Ad Code

ខ្សែ​ប្រយុទ្ធ​ Clinton ​អវត្តមាន​ចូល​លេង​ឲ្យ​ក្លិប​Tottenham Hotspur ​រយៈពេល​២​ខែ​កន្លះ​ដោយសារ​របួស​សរសៃពួរ​​ជង្គង់

អ្នកចាត់ការ​ក្លិប​មាន់​ខ្នាយ​មាស Tottenham Hotspur លោក Mauricio Pochettino បាន​ឲ្យ​ដឹងថា ខ្សែប្រយុទ្ធ Clinton N’Jie នឹង​អវត្តមាន​ចូល​លេង​ឲ្យ​ក្លិប​មួយ​នេះ​យ៉ាងហោចណាស់​រយៈពេល ២​ខែ បន្ទាប់ពី​មាន​បញ្ហា​របួស​ជង្គង់។


កីឡាករ​សញ្ជាតិ​កា​មេ​រ៉ូ​ន វ័យ​២២​ឆ្នាំ​រូបនេះ​បានធ្វើការ​វះកាត់​កាលពី​សប្ដាហ៍​មុន បន្ទាប់ពី​រង​របួស​សរសៃ​ពួរ​ជង្គង់ អំឡុងពេល​មានការ​ប៉ះទង្គិច​គ្នា​នៅ​ក្នុង​តង់​ទី​ពីរ​នៃ​ជំនួប​រវាង​ក្លិប​មាន់​ខ្នាយ​មាស Tottenham Hotspur ជាមួយ​នឹង​ក្លិប Monaco ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់ Europa League កាលពី​ថ្ងៃទី​១០ ខែ​ធ្នូ​កន្លង​ទៅនេះ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​អ្នកចាត់ការ Mauricio Pochettino បាន​ឲ្យ​ដឹងថា ក្នុងជំនួប​ជាមួយ​ក្លិប​ចាប​លឿង Norwich City នៅ​ថ្ងៃ​សៅរ៍​នេះ​នឹង​មិន​មាន​វត្តមាន​ខ្សែប្រយុទ្ធ Clinton N’Jie មក​ចូលរួម​ឡើយ ហើយ​យើង​ក៏​មិនទាន់​ដឹង​ច្បាស់​ពី​ស្ថានភាព​ជំងឺ​របស់​កីឡាករ​រូប​នេះ​នៅឡើយ​ដែរ ដោយ​គ្រាន់តែ​ដឹង​ថា Clinton N’Jie នឹង​សម្រាក​ព្យាបាល​របួស​មួយ​នេះ​ប្រហែលជា ២​ខែ​ទៅ​២​ខែ​កន្លះ។


Mauricio Pochettino បន្ថែម​ថា យើង​កំពុងតែ​មានការ​ព្រួយបារម្ភ​ចំពោះ​បញ្ហា​របួស​របស់​ខ្សែប្រយុទ្ធ Clinton N’Jie ព្រោះថា​កីឡាករ​វ័យក្មេង​មួយ​រូប​នេះ​កំពុង​មាន​ការ​កោតសរសើរ​​ និង​ស្ញប់ស្ញែង​ពី​សំណាក់​អ្នកគាំទ្រ បន្ទាប់ពី​បង្ហាញ​ទម្រង់​លង​បាន​យ៉ាង​ល្អ​នៅ​ក្នុង​ការប្រកួត​នា​ពេល​កន្លង​មក​នេះ។


បើទោះជា​ខ្សែប្រយុទ្ធ Clinton N’Jie មាន​បញ្ហា​របួស​ក៏ដោយ​ អ្នកចាត់ការ Mauricio Pochettino ជឿជាក់​ថា ក្លិប Tottenham Hotspur នឹង​អាច​រក​ជ័យជម្នះ​បាន​លើ​ក្លិប Norwich City នៅ​ថ្ងៃ Boxing Day ដើម្បី​រំកិល​ខ្លួន​ទៅ​លំដាប់​លេខ​រៀង​ទី​៣​ក្នុង​តារាង​ចំណាត់ថ្នាក់​ក្របខ័ណ្ឌ ​English Premier League៕


 



ខ្សែ​ប្រយុទ្ធ​ Clinton ​អវត្តមាន​ចូល​លេង​ឲ្យ​ក្លិប​Tottenham Hotspur ​រយៈពេល​២​ខែ​កន្លះ​ដោយសារ​របួស​សរសៃពួរ​​ជង្គង់

Post a Comment

0 Comments

Close Menu