បន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ នៅវិទ្យាល័យសម្ដេចឪ ស្ថិតក្នុងភូមិតារាងបាល់ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាមួយខ្នងដែលមាន៦បន្ទប់ និងសមិទ្ធផលផ្សេងៗទៀត។
ពិធីនេះមានការចូលរួមលោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ លោក ឡាយគឹមលី នាយរងខុទ្ទកាល័យ កែ គឹមយ៉ាន លោកគ្រូ និងអ្នកគ្រូព្រមទាំងអតីតសិស្សវិទ្យាល័យសម្ដេចឪ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់ទៀត។
លោក គឹម ស្រូយ នាយកសាលាវិទ្យាល័យសម្ដេចឪបានមានប្រសាសន៍ក្នុងពិធីសម្ពោធនោះថា អគារសិក្សាដែលដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនោះ ១ខ្នង មាន៦បន្ទប់ស្អាតដាច់គេ ក្នុងវិទ្យាល័យសម្ដេចឪនេះ មានបំពាក់គ្រឿងសង្ហារិមគ្រប់ បង្គន់អនាម័យ១ខ្នង មាន៤បន្ទប់ ហើយអគារនេះចាប់ផ្ដើមកសាងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ និងសាងសង់រួចនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ គឺអស់រយៈពេល៦ខែ ចំណាយថវិកាអស់៤១.២៨០ដុល្លារ ទំហំដី៦៧.៤៧៨ម៉ែត្រការ៉េ។ លោកបាននិយាយបន្តទៀតថា ក្នុងរបបប្រល័យពូជសាសន៍ វិទ្យាល័យនេះត្រូវបិទទ្វារទាំងស្រុង និងបានក្លាយទៅជាកន្លែងគុកមន្ទីរធ្វើទារុណកម្ម ជាកន្លែងរបស់មន្ទីរពេទ្យវះកាត់របស់ពួកខ្មែរក្រហម។
ក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ ត្រូវបានរំដោះដោយគណបក្សប្រជាជនកម្ពុជា លុះឆ្នាំ១៩៨០វិទ្យាល័យនេះចាប់បើកឲ្យសិស្សចូលរៀនមាន១ថ្នាក់ មានតែ៣៩នាក់តែប៉ុណ្ណោះ ហើយមានគ្រូ៣នាក់ រហូតមកដល់ឆ្នាំ២០១៥នេះ សិស្សសរុបមាន១.៨២០នាក់។
លោក គោស៊ុំ សារឿត បានកោតសរសើរដល់សប្បុរសជនដែលជាអតីតសិស្សវិទ្យាល័យសម្ដេចឪនេះ ដែលបានកៀរគររកសប្បុរសជនឲ្យជួយលុយយកមកជួសជុលអគារដែលទ្រុឌទ្រោមសិស្សមិនអាចរៀន បានឲ្យក្លាយទៅជាអគារដ៏ទំនើបដែលអាចឲ្យសិស្សរៀនបាន និងមានផាសុកភាព ពិសេស លោក ឡាយ គឹមលី ដែលបានចំណាយថវិកាយ៉ាងច្រើនសម្រាប់ជួសជុលអគារនេះឡើងវិញ។
លោកបាននិយាយបន្តទៀតថា អគារសិក្សាទាំង៦បន្ទប់នេះ គឺជាថ្នាលបណ្ដុះបណ្ដាលធនធានមនុស្សដើម្បីឲ្យក្មួយៗនៅទីនោះឲ្យក្លាយជាពលរដ្ឋប្រកបដោយ ចំណេះដឹង ចំណេះធ្វើ សីលធម៌ល្អ និងចេះរួមរស់ជាមួយគ្នាប្រកបដោយសេចក្ដីថ្លៃថ្នូរ។
លោកក៏បានផ្ដាំផ្ញើឲ្យសិស្សទាំងអស់ជៀសវាងឲ្យឆ្ងាយអំពីការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង អំពើហិង្សាក្នុងគ្រួសារ គ្រោះថ្នាក់ចរាចរណ៍ជាដើម ហើយសូមឲ្យសិស្សទាំងអស់គ្នាចូលរួមថែរក្សានូវអគារនេះឲ្យបានគង់វង្សដើម្បីឲ្យក្មេងជំនាន់ក្រោយៗបានចូលរៀនបន្តៗទៀត៕
លោក គោស៊ុំ សារឿត ចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា១ខ្នង






0 Comments