Ad Code

ព្យុះ​ទី​ហ្វុ​ង​ដ៏​មាន​កម្លាំង ​​គំរាមកំហែងភាគ​កណ្ដាល​នៃ​ប្រទេស​ហ្វីលីពីន​

​អាជ្ញាធរ​បាន​បិទ​សាលារៀន ​ហើយ​ផ្អាក​ការ​នេសាទ ​ព្រមទាំង​សេវា​នាវា​ចម្លង នៅ​តំបន់​ភាគ​កណ្ដាល​ប្រទេស​ហ្វីលីពីន ​កាលពី​ថ្ងៃ​ចន្ទ​ ​ទី១៤ ខែ​ធ្នូ​ ខណៈពេលដែល​ព្យុះ​ទី​ហ្វុ​ង​ប្រភេទ Category 3 typhoon បោកបក់​ក្នុង​ល្បឿន​ខ្យល់​យ៉ាងខ្លាំង​ក្លា នៅតាម​បណ្ដោយ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត ដោយ​នាំ​ទាំង​ភ្លៀង​ធ្លាក់​មក​យ៉ាងខ្លាំង ដែល​អាច​បណ្ដាល​ឲ្យ​កើត​ទៅជា​ជំនន់​ និង​រអិល​បាក់​ដី​។



​ការិយាល័យ​ផ្នែក​ឧតុនិយម​និយាយថា ​ព្យុះ​ទី​ហ្វុង Melor ដែល​ត្រូវបាន​គេ​ស្គាល់​នៅក្នុង​ប្រទេស​នេះ ហៅថា ​ព្យុះ Nona ស្ថិតនៅ​ចម្ងាយ​ប្រមាណ ២០៥ គីឡូម៉ែត្រ​ភាគ​ខាងកើត​កោះ Samar ហើយ​បាន​បង្កើន​ឥទ្ធិពល​កាន់តែខ្លាំង​ឡើង​ថែមទៀត ពី​ប្រភេទ​ព្យុះ​ Category 2 Storm កាលពី​យប់មិញ​ ដោយ​ខ្យល់​បក់​មាន​ល្បឿន ១៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។



​ព្យុះ​នេះ​មាន​កម្លាំង​ខ្លាំង​ដូចគ្នា​ទៅនឹង​ព្យុះ​ Haiyan ដែលជា​ប្រភេទ Category 5 typhoon បាន​បោកបក់​នៅ​ភាគ​កណ្ដាល​ប្រទេស​ហ្វីលីពីន ​កាលពី​ឆ្នាំ ២០១៣។ ​កាលណោះ​ព្យុះ Haiyan បានសម្លាប់​មនុស្ស​អស់​ដល់​ទៅ ៨,០០០​នាក់ ដោយ​ក្នុងនោះ​ក៏​នៅមាន​អ្នក​បាត់​ខ្លួន​ទៀតផង​។



​ព្យុះ Melor នេះ​ត្រូវបាន​គេ​រំពឹងថា​ នឹង​ឡើង​គោក​​នៅ​យប់​ថ្ងៃ​ចន្ទ​ នៅ​ខេត្ដ Sorsogon ដែល​នៅ​ភាគ​អាគ្នេយ៍​នៃ​កោះ Luzon​។ ​អាជ្ញាធរ​ទទួលបន្ទុក​ផ្នែក​មហន្ដរាយ​ដោយ​គ្រោះថ្នាក់​ធម្មជាតិ​បានចេញ​បទបញ្ជា​ឲ្យ​បិទទ្វារ​សាលារៀន ​និង​ការិយាល័យ​រដ្ឋបាល​មួយចំនួនស្រប​ពេល​ចាប់ផ្ដើម​ធ្វើការ​ជម្លៀសចេញ​។



​មាន​មនុស្ស​ប្រមាណ ៨,០០០ នាក់​​ជាប់​នៅតាម​កំពង់ផែ​នានា ​បន្ទាប់ពី​ឆ្មាំ​ឆ្មេ​រ​សមុទ្រ​បាន​បញ្ឈប់​រាល់​សេវាកម្ម​ស្រឡាង​ចម្លង​ និង​ផ្អាក​ការធ្វើ​នេសាទ នៅ​ភាគ​កណ្ដាល​ប្រទេស​ហ្វីលីពីន​នោះ​។



​លោក Alexander Pama នាយក​ប្រតិ​ប​ត្ដិ​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កាត់បន្ថយ​គ្រោះមហន្ដរាយ​ និង​ក្រុមប្រឹក្សា​ផ្នែក​គ្រប់គ្រង​បាន​លើក​យកមក​និយាយថា ​ព្យុះ​ទី​ហ្វុ​ង Melor ត្រូវបាន​រំពឹងថា​ នឹង​​បណ្ដាល​ឲ្យ​កើតជា​ជំនន់​ទឹកភ្លៀង​បាក់​រអិល​ដី​ ជាមួយនឹង​ទឹករលក​អាចមាន​កម្ពស់​ដល់​ទៅ ៤ ម៉ែត្រ​​កាត់ផ្ដាច់​ទាំង​ថាមពល ​និង​ប្រព័ន្ធ​គមនាគមន៍​។



​មាន​ប្រមាណ ២០ ខេត្ដ​ក្នុងនោះ​មាន​ទាំង​ក្រុង​ម៉ានីល​​ទៀតផង ​ស្ថិតនៅក្រោម​ការប្រកាស​អាសន្ន​ពី​ព្យុះ​ទី​ហ្វុ​ង ដោយសារតែ​ខ្យល់​បក់​យ៉ាងខ្លាំង​ជា​​មួយ​នឹងភ្លៀង ដែលមាន​កម្រិត​ទឹក​ដល់​ទៅ ៣០០ មី​ល្លី​ម៉ែត្រ​(12 inches) ​ស្ថិតនៅក្នុង​រង្វង់ ៣០០ គីឡូម៉ែត្រ។



​ ​ជា​រៀងរាល់ឆ្នាំ ​ប្រទេស​ហ្វីលីពីន​​រង​ការឆ្លងកាត់​ដោយសារ​ព្យុះ​ធំ​ប្រមាណ ២០ ដង​៕


Reuters



ព្យុះ​ទី​ហ្វុ​ង​ដ៏​មាន​កម្លាំង ​​គំរាមកំហែងភាគ​កណ្ដាល​នៃ​ប្រទេស​ហ្វីលីពីន​

Post a Comment

0 Comments

Close Menu