Ad Code

សម្ដេច​តេ​ជោ ​៖ ​ចាំបាច់​ត្រូវ​បន្ត​ពង្រឹង​សុខដុមនីយកម្ម​រវាង​សាសនិក​នៃ​គ្រប់​សាសនា​

ភ្នំពេញ​ ៖ ​សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្លែង​ថា យើង​ចាំបាច់​ត្រូវ​បន្ត​ពង្រឹង​សុខដុម​នីយកម្ម​រវាង​សាសនិក​នៃ​គ្រប់​សាសនា ដោយ​ប្រឆាំង​ការរើសអើង និង​ការ​បែងចែក​ក្នុងចំណោម​ប្រជាជន ដែល​បណ្ដាលមកពី​ភាពខុសគ្នា​ខាង​សាសនា សំដៅ​ប្រែក្លាយ​សក្ដានុពល​របស់​សាសនា​ទាំងអស់ ឱ្យ​ទៅជា​កម្លាំង​ជំរុញ​ការអភិវឌ្ឍ​​សង្គម​-​សេដ្ឋកិច្ច ពង្រឹង​សន្តិភាព សាមគ្គីភាព ការថែរក្សា​ប្រពៃណីជាតិ និង​លើកកម្ពស់​តម្លៃ​សីលធម៌ ខណៈដែល​កម្ពុជា​កំពុងតែ​អបអរសាទរ​នូវ​លទ្ធផល​នៃ​សុខដុម​នីយកម្ម​ក្នុង​វិស័យ​សាសនា ដោយ​កម្ពុជា​បញ្ចៀស​បាន​នូវ​អំពើ​ហិង្សា​សាសនា ដែលជា​ឧត្ដមប្រយោជន៍ និង​កាលានុវត្តភាព​ធំធេង​របស់​កម្ពុជា​យើង​។



សម្ដេច​តេ​ជោ​បាន​ថ្លែង​ដូច្នេះ ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ «​ការ​បញ្ជ្រាប​ទស្សនាទាន​សីលធម៌​សាសនា​ដើម្បី​សុខដុម​នីយកម្ម​នៅ​កម្ពុជា​» ក្នុងឱកាស​ឧទ្ទិស​ចំពោះ​ទិវា​បួងសួង​និង​សកម្មភាព​សាសនា​ដើម្បី​កុមារ ដែលមាន​អ្នកចូលរួម​មកពី​និកាយ​សាសនា នានា​ចំនួន​ជាង​៤០០០​នាក់ នា​ព្រឹក​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ​២០១៥ នៅ​សាល​មហោស្រព​កោះ​ពេជ្រ​។



