ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់គណៈកម្មាការទទួលបន្ទុកកិច្ចការព្រំដែនបានអះអាងថា ការបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជា ប្រទេសវៀតណាម ឡាវ និងថៃ សម្រេចបានជាង៨៦ ភាគរយហើយ និងនៅសល់ជាង១០ ភាគរយទៀត ដែលភាគីទាំង៣ កំពុងតែបន្តជជែកពិភាក្សាគ្នា លើចំណុចដែលនៅសេសសល់ និងមិនទាន់ឯកភាពគ្នា ដើម្បីឈានទៅដល់ការបញ្ចប់ការបោះបង្គោលព្រំដែនទាំងស្រុងឲ្យបានឆាប់។
លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាជាតិទទួលបន្ទុកកិច្ចការព្រំដែនប្រទេសកម្ពុជា បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ថា មកដល់ពលនេះ ក្រុមការងារចម្រុះកិច្ចការព្រំដែនកម្ពុជា-ថៃ បានរកឃើញបង្គោលព្រំដែនចាស់ៗដែលបន្សល់ទុកកាលពីសម័យមុនចំនួន៦២ បង្គោល ហើយនៅសល់ចំនួន១១ ទៀត កំពុងរុករកបន្ត ដោយឡែកជាមួយវៀតណាមបោះបានចំនួន៣១២ នៅសល់៦៣ ហើយជាមួយប្រទេសឡាវ បោះបានចំនួន១២១ នៅសល់២៤។
ទាក់ទងបញ្ហានេះ លោកស្រី កុយ ពិសី បញ្ជាក់ថា បញ្ហាបង្គោលព្រំដែនជាមួយប្រទេសថៃ មិនបានបោះបង្គោលព្រំដែនឡើងវិញទេ ពីព្រោះបានបន្សល់ទុកបង្គោលដែលបោះតាំងពីជំនាន់បារាំង មានចំនួន៧៣ បង្គោល ហើយភារកិច្ចរបស់គណៈកម្មការចម្រុះប្រទេសទាំងពីរកម្ពុជា-ថៃ គឺរុករកបង្គោលព្រំដែនចាស់ ដែលបានបោះតាំងពីទស្សវត្សឆ្នាំ១៩០៨ ឆ្នាំ១៩០៩ និងឆ្នាំ១៩១៨ ឆ្នាំ១៩១៩ និងឆ្នាំ១៩២០ ដែលបោះបាន៧៣ បង្គោល ហើយក្រុមការងារចម្រុះប្រទេសទាំងពីរបន្តរកបង្គោលចាស់ ដោយរកឃើញចំនួន៦២ បង្គោល នៅសល់១១ បង្គោលទៀត ប៉ុន្តែនៅក្នុងចំណោមបង្គោលព្រំដែនចំនួន៦២ ដែលបានរកឃើញ គឺមានបង្គោលខ្លះ ក៏បានឯកភាពគ្នា និងមួយចំនួនទៀត មិនទាន់បានឯកភាពគ្នានៅលើទីតាំងទេ ហើយភាគីទាំងពីរត្រូវការជជែកគ្នាឡើងវិញ។
ដោយឡែកចំពោះការបោះបង្គោលព្រំដែនជាមួយប្រទេសឡាវ លោកស្រី កុយ ពិសី បានអះអាងថា បោះបាន៨៦ ភាគរយ នៅសល់១៤ ភាគរយទៀត ដែលគណៈកម្មការចម្រុះប្រទេសទាំងពីរបន្តជជែកពិភាក្សាគ្នា ដើម្បីបញ្ចប់ការបោះបង្គោលព្រំដែនទាំងស្រុង ហើយការបញ្ចប់នៅពេលណា គឺអាស្រ័យទៅលើប្រទេសទាំងពីរឯកភាពគ្នា” ហើយបង្គោលព្រំដែនរវាងកម្ពុជា និងឡាវ មានចំនួន១៤៥ បង្គោល ហើយការបោះបង្គោលព្រំដែនបានចំនួន១២១បង្គោលនៅសល់២៤ បង្គោល។
លោកស្រីអនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាជាតិទទួលបន្ទុកកិច្ចការព្រំដែនបានមានប្រសាសន៍ដែរថា ចំពោះការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម បាន៨៣.២ ភាគរយនៅសល់១៦.៨ ភាគរយទៀត នឹងបញ្ចប់ការបោះបង្គោលធំទាំងស្រុងនៅតាមបណ្តោយព្រំដែនជាមួយវៀតណាម ហើយបើនិយាយពីទីតាំងមានចំនួន៣១៤ ទីតាំង ដោយសារតែបង្គោលខ្លះមានបង្គោលភ្លោះ និងបង្គោលត្រី ហើយបង្គោលនៅលើដីជាក់ស្តែងមានចំនួន ៣៧៥ បង្គោល ដែលភាគីទាំងពីរបានឯកភាពគ្នាបោះបង្គោលបានចំនួន៣១២ បង្គោល នៅសល់ចំនួន៦៣បង្គោល៕
ក្រុមការងារចម្រុះកិច្ចការព្រំដែនជាមួយវៀតណាម ថៃ និងឡាវ អនុវត្តន៍ការងារបានជាង៨៦ភាគរយហើយ
0 Comments