពេលប្រគល់រង្វាន់ជូនក្រុមអ្នកថតរូបនាឱកាសការរៀបចំប្រារព្ធពិធីបុណ្យអុំទូក កាលពីថ្ងៃទី២៤-២៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះថា នាពេលនេះក្នុងនាមលោកជាថ្នាក់នាំសុំថ្លែងនៅក្តីរំភើបចិត្ត ដែលឃើញអស់លោកជាកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជតាមមន្ទីរ អង្គភាពក្នុងខេត្តបាននាំគ្នាសស្រាក់សស្រាំ ជ្រោមជ្រែងរហូតបានធ្វើឲ្យពិធីបុណ្យអុំទូកបានទទួលជោគជ័យយ៉ាងធំធេង។
អភិបាលខេត្តបានបន្តថា ដោយមើលឃើញការនឿយហត់នាពេលកន្លងមកនេះ ហើយដើម្បីថ្លែងនៅអំណរគុណដល់អ្នក ដែលបានរួមចំណែក អាជ្ញាធរខេត្តបានរៀបចំពិធីជួបជុំគ្នា និងបាយសាមគ្គីមួយពេលដោយមានការប្រគំតន្ត្រីរួមមិត្តបានកម្សាន្តអារម្មណ៍ និងបានស្គាល់គ្នាតាមរយៈការឡើងបញ្ចេញមតិ រួមទាំងចម្រៀងកំសាន្តទាំងអស់គ្នា។ ហើយក្នុងនាមលោកជាអាជ្ញាធរសង្ឃឹមនិងជឿជាក់យ៉ាងមុតម៉ាំថា ឆ្នាំក្រោយការរៀបចំបុណ្យអុំទូកនិងប្រព្រឹត្តទៅទទួលបានជោគជ័យជាងនេះ១០០%និងអធិកអធមក្រៃលែងជាងនេះផងដែរ។
លោក ហ៊ុន ប៊ុនរ៉ា មន្ត្រីអ្នកសម្របសម្រួល និងជាគណៈកម្មាធិការបុណ្យអុំទូកបានសរសេរលើ account facebook រដ្ឋបាលសាលាខេត្តកំពង់ស្ពឺថា គណៈកម្មាធិការបានរកឃើញជើងខ្លាំង អ្នកថតរូបស្អាតជាងគេក្នុងពិធីបុណ្យអុំទូកនៅខេត្តកំពង់ស្ពឺហើយ! លេខ១ បានទៅលើប្អូនប្រុស ណេន មករា រស់នៅភូមិព្រៃទួល ឃុំវស្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លេខ២ បានទៅលើប្អូនប្រុស កាំង ប៉ោឆាយ រស់នៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ឯលេខ៣ បានទៅលើប្អូនប្រុស យឹន សុខុម រស់នៅភូមិអង្គសេរី សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ចំពោះរង្វាន់លួងចិត្ត បានទៅលើ លោក ម៉ែន ប៊ុនធា មន្ត្រីនៅមន្ទីរព័ត៌មានខេត្ត។
លោក ប៊ុនរ៉ា ដដែល បានបញ្ជាក់ថា លេខមួយទទួលបាន១០០ ដុល្លារ លេខពីរ ៥០ ដុល្លារ លេខបី ៣០ដុល្លារ និងរង្វាន់លួងចិត្តអ្នកជាប់លេខ៤ ទទួលបាន ២០ដុល្លារ។
ក្នុងនោះលោកអភិបាលខេត្តអនុញ្ញាតិឲ្យ ពួកគាត់ទាំងបួនអ្នក និងក្លាយជាអ្នកផ្តល់រូបភាពជូនសាលាខេត្ត ក្នុងការធ្វើប្រតិទិន និងរូបភាពផ្សេងៗសម្រាប់ខេត្តកំពង់ស្ពឺ ហើយផ្តល់សិទ្ធជូនពួកគាត់ក្នុងការចូលរួមថតរូបភាពផ្សេងៗនៅក្នុងព្រឹត្តិ ការណ៍នានារបស់ខេត្តផងដែរ។
ដោយឡែកកម្មពិធីពិសាបាយសាមគ្គីដើម្បីថ្លែងអំណរគុណ ចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកដែលបានហត់នឿយក្នុងការរៀបចំពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែនៅខេត្តកំពង់ស្ពឺ ដែលទទួលបានជោគជ័យ នេះឆ្នាំក្រោយអាជ្ញាធរខេត្តនិងរៀបចំដូចថ្ងៃនេះដែរ៕
មន្ត្រីរាជការក្នុងខេត្តកំពង់ស្ពឺជាង៧០០នាក់ជួបជុំបាយសាមគ្គី
0 Comments