ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ម្នាក់ បន្ថែមទៀតនៅផ្ទះមេខ្លោងជនជាតិចិនពាក់ព័ន្ធក្រុមMafiaស្ថិតនៅចំណុចក្នុងបុរីពិភពថ្មី ផ្ទះលេខ២ផ្លូវលេខ២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោកកាលពីល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥។ គិតមកទល់ពេលនេះឃាត់ខ្លួនជនសង្ស័យបាន៨នាក់ហើយ ស្រី២នាក់។
កិច្ចប្រតិបត្តិការបង្ក្រាបនេះ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោរ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ឃាត់ជនជាតិចិនម្នាក់។ ចំណែកមេខ្លោងគេចខ្លួនបាត់ហើយ។
មន្ត្រីជំនាញអាវុធហត្ថ ដែលចូលរួមប្រតិបត្តិការនេះបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ Zhang Zhong Zheng ភេទប្រុស អាយុ៤២ឆ្នាំ ជាជនជាតិចិន និងទី២ជាស្ត្រីខ្មែរត្រូវជាសង្សារស្នាក់នៅផ្ទះកើតហេតុខាងលើ។ ប៉ុន្តែនារីម្នាក់ខាងលើនេះត្រូវបានអាវុធហត្ថដោះលែង ព្រោះពុំមានពាក់ព័ន្ធក្នុងករណីនេះទេ គឺគ្រាន់តែពួកចិនយកមកដេកប៉ុណ្ណោះ។
គួររំលឹកថា អាវុធហត្ថរាជធានីភ្នំពេញបានឃាត់ជនសង្ស័យខ្មែរ-ចិនចំនួន៧នាក់ (ស្រី២នាក់)ជាបន្តបន្ទាប់កាលពីយប់នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅនេះ ដែលព័ត៌មានដំបូងថាពីបទចាប់បង្ខាំងមនុស្សខុសច្បាប់សង្ស័យពាក់ព័ន្ធជួញដូរមនុស្ស។ ចុងក្រោយនេះមន្ត្រីអាវុធហត្ថអះអាងថាពាក់ព័ន្ធ”ក្រុមម៉ាហ្វីយ៉ាចិនដ៏គួរឲ្យខ្លាច”។
មន្ត្រីអាវុធហត្ថបានឲ្យដឹងថា ករណីបង្ខាំងមនុស្សខាងលើនេះបានកើតឡើង នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ជាកន្លែងដែលកម្លាំងអាវុធហត្ថ បង្ក្រាបបានជនសង្ស័យ ហើយរំដោះបានជនរងគ្រោះជនជាតិចិន៣នាក់។
មន្ត្រីដដែលបន្តថា បន្ទាប់ពីមានការបំភ្លឺពីជនរងគ្រោះទើបនៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ កម្លាំងអាវុធហត្ថក្រោមការសម្របសម្រួល ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មកចុះឆែកឆេរផ្ទះលេខ ១១២ ផ្លូវលេខ១៧៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ប៉ុន្តែមិនបានរកឃើញជនសង្ស័យណាម្នាក់ទៀតឡើយ។
ក្រោយការចាប់ខ្លួនជនសង្ស័យទាំង៨នាក់ ត្រូវបានអាវុធហត្ថយកទៅសួរនាំនៅទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីហើយស្រាវជ្រាវតាមចាប់ខ្លួនមេក្លោងធំបន្តទៀត៕
អាវុធហត្ថរាជធានីបន្តឃាត់ជនសង្ស័យម្នាក់ទៀតពាក់ព័ន្ធក្រុមម៉ាហ្វីយ៉ាចិនសរុប៨នាក់


0 Comments