បាត់ដំបង ៖ នៅព្រលប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥នេះ កម្លាំងការិយាល័យជំនាញ បានបំបែកកម្លាំងតាមប្រមាញ់មុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀនខុសច្បាប់បានចំនួន៣ករណី ដែលពួកគេកំពុងសំងំចែកចាយជាក់ស្តែងនៅតាមបន្ទប់សំណាក់ និងបន្ទប់សណ្ឋាគារ កណ្តាលក្រុងបាត់ដំបងតែម្តង។
លោកវរសេនីយ៍ត្រី ស៊ាន សុណាល់ នាយការិយាល័យស្ដីទី នៃការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានលើកឡើងថា គឺនៅជំហានទី១-កម្លាំងរបស់លោកបានតាមប្រមាញ់ និងឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនខុសច្បាប់បានម្នាក់កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៦ ខែធ្នូ ដែលជនសង្ស័យរូបនេះកំពុងប្រព្រឹត្តជាក់ស្តែងនៅក្នុងបន្ទប់លេខ១០៥ របស់ផ្ទះសំណាក់ គង្គាហង្សនាគ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ព្រមទាំងបានដកហូតនូវសារធាតុញៀនប្រភេទម៉ាទឹកកកចំនួន២កូនថង់តូច ស្មើនឹងទម្ងន់០,៥៣ក្រាម ទូរស័ព្ទដៃមួយគ្រឿង និងសម្ភារៈសម្រាប់វេចខ្ចប់មួយចំនួន ដោយជននេះមានឈ្មោះ ហេង សុជាតិ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
លោកនាយការិយាល័យបានបន្តថា ក្រោយពីបានទទួលនូវចម្លើយសារភាពពីជនសង្ស័យរូបនេះរួចមក នៅវេលាម៉ោង៦និង៤០នាទីព្រលប់ថ្ងៃដដែល លោកបានសុំគោលការណ៍ទៅលោកព្រះរាជអាជ្ញា នួន សាន ដើម្បីចុះប្រតិបត្តិការបន្តទៅកាន់ចំណុចក្បែររង្វង់មូលដៃប្រាំបី ក្នុងបរិវេណការ៉ាស់សាំងមួយកន្លែង ស្ថិតក្នុងភូមិផ្កាស្លា សង្កាត់ចម្ការសំរោង ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យបានចំនួនពីរនាក់បន្ថែមទៀត ដោយមាន ១-ឈ្មោះ ក្រូច គឹមឡេង ហៅតូច ភេទប្រុស អាយុ២៤ឆ្នាំ និង២-ឈ្មោះ ហ៊ួន គឹមហុយ ហៅលក្ខណ៍ ភេទស្រី អាយុ១៨ឆ្នាំ ជនទាំងពីររស់នៅភូមិជ្រៃកោង សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ដោយសមត្ថកិច្ចបានធ្វើការដកហូតនូវគ្រឿងញៀនប្រភេទម៉ាទឹកកកបានចំនួន១ថង់តូច ស្មើនឹងទម្ងន់០,៤៦ក្រាម និងទូរស័ព្ទដៃចំនួន២គ្រឿង។
លោក ស៊ាន សុណាល់ បានសង្កត់ធ្ងន់ថា នៅយប់ថ្ងៃដដែលនោះដែរ វេលាម៉ោង៧យប់កិច្ចប្រតិបត្តិការនៅតែបន្ត ឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ដែលកំពុងប្រព្រឹត្តនូវករណីចែកចាយជាក់ស្ដែង ក្នុងបន្ទប់លេខ១០៧ របស់សណ្ឋាគារ រតនៈសោភ័ណ្ឌ ស្ថិតក្នុងភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ដោយកម្លាំងរបស់លោកបានធ្វើការដកហូតនូវគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន១១ថង់តូច ស្មើនឹងទម្ងន់៨៨,៣៦ក្រាម ទូរស័ព្ទដៃមួយគ្រឿង កូនជញ្ជីងមួយ និងសម្ភារៈវេចខ្ចប់មួយចំនួនផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងការិយាល័យជំនាញរៀបចំឯកសារ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួន រួមទាំងវត្ថុតាងទៅកាន់សាលាដំបូងខេត្តចាត់ការទៅតាមផ្លូវច្បាប់៕
បង្ក្រាបគ្រឿងញៀន៣ករណីផ្ទួនៗគ្នា ក្នុងផ្ទះសំណាក់ និងសណ្ឋាគារ


0 Comments