Ad Code

ព្រលាន​យន្ដហោះ​នៅ​ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា ដែល​រង​ការ​ជន់​លិច​​​ដោយ​ភ្លៀង​ បាន​បើក​វិញ​ហើយ

ព្រលាន​យន្ដហោះ​​នៅរដ្ឋ Tamil Nadu នៃប្រទេស​ឥណ្ឌា ដែល​ជន់​លិច​​​ដោយសារ​ភ្លៀង​​នោះ បាន​បើក​ដំណើរ​ការ​​ឡើងវិញហើយ​កាលពីថ្ងៃ​​អាទិត្យ ខណៈ​​ពេល​ដែល​ក្រុម​បុគ្គលិក​​សង្គ្រោះបន្ទាន់​វិញបាន​​ជួយ​ដល់​​អ្នកស្រុក​ដល់ទៅរាប់ពាន់​នាក់ ដែល​រងការ​បង្ខំ​ឲ្យ​ភៀសខ្លួន​ចេញ​ពីលំនៅដ្ឋាន​របស់ពួកគេ​​ដែល​រងការ​​​លិចលង់។


ព្រលានយន្ដហោះ​អន្ដរជាតិ​នៅក្រុង Chennai ប្រចាំ​រដ្ឋ​បាន​បិទទ្វារ​​កាលពីថ្ងៃ​ពុធ បណ្ដាល​ឲ្យ​អ្នក​ដំណើរ​​​វាល់​ពាន់​នាក់​ត្រូវគាំង​​ដំណើរ​ បន្ទាប់ពី​ភ្លៀង​ធ្លាក់​មកយ៉ាងខ្លាំង​​បង្ក​ឲ្យ​​កើត​ជា​ជំនន់​យ៉ាង​ធ្ងន់​បំផុត​​ ហើយបានឆក់​យកជីវិត​មនុស្ស​​​​ដល់ទៅជិត​៣០០​នាក់ ចាប់តាំងពី​ថ្ងៃ​ទី០៩ ខែ​វិច្ឆិកា កន្លងមក។


អ្នកស្រុកដល់​ទៅ​រាប់​ពាន់​នាក់​​ត្រូវបានជួយ​​សង្គ្រោះ​​ដោយទូក​​ ឲ្យចាកចេញ​ពីលើដំបូល​ផ្ទះ​របស់​ពួកគេ​​ បន្ទាប់ពី​ទឹកជំនន់​បានពន្លិច​​ក្រុង Chennai ដែល​មាន​មនុស្ស​រស់នៅ​ដល់ទៅជាង​​៤លាននាក់នោះ។ សូម្បីតែ​​ការផ្គត់ផ្គង់​ទឹកស្អាត​ និងបណ្ដាញ​​ទូរស័ព្ទ​​ក៏​​រងការ​កាត់ផ្ដាច់​ទាំងស្រុង។


កងទ័ព​ ព្រមទាំង​បុគ្គលិកសង្គ្រោះបន្ទាន់​ផ្សេងៗ​ទៀត​​​ដែល​បាន​សម្រុកចូលទៅកាន់​រដ្ឋ​ភាគ​អាគ្នេយ៍​​​ប្រទេសនោះ​​ ឥឡូវនេះកំពុង​តែប្រញាប់​ប្រញាល់​​​ដឹក​ជញ្ជូន​​ស្បៀង​អាហារ​​ ទឹកស្អាត ព្រមទាំង​បរិក្ខារ​​ពេទ្យ​ទៅ​ឲ្យអ្នកស្រុក​​ដែលរងការប៉ះពាល់​​ដោយសារ​​តែ​ទឹក​ជំនន់នោះហើយ។


ទោះជាយ៉ាង​ណា ក៏ភ្លៀង​​បែរជា​​ធ្លាក់ចុះ​​មកម្ដង​ទៀត​​នៅក្រុង​​ Chennai នោះកាលពី​​ថ្ងៃអាទិត្យ ជា​ការ​គំរាម​កំហែង​រំខាន​ដល់​ការ​ខិតខំ​ប្រឹង​ប្រែង​​​ក្នុង​ការ​ជួយ​អន្ដរាគមន៍​​សម្អាត​​​ដងផ្លូវនានា​​ ព្រមទាំង​​កម្ទេច​កម្ទី​​រាយប៉ាយ​ដោយសារ​តែ​អណ្ដែត​​​តាមទឹក​ជន់។ ដោយ​ឡែកការខឹងសម្បា​នៅតែ​​​កើត​មាន​ឡើង​​ក្នុងចំណោម​អ្នកស្រុក​​មួយចំនួន​ ដែល​ចោទ​ប្រកាន់​​ទៅលើ​អាជ្ញាធរ​​​ក្នុងតំបន់​ពីការ​ខកខាន​មិន​បាន​ជួយ​​ជន​ទាំងឡាយ​ណា​ដែល​​រងការប៉ះពាល់​ឲ្យ​បាន​ទាន់ពេល​វេលានោះ៕


AFP



ព្រលាន​យន្ដហោះ​នៅ​ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា ដែល​រង​ការ​ជន់​លិច​​​ដោយ​ភ្លៀង​ បាន​បើក​វិញ​ហើយ

Post a Comment

0 Comments

Close Menu