បាត់ដំបង ៖ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋមួយខ្នងដែលបានសាងសង់អំពីថ្ម លាយឈើប្រក់ស័ង្កសី ត្រូវបានអគ្គិភ័យឆក់យកគ្មានសល់ទាំងក្បាលព្រលប់ ខណៈដែលម្ចាស់ផ្ទះរវល់ទៅចម្ការមិនទាន់ត្រឡប់មកវិញ ហើយម្យ៉ាងទៀតក្នុងតំបន់នេះមានការខ្វះខាតនូវមធ្យោបាយសម្រាប់ពន្លត់អគ្គីភ័យផង ទើបធ្វើឲ្យលំនៅដ្ឋាននេះត្រូវឆេះទាំងស្រុង។ គ្រោះថ្នាក់អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ ត្រង់ចំណុចភូមិកណ្ដាល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
លំនៅដ្ឋានមួយខ្នងនេះជាកម្មសិទ្ធិរបស់លោក ផាន រិទ្ធ អាយុ៤៧ឆ្នាំ និងអ្នកស្រី ផន ហាង អាយុ៤៧ឆ្នាំដូចគ្នា។
លោក សារ៉េត វិសេដ្ឋ អធិការរងនគរបាលស្រុកភ្នំព្រឹកបានស្រង់សម្ដីម្ចាស់ផ្ទះមកបញ្ជាក់ថា នៅល្ងាចថ្ងៃកើតហេតុខាងលើគឺម្ចាស់ផ្ទះបាននាំគ្នាទៅមើលចម្ការ ដោយបន្សល់តែកូនស្រីម្នាក់ប៉ុណ្ណោះនៅចាំផ្ទះជាមួយនឹងក្មេងៗដែលជាសាច់ញាតិ។ លុះនៅពេលកើតហេតុទើបម្ចាស់ផ្ទះបានទទួលដំណឹង ក៏ប្រញាប់ប្រញាល់វិលត្រឡប់មកវិញ ប៉ុន្តែអ្វីៗត្រូវរលាយអស់ហើយ ព្រោះខណៈដែលរូបគាត់បានមកដល់គឺបានឃើញអណ្ដាតភ្លើងឆេះពេញទៅហើយ ដោយគ្មានវិធានការណ៍ណាមួយអាចទប់ស្កាត់បាននោះឡើយ មានតែនាំគ្នាឈរមើលទាំងក្តីអស់សង្ឃឹមតែប៉ុណ្ណោះ។
ម្ចាស់ផ្ទះបានសង្កត់ធ្ងន់ថា ផ្ទះរបស់គាត់មានទំហំ៧ម៉ែត្រគុណ៩ម៉ែត្រធ្វើអំពីថ្មក្រោមឈើលើ ប្រក់ស័ង្កសី ហើយការបាត់បង់នៅក្នុងហេតុការណ៍នេះគឺអស់ប្រាក់ដុល្លារចំនួន៥ ០០០ដុល្លារ ប្រាក់រៀលចំនួន៧លានរៀល ទូរទស្សន៍ចំនួន៣គ្រឿង គ្រែបេងចំនួន៤ឈុត និងសម្ភារៈក្នុងផ្ទះមួយចំនួនធំ។
តាមការរៀបរាប់ពីកូនស្រីរបស់ម្ចាស់ផ្ទះបាននិយាយថា នៅមុនពេលកើតហេតុនោះគឺរូបនាងកំពុងអង្គុយលេងនៅខាងមុខផ្ទះជាមួយនឹងក្មេងៗជាច្រើននាក់ ក៏ស្រាប់តែឮសំឡេងផ្ទុះរប៉េះរប៉ោះនៅជាន់ខាងលើ លុះពេលក្រឡេកមើលទៅទើបឃើញមានផ្សែងយ៉ាងខ្មៅ ព្រមទាំងមានអណ្ដាតភ្លើងឆេះឡើងក្រហមទៅហើយ ទើបនាំគ្នារត់ចេញដោយមិនមានយកទ្រព្យសម្បត្តិអ្វីបាននោះឡើយ ហើយក៏បានផ្តល់ដំណឹងទៅប៉ា និងម៉ាក់។
ដោយឡែក លោក សារ៉េត វិសេដ្ឋ បានបន្ថែមថា អគ្គិភ័យនេះមានការឆេះលឿនជាទីបំផុតគឺប្រហែលជា២០នាទី តែប៉ុណ្ណោះលំនៅដ្ឋានមួយខ្នងត្រូវឆេះគ្មានសល់ បើទោះបីជាលោកទាក់ទងទៅភាគីថៃ ដើម្បីសុំអន្តរាគមន៍នូវរថយន្តសម្រាប់ពន្លត់ក៏ដោយ ក៏មិនអាចមកទាន់បានដែរ ព្រោះវាមានចម្ងាយជា៨គីឡូម៉ែត្រពីច្រកទ្វារតំបន់។ ពេលនេះគឺគ្មានសល់អ្វីទៀតឡើយ សម្រាប់ម្ចាស់ផ្ទះដែលរងគ្រោះ៕
ព្រះអគ្គីលេបត្របាក់ផ្ទះមួយខ្នង ដោយយកទៅជាមួយនូវទឹកប្រាក់ជិត៧ពាន់ដុល្លារ(update)
0 Comments