Ad Code

រដ្ឋសភា អនុម័ត​ជា​ឯកច្ឆន្ទ​សេចក្ដីព្រាងច្បាប់​ចំនួន​៣​

ភ្នំពេញ ៖ សម័យប្រជុំ​ពេញអង្គ​របស់​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៥ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ធ្នូ​នេះ បាន​សម្រេច​អនុម័ត​ជា​ឯកច្ឆន្ទ នូវ​សេចក្ដីព្រាងច្បាប់​ចំនួន​៣​។​


សម័យប្រជុំ​រដ្ឋសភា​នេះ ដឹកនាំ​ដោយ​សម្ដេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​មាន​កូរ៉ុម​សមាជិកសភា​ចូល​ប្រជុំ​សរុប​ចំនួន​១០២​រូប រួម​ទាំង​វត្តមាន​សម្ដេច​អគ្គ​មហា​សេនាបតី​ តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៣៤​រូប ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​សេចក្ដីព្រាងច្បាប់​ចំនួន​៣​នេះ។​


សេចក្ដីព្រាង​ច្បាប់​ទាំង​៣​រួមមាន សេចក្ដីព្រាងច្បាប់​ស្ដីពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​សម្រាប់​ធ្វើ​វិសោធនកម្ម កិច្ចព្រមព្រៀង​ម៉ា​រ៉ា​កេស ​ស្ដីពី​ការ​បង្កើត​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​បញ្ចូល​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម ទៅ​ក្នុង​ឧបសម្ពន្ធ​១​ក នៃ​កិច្ចព្រមព្រៀង​ម៉ា​រ៉ា​កេស ត្រូវ​បាន​រដ្ឋសភា​អនុម័ត​ដោយ​សំឡេង​១០១ លើ​១០១​សំឡេង។ សេចក្ដីព្រាងច្បាប់​ស្ដីពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្ដីពី​ការ​បង្កើត​មជ្ឈមណ្ឌល​ជីវៈ​ចម្រុះ​អាស៊ាន​ ត្រូវ​បាន​រដ្ឋសភា​អនុម័ត​ដោយ​សំឡេង​១០១ លើ​១០១​សំឡេង​។ និង​សេចក្ដីព្រាងច្បាប់​ស្ដីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ ត្រូវ​បាន​រដ្ឋសភា​អនុម័ត​១០០​សំឡេង លើ​១០១​សំឡេង នៃ​សមាជិក​ពេញអង្គ​ដែល​បាន​ចូលរួម។


យោង​តាម​សេចក្ដីថ្លែងហេតុ​របស់​សេចក្ដី​ព្រាង​ច្បាប់ ដែល​មាន​៣​មាត្រា ស្ដីពី​ការ​អនុម័ត​យល់​ព្រម​លើ​ពិធីសារ​សម្រាប់​ធ្វើ​វិសោធនកម្ម កិច្ចព្រមព្រៀង​ម៉ា​រ៉ា​កេស ស្ដីពី​ការ​បង្កើត​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​បញ្ចូល​កិច្ចព្រមព្រៀង ស្ដីពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម ទៅ​ក្នុង​ឧបសម្ពន្ធ​១​ក នៃ​កិច្ចព្រមព្រៀង​ម៉ា​រ៉ា​កេស​នោះ​បញ្ជាក់​ថា កិច្ចព្រមព្រៀង ស្ដីពី​កិច្ច​សម្របសម្រួល​ពាណិជ្ជកម្ម នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ត្រូវ​បាន​អនុម័ត​កាលពី​ខែ​ធ្នូ ​ឆ្នាំ​២០១៣ ​នៅ​ទីក្រុង​បាលី​ប្រទេស​ឥណ្ឌូណេស៊ី នា​សន្និសីទ​លើក​ទី​៩ របស់​រដ្ឋមន្ត្រី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ មកដល់​បច្ចុប្បន្ន មាន​ប្រទេស​ជា​សមាជិក​ជាច្រើន​ហើយ ដែល​បានផ្តល់​សច្ចាប័ន។ ក្នុង​ឋានៈ​ជា​សមាជិក​មួយ​ដែរ​នោះ កម្ពុជា​មាន​កាតព្វកិច្ច​ផ្តល់​សច្ចាប័ន​លើ​ពិធីសារ​សម្រាប់​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ម៉ា​រ៉ា​កេស​នេះ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន ដើម្បី​ផលប្រយោជន៍​របស់​កម្ពុជា។​


