Ad Code

រុស្ស៊ី​ស្នើ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ពិភាក្សា​ពី​សកម្មភាព​របស់​ទួរគី​ ក្នុង​ប្រទេស​ស៊ី​រី ​និង​អ៊ីរ៉ាក់

អ្នកការទូត​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​រុស្ស៊ី​បាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រ​ជាជាតិ​រៀបចំ​កិច្ចពិភាក្សា​បិទទ្វារ​ទាក់ទង​នឹង​សកម្មភាព​យោធា​របស់​ប្រទេស​ទួរគី​នៅក្នុង​ប្រទេស​ស៊ី​រី​ និង​អ៊ីរ៉ាក់​ ដែល​នេះ​ជា​សញ្ញា​ចុងក្រោយ​បំផុត​នៃ​ការ​បង្កើន​ភាព​តានតឹង​រវាង​ទីក្រុង​មូ​ស្គូ​ និង​ទីក្រុង​អង់ការ៉ា​។​



អ្នកការទូត​ម្នាក់​បាន​ប្រាប់ Reuters ថា “​យើង​មិន​មាន​សេចក្ដីលំអិត​នោះ​ទេ ​ប៉ុន្តែ​រុស្ស៊ី​បាន​ស្នើ​ឲ្យ​ពិភា​ក្សា​អំពី​បញ្ហា​នៃ​សកម្មភាព​របស់​ទួរគី ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ និង​ប្រទេស​ស៊ី​រី​”​។



អ្នកការទូត​ដដែល​បាន​និយាយ​បន្ត​ថា កិច្ចពិភាក្សា​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ធ្វើ​ឡើង បន្ទាប់ពី​កិច្ច​ប្រ​ជុំ​បិទទ្វារ​របស់​សមាជិក​ទាំង​១៥​ប្រទេស​នៃ​ក្រុមប្រឹក្សា​លើ​បញ្ហា​នានា ​ដែល​មិន​ទាក់ទង​នឹង​បញ្ហា​នេះ​ដោយ​ចាប់ផ្តើម​នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​អង្គារ។​



សហរដ្ឋអាមេរិក ​ដែល​ជា​ប្រធាន​នៃ​ក្រុមប្រឹក្សាសន្តិសុខ​នៅ​ខែ​នេះ​នឹង​ធ្វើជា​ប្រធាន​កិច្ចពិភាក្សា​។​


ក្រុម​មន្ត្រី​ទួរគី​បាន​និយាយ​ថា យន្តហោះ​រុស្ស៊ី​ដែល​ខ្លួន​បាន​បាញ់​ទម្លាក់​នោះ​គឺ​បាន​រំលោភ​លើ​ដែន​អា​កាស​របស់​ប្រទេស​ទួរគី ​ហើយ​ត្រូវ​បាន​ព្រមាន​ម្តង​ហើយ​ម្តង​ទៀត​។ ប៉ុន្តែ​ក្រុង​មូ​ស្គូ​បាន​និយាយ​ថា យន្តហោះ​នេះ​គឺ​ស្ថិត​នៅ​លើ​ប្រទេស​ស៊ី​រី​ជា​កន្លែង ​ដែល​ប្រទេស​រុស្ស៊ី​កំពុង​បន្ត​យុទ្ធនាការ​អាកាស​ដើម្បី​គាំទ្រ​កងកម្លាំង​របស់​លោក​ប្រធានាធិបតី​ បា​សា​ អាល់​អាសាដ​ នៅក្នុង​សង្គ្រាមស៊ីវិល​រយៈ​ពេ​ល​ជិត​ប្រាំ​ឆ្នាំ​។​



ដោយឡែក​ប្រទេស​អ៊ីរ៉ាក់​ក៏បាន​ចោទប្រកាន់​ទួរគី​ផង​ដែរ​ថា បាន​រំលោភ​លើ​ដែន​អធិបតេយ្យភាព​រប​ស់​ខ្លួន​ ដោយ​ការ​ដាក់​ពង្រាយ​កងកម្លាំង​ប្រដាប់​អាវុធ​ធុន​ធ្ងន់​ទៅកាន់​ជំរំ​មួយ​នៅ​ជិត​សមរភូមិ​ជួរមុខ​នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់​កាលពី​សប្ដាហ៍​មុន​។​ អ៊ីរ៉ាក់​បាន​គំរាម​ថា ខ្លួន​នឹង​បញ្ជូន​ករណីនេះ​ទៅ​កាន់​ក្រុមប្រឹក្សាសន្តិសុខ លុះត្រាតែ​ទួរគី​ដក​កងទ័ព​របស់​ខ្លួន​ចេញ​។​



ជាមួយគ្នា​នោះ ប្រទេស​ទួរគី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​នឹង​មិន​ដក​ទាហាន​រាប់​រយ​នាក់​ដែល​បាន​មក​ដល់​កាល​សប្ដាហ៍​មុន​ចេញពី​មូលដ្ឋាន​នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់​នោះ​ទេ​ បើ​ទោះ​ជា​ត្រូវ​បាន​បញ្ជា​ដោយ​ទីក្រុង​បា​ដា​ដ​ឲ្យ​ដក​ពួកគេ​ចេញ​ក្នុង​រយៈពេល​៤៨​ម៉ោង​ក៏ដោយ​។​



រដ្ឋាភិបាល​ទីក្រុង​អង់ការ៉ា​បាន​និយាយ​ថា កងទ័ព​នៅ​ទីនោះ​គឺជា​ផ្នែក​មួយ​នៃ​បេសកកម្ម​អន្តរជាតិ​ដើម្បី​ហ្វឹកហ្វឺន ​និង​បំពាក់​ដល់​កងកម្លាំង​អ៊ីរ៉ាក់​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម​។ ប៉ុន្តែ​រដ្ឋា​ភិ​បាល​អ៊ីរ៉ាក់​បាន​និយាយ​ថា ខ្លួន​មិនដែល​បាន​អញ្ជើញ​កងកម្លាំង​បែបនេះទេ៕


AFP




រុស្ស៊ី​ស្នើ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ពិភាក្សា​ពី​សកម្មភាព​របស់​ទួរគី​ ក្នុង​ប្រទេស​ស៊ី​រី ​និង​អ៊ីរ៉ាក់

Post a Comment

0 Comments

Close Menu