ភ្នំពេញ ៖ កិច្ចព្រមព្រៀងសហប្រតិបត្តិការយោគយល់គ្នា និងដើម្បីរឹតចំណងមិត្តភាពឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត រវាងវិទ្យាល័យពាណិជ្ជសាស្ត្រតូគុស៊ីម៉ាប្រទេសជប៉ុន និងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន ប្រទេសកម្ពុជា ត្រូវបានចុះហត្ថលេខា នៅវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥នេះ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា រវាងលោក SUMI CHIKARA នាយកវិទ្យាល័យពាណិជ្ជសាស្ត្រតូគុស៊ីម៉ា និងលោក គង់ វន ប្រធានមូលនិធិខ្មែរជំនួយការសិក្សា និងជាស្ថាបនិកវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន។
ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក Yuji Kumamaru ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក ហោ មុន្នីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍។ តាមឯកសារកិច្ចព្រមព្រៀង ដែលចែកជូន នៅស្ថានទូតជប៉ុនប្រចាំកម្ពុជាបានឱ្យដឹងថា តាមរយៈកិច្ចព្រមព្រៀងនេះ (១)ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក្នុងបំណងរឹតចំណងមិត្តភាពឱ្យកាន់តែខ្លាំងក្លារវាងវិទ្យាល័យទាំងពីរ និងការផ្លាស់ប្តូរបទពិសោធន៍ការសិក្សារវាងគ្នាទៅវិញទៅមក នៃសិស្សានុសិស្ស និងគ្រូបង្រៀនទៅលើផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ និងអក្សរសាស្ត្រជាដើម។ (២) វិទ្យាល័យទាំងពីរបន្តជំរុញការផ្លាស់ប្តូរសកម្មភាពនានារវាងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ គ្នុងគោលបំណងលើកកម្ពស់ចំណងមិត្តភាពរវាងវិទ្យាល័យទាំងពីរ។ និង(៣)-កិច្ចព្រមព្រៀងនេះធ្វើឡើងជាបីភាសា គឺភាសាខ្មែរ ភាសាជប៉ុន និងភាសាអង់គ្លេស ហើយមានសុពលភាពប្រើប្រាស់ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕
កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងវិទ្យាល័យពាណិជ្ជសាស្ត្រតូគុស៊ីម៉ាប្រទេសជប៉ុន និងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន ប្រទេសកម្ពុជា



0 Comments