ក្រុមភ្នំពេញក្រោន ការពារជើងឯកពានរង្វាន់លីកកំពូលកម្ពុជាមិត្តហ្វូនខេមបូឌានលីក ២០១៥ (Mtfone Cambodian League 2015) បានសម្រេច ក្រោយយកឈ្នះលើក្រុមណាហ្គាវើល ដោយបាល់ទាត់ប៉េណាំងទីកាត់សេចក្ដីនៅវគ្គផ្ដាច់ព្រ័ត្រ នៅល្ងាចថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៥ លើទីលានពហុកីឡាដ្ឋានជាតិក្នុងរាជធានីភ្នំពេញ។
នៅថ្ងៃផ្ដាច់ព្រ័ត្រនោះដែរ គណៈកម្មការបានប្រគល់ពានរង្វាន់ និងប្រាក់រង្វាន់លើកទឹកចិត្តដល់ក្រុម ក៏ដូចជាកីឡាករជ័យលាភីមួយចំនួនដូចជា ក្រុមជើងឯកភ្នំពេញក្រោន ទទួលបានពានរង្វាន់១ មេដាយមាសម្នាក់១គ្រឿង និងទឹកប្រាក់៦០លានរៀល។
ក្រុមជើងឯករងណាហ្គាវើល ទទួលបានមេដាយប្រាក់ម្នាក់១គ្រឿង និងទឹកប្រាក់៤៦លានរៀល ហើយក្រុមលេខ៣ បឹងកេតអង្គរ ទទួលបានប្រាក់រង្វាន់៣៦លានរៀល រួមទាំងមេដាយសំរឹទ្ធម្នាក់១គ្រឿង និងក្រុមលេខ៤ ខេមបូឌានថាយហ្គឺរ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត៣០នលានរៀល។
ចំពោះក្រុមលេងល្អ ឬលេងដោយយុត្តិធម៌(Fair Play) បានទៅបឹងកេតអង្គរ ព្រមទាំងទទួលបានពានរង្វាន់១ និងទឹកប្រាក់៤លានរៀល។ កីឡាករទាត់បញ្ចូលទីបានច្រើនជាងគេ រហូតដល់ចំនួន៣៦គ្រាប់ គឺកីឡាករ ចាន់ វឌ្ឍនាកា របស់បឹងកេតអង្គរ ទទួលបានស្បែកជើងមាស១ និងទឹកប្រាក់១លាន៥សែនរៀល។ ចាន់ វឌ្ឍនាកា ដដែលក៏ទទួលឈ្មោះជាកីឡាករល្អប្រចាំពានរង្វាន់អមដោយពានរង្វាន់១ និងទឹកប្រាក់១លាន ៥សែនរៀល។
ចំណែក អ្នកចាំទីវ័យ១៨ឆ្នាំរបស់ក្លិបភ្នំពេញក្រោន គឺកីឡាករ កែវ សុសិលា ឈ្នះជាអ្នកចាំទីល្អ អមជាមួយស្រោមដៃមាស១ និងទឹកប្រាក់១លាន៥សែនរសៀល។ គ្រូបង្វឹកល្អបានទៅលោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹករបស់ក្រុមបឹងកេតអង្គរ ទទួលបានពានរង្វាន់១ និងទឹកប្រាក់១លាន៥សែនរសៀល។
ចុងក្រោយ អាជ្ញាកណ្ដាលល្អ បានទៅលោក ទុយ វិច្ឆិកា អាជ្ញាកណ្ដាលលើទីលាន ហើយជំនួយការអាជ្ញាកណ្ដាល២ រូបគឺ លោក គឹម ស៊ីពិសាល លោក អឿន សំរឹទ្ធិ និងលោក លឹម ប៊ុនធឿន ជាមន្ត្រីទី៤ ទទួលបានមេដាយម្នាក់មួយនឹងទឹកប្រាក់៤ លានរៀល។
ពានរង្វាន់ MCL 2015 ចាប់ដំណើរការពីថ្ងៃទី១ ខែកក្កដា ដល់១២ ខែធ្នូ ឆ្នាំ២០១៥ ដោយមានប្រកួតចំនួន១២ រួមមានបឹងកេតអង្គរ ភ្នំពេញក្រោន ខេមបូឌានថាយហ្គឺរ ណាហ្គាវើល ស្វាយរៀងអែហ្វស៊ី អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងការពារជាតិ បៀលប្រាយយូណាយធិត អាស៊ីអឺរ៉ុប ស៊ីម៉ាក់ វេស្ទើនភ្នំពេញ និងគីរីវង់សុខសែនជ័យ ប្រកួតគ្នាចំនួន២លើកក្នុងវគ្គសន្សំពិន្ទុ។ ៤ក្រុមដែលមានចំណាត់ថ្នាក់ល្អជាងគេមានឈ្មោះឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយក្រុមឈ្នះវគ្គនេះមានឈ្មោះឡើងទៅវគ្គផ្ដាច់ព្រ័ត្រតែម្ដង៕
ប្រាក់រង្វាន់៦០លានរៀល ក្នុងពាន MCL 2015 បានទៅភ្នំពេញក្រោន


0 Comments