កំពង់ឆ្នាំង ៖ មន្ត្រីរាជការរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តចំនួន៤៨នាក់ ដែលមានស្នាដៃល្អក្នុងការបំពេញការងារកន្លងមកត្រូវបានបំពាក់មេដៃ និងលើកសរសើរជូនរង្វាន់ពីថ្នាក់រដ្ឋមន្ត្រីផងដែរ។
ពិធីនេះប្រារព្ធធ្វើឡើងដោយមានការចូលរួមពីលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនអមដំណើរដោយអនុរដ្ឋលេខាធិការ សហការី និងមានការចូករួមពីលោក ឈួ ចន្ទ័ឌឿន អភិបាលខេត្ត លោក កែវ ពៅ ទីប្រឹក្សាផ្ទាល់សម្តេចក្រឡាហោម ស ខេង លោកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្តកងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរស្ថាប័នអស់លោក លោកស្រី អភិបាល អភិបាលរងស្រុក/ក្រុងទាំង៨បុគ្គលិកទាំងអស់ ក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនចូលរួមជិត២០០នាក់។ ពិធីនេះធ្វើឡើងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ ក្នុងសាលប្រជុំរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត។
ក្នុងពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសក្នុងថ្ងៃនេះ លោក កែវ ពៅ ទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង បានឡើងអានរបាយការណ៍ស្ដីពីការអនុវត្តន៍ការងារកន្លងមករបស់មន្ទីរសាធារណការ និងដឹកជញ្ជូនសម្រេចបានកន្លងមកក្នុងឆ្នាំ២០១៥ មានការថែទាំជាប្រចាំលើផ្លូវជាតិខេត្ត និងផ្លូវក្នុងក្រុង២២ខ្សែ ប្រវែងសរុប២៧៥,១១០គីឡូម៉ែត្រ ក្នុងនោះផ្លូវក្រាលកៅស៊ូប្រវែង១៦៤.៤១០គីឡូម៉ែត្រ និងផ្លូវក្រាលក្រួសក្រហមប្រវែង១១០,៧០០គីឡូម៉ែត្រ ក្នុងនោះការងារថែទាំជាប្រចាំមាន២គម្រោងក្រាលក្រួសក្រហម និងដីល្បាយថ្មភ្នំប្រវែង១៣,៣២០ម៉ែត្រសម្រេចបាន១០០%ការងារជួសជុលបន្ទាន់ទទួលបាន០៩គម្រោង សម្រេចបាន១០០%បាន០៨គម្រោង និងមួយគម្រោងទៀតកំពុងដំណើរការ។
ដោយឡែក ការផ្តល់ប័ណ្ណសម្គាល់ និងស្លាកលេខទោចក្រយានយន្តបាន៦.៤៩៦គ្រឿងហើយបានផ្តល់ប័ណ្ណសម្គាល់ និងស្លាកលេខរថយន្តសរុប១៨៣គ្រឿង ក្នុងនោះបានបើកវគ្គប្រឡងយកប័ណ្ណបើកបរទោចក្រយានយន្តបាន០៣វគ្គ និងផ្តល់ប័ណ្ណបើកបរទោចក្រយានយន្តបាន១៥០។ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង១២៤ករណី បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៤ មាន២៣០ករណី ថយចុះ១០៦ករណី បណ្តាលឲ្យមនុស្សស្លាប់៦៩នាក់ ថយចុះ៣៤នាក់របួសធ្ងន់និងស្រាល២៦២នាក់ ថយចុះ១៩៤នាក់។
ក្នុងនោះបញ្ហាប្រឈមពុំចំពោះមុខ គឺពុំមានកញ្ចប់ថវិកាសម្រាប់ចុះផ្សព្វផ្សាយច្បាប់ស្ដីពីផ្លូវថ្នល់ ដីចំណីផ្លូវ និងច្បាប់ចរាចរណ៍ផ្លូវគោក ម្ចាស់យានដ្ឋានមួយចំនួនធំមិនព្រមចុះបញ្ជី និងធ្វើលិខិតអនុញ្ញាតធ្វើអាជីវកម្ម មធ្យោបាយដឹកជញ្ជូនមួយចំនួនធំមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេស(ឈៀក) ស្ថានភាពបច្ចុប្បន្ន ជលយានភាគច្រើននៅតែធ្វើអាជីវកម្មបានដោយមិនមានច្បាប់គ្រប់គ្រាន់ ការចុះបញ្ជីជលយាននៅមានភាពស្មុគស្មាញ ព្រោះប្រជាពលរដ្ឋនៅមើលបំណាំជនអន្តោប្រវេសន៍ ក្នុងនោះការចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោករបស់សមត្ថកិច្ចកន្លងមកពុំទាន់មានប្រសិទ្ធភាពនៅឡើយ។
លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ក្នុងពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសដល់មន្ត្រីរាជការក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តថា សូមបងប្អូនទាំងអស់ ត្រូវខិតខំធ្វើយ៉ាងណាយកចិត្តទុកដាកបំពេញការងារបន្ថែមទៀត ខណៈដែលប្រទេសយើងកំពុង ស្ថិតក្នុងការអភិវឌ្ឍចំពោះការដែលបងប្អូនប្រជាពលរដ្ឋបានសំណូមពរដល់ក្រសួងឲ្យមានការចុះមកធ្វើការងារជិតប្រជាពលរដ្ឋ គឺក្រសួងធ្វើប្រតិភូកម្មពីថ្នាក់ខេត្តរហូតដល់ថ្នាក់ស្រុកមិនទាន់អាចទៅរួច។
ចំពោះការធ្វើពាក់ម៉ីម៉ូតូដែលត្រូវបានបង់៣០ដុល្លារ សូមឲ្យផ្អាកការធ្វើពាក់ម៉ីបណ្ដោះអាសន្នសិន ក្នុងនោះត្រូវធ្វើការប្រជុំជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយក្រសួងហិរញ្ញវត្ថុ និងអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងនោះច្បាប់ថ្មីប័ណ្ណបើកបររថយន្តតូចរយៈពេល១០ឆ្នាំចំពោះរថយន្តធំ៥ឆ្នាំ ចំពោះប័ណ្ណដែលហួសសុពលភាព ត្រូវដូរតែត្រឹម១០ដុល្លារប៉ុណ្ណោះ។
នៅបញ្ចប់ពិធីមានការបំពាក់គ្រឿងឥស្សរិយយសដល់មន្ត្រីរាជការមន្ទីរសាធារណការ និងដឹកជញ្ជូន៤៨នាក់ ដែលមានស្នាដៃក្នុងការងារកន្លងមកក្នុងនោះមេដៃថ្នាក់(ធិបឌិន១) មេដៃសុវត្ថារ៉ាថ្នាក់(សេនា៩)មេដៃសុវត្ថារ៉ា(អសារិទ្ធ១០)(មាស១៨)(ប្រាក់៦)(សំរិទ្ធ៤)(ម៉ូតូ៣គ្រឿង) រួមនឹងសម្ភារៈមួយចំនួនផងដែរ។ ក្នុងនោះក៏មានការពីសាបាយសាមគ្គីរួមគ្នា ជាមួយមន្ត្រីខ្លះដែលលោកបានចូលនិវត្តន៍ទៅហើយក្តី ដើម្បីបង្ហាញពីភាពស្និទ្ធស្នាលផងដែរ៕
ការរៀបចំពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនដល់មន្ត្រីរាជការមន្ទីរសាធារណការ និងដឹកជញ្ជូន
0 Comments