សម្ដេចនាយក​រដ្ឋមន្ត្រី​ថ្លែងបន្តថា ដោយ​ឈរលើ​ជំហរ​នយោបាយ​ស្មើភាព ស្មើ​សិទ្ធិ​និង ការអនុវត្ត​កាតព្វកិច្ច​ដូចៗ​គ្នា ដែល​កម្ពុជា​ត្រូវបាន​ប្រកាន់យក​តាំងពីដើម​រហូតមក​នេះ បានធ្វើឱ្យ​សង្គម​កម្ពុជា​យើង​ស្ថិតក្នុង​ស្ថានភាព​មួយ​ងាយស្រួល​ចុះសម្រុង ទោះបី​មាន​ជនជាតិ​ដទៃ​ច្រើន និង​សាសនា​ច្រើន​ក៏ដោយ​។ ចំណុច​នេះ មិន​ត្រឹម​តែមាន​មោទនភាព​សម្រាប់​កម្ពុជា​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ក៏​ជា​មោទនភាព​សម្រាប់​ប្រទេស​ក្នុង​តំបន់​និង​ពិភពលោក​ផងដែរ ចំពោះ​ភាពជោគជ័យ​នៃ​សុខដុម​នីយកម្ម​សាសនា​នេះ​។ ទោះជា​យ៉ាងនេះ​ក្ដី ការពង្រឹង​សុខដុម​នីយកម្ម​សាសនា គឺជា​កិច្ចការ​ចាំបាច់​ចំពោះ​មុខ​មួយ​ដែល​រាជរដ្ឋាភិបាល​ត្រូវ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ព្យាយាម​អនុវត្ត​គ្រប់​កាលៈទេសៈ មិន​អាច​មើល​រំលង​បាន​ឡើយ ក្នុង​នោះ​ត្រូវ​ធ្វើឱ្យ​គ្រប់​ជនជាតិ និង សាសនិក​ទាំងអស់​នៅ​កម្ពុជា​អនុវត្ត​កាតព្វកិច្ច​ជាតិ​ដូចៗ​គ្នា គឺ រួបរួមសាមគ្គី​គ្នា ស្នេហា​ជាតិ និង គោរព​រដ្ឋធម្មនុញ្ញ​តែមួយ ព្រះមហាក្សត្រ​តែមួយ ស្របតាម​បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ​។ សម្ដេច​តេ​ជោ សង្ឃឹម​យ៉ាង​មុតមាំ​ថា តាមរយៈ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​«​ទស្សនាទាន​សីលធម៌​សាសនា​ដើម្បី​សុខដុម​នីយកម្ម​នៅ​កម្ពុជា​» នេះ ថ្នាក់ដឹកនាំ និង បរិស័ទ​នៃ​ឥស្លាម​សាសនិក គ្រិស្ត​សាសនិក និង សាសនិក​នៃ​គ្រប់​សាសនា នឹង​ជួយ​ជំរុញ​កិច្ច​សហការគ្នា​កាន់តែ​សកម្ម​រស់​រវើក ក្នុងការ​ពង្រឹង​សុខដុម​នីយកម្ម​ខាង​ផ្នែក​សាសនា​នៅ​កម្ពុជា ដែល​នឹង​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​នូវ​ស្មារតី​ទទួលខុសត្រូវ កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​យើង ហើយ​បន្ត​ប្ដេជ្ញាចិត្ត​រួមគ្នា ក្នុងការ​លើកកម្ពស់​កា​រ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស ពិសេស​យុវជន និង​កុមារ ដែលជា​ទំពាំង​ស្នង​ឫស្សី រួមគ្នា​ទប់ស្កាត់​រាល់​សកម្មភាព​រំលោភបំពាន អំពើហិង្សា​ចំពោះ​កុមារ និង ស្ត្រី ជាដើម ដើម្បី​ភាព​រីកចម្រើន សុខដុមរមនា និង ធានាបាន​នូវ​ផលប្រយោជន៍​សម្រាប់​ទាំងអស់គ្នា​។



​ ​ឯកឧត្ដម មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា​ថ្លែងថា មកដល់​បច្ចុប្បន្ននេះ សាសនា​ទាំងអស់​នៅ​កម្ពុជា​មានការ​រីក​ចម្រើន​គួរ​ជាទី​មោទនៈ ក្នុងនោះ​ព្រះពុទ្ធសាសនា មាន​ពីរ​និកាយ គឺ គណៈមហានិកាយ និង​គណៈធម្មយុត្តិកនិកាយ ដែលមាន​ព្រះសង្ឃ​សរុប​ជិត ៥០០០០​អង្គ វត្ត​ជិត ៥០០០ ដែលមាន​បរិស័ទ​ប្រមាណ​៩៥% ឥស្លាម​សាសនា មាន​ពីរ​និកាយ ដែលមាន​ព្រះវិហារ​ជាង ៤០០ ស្នាក់ការ​ថ្វាយបង្គំ​ជាង ៨០០ និង​មាន​បរិស័ទ ជាង​៣០​ម៉ឺន​នាក់ ហើយ​និង​មាន​គ្រិស្ត​សាសនា​ដែលមាន​ពីរ​និកាយ​ធំៗ សហគមន៍​កាតូលិក និង​ប្រូ​តេស្ត​ង់ ហើយ​មាន​និកាយ​តូចៗ​ជាច្រើន​ទៀត ដែល​នៅក្នុង​និកាយ​ប្រូ​តេស្ត​ង់​។​ មិនតែប៉ុណ្ណោះ​ក៏មាន​សាសនា​ផ្សេងៗ​រួមមាន​សាសនា​មហាយាន​ជាដើម ដែលមាន​បរិស័ទ​សរុប ០,២៥% និង​មាន​វិហារ ស្នាក់ការ​ថ្វាយបង្គំ​មួយចំនួន​ផងដែរ៕




សម្ដេច​តេ​ជោ ​៖ ​ចាំបាច់​ត្រូវ​បន្ត​ពង្រឹង​សុខដុមនីយកម្ម​រវាង​សាសនិក​នៃ​គ្រប់​សាសនា​

Post a Comment

0 Comments

Close Menu