ចំពោះ​សេចក្ដីព្រាងច្បាប់ ស្ដីពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ស្ដីពី​ការ​បង្កើត​មជ្ឈមណ្ឌល​ជីវៈ​ចម្រុះ​អាស៊ាន ដែល​មាន​២​មាត្រា និង​មាន​១៤​ប្រការ តាម​សេចក្ដីថ្លែងហេតុ​បាន​បញ្ជាក់​ថា ការ​ផ្តល់​សច្ចាប័ន​របស់​កម្ពុជា​ទៅលើ​ច្បាប់​នេះ ​នឹង​រួមចំណែក​យ៉ាង​សំខាន់​ធានា​បាន​នូវ​និរន្តរភាព​សម្រាប់​មជ្ឈមណ្ឌល​ជីវចម្រុះ​អាស៊ាន សម្រាប់​អនុវត្ត​ការងារ​ថ្នាក់​តំបន់ និង​កិច្ច​សហ​ប្រតិបត្តិការ រវាង​ស្ថាប័ន​អាស៊ាន សំដៅ​ធានា​បាន​នូវ​ប្រសិទ្ធភាព នៃ​ការគ្រប់គ្រង​ធនធាន​ជីវចម្រុះ ការ​រៀបចំ​យុទ្ធសាស្ត្រ​អាទិភាព​ទាក់ទង ការគ្រប់គ្រង​បរិស្ថាន ធនធានធម្មជាតិ និង​ការ​គាំទ្រ​ដល់​គំនិត​ផ្ដួចផ្ដើម​សកល នៃ​ការ​ធានា​បាន​នូវ​ការប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព។ ម្យ៉ាងទៀត ការ​ផ្តល់​សច្ចាប័ន​របស់​កម្ពុជា​ទៅលើ​កិច្ចព្រមព្រៀង ស្ដីពី​ការ​បង្កើត​មជ្ឈមណ្ឌល​នេះ​នឹង​រួមចំណែក​លើក​កម្ពស់​ការ​បង្រួបបង្រួម ​និង​ការ​ពង្រឹង​ទំនាក់ទំនង ចំណង​សាមគ្គីភាព នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដើម្បី​សម្រេច​ទិសដៅ​សហគមន៍​អាស៊ាន។ ការ​ចុះ​សច្ចាប័ន​នេះ​កម្ពុជា​ត្រូវ​បង់​វិភាគទាន​ចំនួន​៥០.០០០​ដុល្លារ ដើម្បី​យក​ទៅ​រក្សាទុក​ក្នុង​ធនាគារ​ជាមួយ​មូលនិធិ​សម្រាប់​មជ្ឈមណ្ឌល​នេះ។​


ចំណែក​សេចក្ដីព្រាងច្បាប់ ស្ដីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដែល​មាន​២២​ជំពូក និង​មាន​១២៤​មាត្រា តាម​សេចក្ដីថ្លែងហេតុ​បញ្ជាក់​ថា ដើម្បី​លើកកម្ពស់​ការ​ចិញ្ចឹម​សត្វ​ឲ្យ​មាន​ការ​រីកចម្រើន សម្រាប់​បម្រើ​ការងារ​កសិកម្ម និង​សម្រាប់​ផ្គត់ផ្គង់​សាច់​ក្នុងស្រុក​និង​នាំចេញ​ក្រៅ​ប្រទេស ពិសេស​ពេល​សហគមន៍​អាស៊ាន​សេដ្ឋកិច្ច​អាស៊ាន​ចូល​ជា​ធរមាន​នៅ​ចុង​ឆ្នាំ​២០១៥​នោះ ចាំបាច់​ត្រូវ​មាន​កំណែទម្រង់​រចនាសម្ព័ន្ធ ការ​គ្រប់គ្រង​ផ្នែក​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ដើម្បី​ជំរុញ​ការងារ​នេះ​ពី​ថ្នាក់​កណ្ដាល​រហូតដល់​មូលដ្ឋាន​ធ្វើ​ឲ្យ​ទំនើបកម្ម និង​ភាព​ទាន់​សម័យ ការពារ​សុខភាព​មនុស្ស​សត្វ សុខុមាលភាព​សត្វ សម្រួល​ពាណិជ្ជកម្ម​សត្វ​ និង​ផលិតផល​សត្វ​ប្រកបដោយ​ប្រសិទ្ធភាព៕ Pisey-2015-12-16-full-G



រដ្ឋសភា អនុម័ត​ជា​ឯកច្ឆន្ទ​សេចក្ដីព្រាងច្បាប់​ចំនួន​៣​

Post a Comment

0 Comments

Close Menu