Ad Code

ចាន់ ប៊ុន​ហឿន​ ប៉ះ ​Yorth Sayam ឯ ​ធី តុង​ហ៊ី​ ប៉ះ​ Play Noy លើ​សង្វៀន Black Cat

ចាន់ ប៊ុន​ហឿន អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ និង ធី តុង​ហ៊ី អ្នក​ប្រដាល់​ក្លិប​សាលវ័ន្ត​កីឡា ពួកគេ​ទាំងពីរ​នាក់​នេះ ត្រៀម​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ ដែល​នឹង​មក​ប្រកួត​នៅ​លើ​សង្វៀន​Black Cat របស់​SEA-TV នា​យប់​ថ្ងៃអាទិត្យ ​ទី​០៣​ ខែមករា​ ឆ្នាំ២០១៦​នេះ។​



ប៊ុន​ហឿន នឹង​ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ Yorth Sayam ដោយ​ប្រកួត​គ្នា​ក្នុង ទម្ងន់​៦០ គ​.​ក្រ។​ ជា​លើក​ទី​៥​របស់​ ប៊ុន​ហឿន​ ហើយ ដែល​គេ​ឡើង​ប្រកួត​ជាមួយ​ថៃ​នេះ។ ប៊ុន​ហឿន ប្រកួត​ជាមួយ​ថៃ​៤​លើក​កន្លង​មក​នេះ គឺ​ឈ្នះ​៣​លើក​ និង​ចាញ់​១​លើក ដែល​លើក​ទី​១​គេ​ប្រើ​ពេល​តែមួយ​ទឹក​ប៉ុណ្ណោះ ផ្ដួល​ថៃ ​Lao Py​ ឲ្យ​សន្លប់ ,​លើក​ទី​២​គេ​ផ្ដួល ​Phom Phayak ក្នុង​ទឹក​ទី​៤ ,​ លើក​ទី​៣​គេ​វាយ​ចាញ់ Yorth Sing ដោយ​ពិន្ទុ និង​លើក​ទី​៤ គេ​វាយ​ឈ្នះ ​Thung Mo m ដោយ​ពិន្ទុ។​



អ្នក​ប្រដាល់​ថៃ Yorth Sayam ដែល​ជា​គូ​របស់​ ចាន់ ប៊ុន​ហឿន​ នេះ ធ្លាប់​មក​ប្រកួត​នៅ​SEA-TV​នេះ ចំនួន​២​លើក​ហើយ។​ មក​ប្រកួត​២​លើក​កន្លង​មក​នេះ Yorth Sayam មិនដែល​ចាញ់​ទេ។ មក​ប្រកួត​លើក​ទី​១ គេ​វាយ​ឈ្នះ ​រិ​ទ្ធ អា​រុណ អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ​ដោយ​ពិន្ទុ និង​លើ​ក​ទី​២ វាយ​ឈ្នះ ​ឈឿន ឆៃ​ដែន អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ​ដោយ​ពិន្ទុ។​


Yorth Sayam នេះ ជា​ជើង​ខ្លាំង​ទម្ងន់​៦០​គីឡូក្រាម​ប្រចាំ​នៅ​ស្រុក​ថៃ​។ ​គេ​មាន​កំណត់ត្រា​ប្រកួត​ច្រើន​ជាង​ ប៊ុន​ហឿន។ អ្នក​ប្រដាល់​ថៃ​នេះ មាន​ប្រវត្តិ​ប្រកួត​៧៥​លើក ក្នុង​នោះ​វាយ​ឈ្នះ​៦៥​លើក ចាញ់​០៩​លើក ​និង​ស្មើ​០១​លើក បើ​ធៀប​ជាមួយ ​ប៊ុន​ហឿន​ នោះ គឺ​ច្រើនជាង​តែ​៣៤​លើក​ឯណោះ។



ចាន់ ប៊ុន​ហឿន គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៤១​លើក ឈ្នះ​៣៦​លើក និង​ចាញ់​០៥​លើក មិនដែល​ស្មើ។ ប៉ុន្តែ​យ៉ាងណា ប៊ុន​ហឿន​ គេ​មាន​ថ្វី​កែង ​និង​ជង្គង់​ល្អ​ណាស់។ ប៉ុន្តែ​យ៉ាងណា ការ​ឈ្នះ​ចាញ់​រវាង​ចាន់ ប៊ុន​ហឿន​ និង Yorth Sayam នេះ ពុំ​មាន​នរណា​ហ៊ាន​ទាយ​មុន​ថា ​អ្នកណា​ឈ្នះ​នោះ​ទេ ?។



ធី តុង​ហ៊ី នឹង​ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ Play Noy ដែល​ពីរ​នាក់​នេះ​ជួប​គ្នា​ក្នុង​ប្រភេទ​ទម្ង​ន់​៦៥​គីឡូក្រាម។ តុង​ហ៊ី អ្នក​ប្រដាល់​របស់​កម្ពុជា​រូប​នេះ ធ្លាប់​ជួប​អ្នក​ប្រដាល់​បរទេស​ទើបតែ​បាន​៣​នាក់​ប៉ុណ្ណោះ ក្នុង​នោះ​ធ្លាប់​ប៉ះ​ថៃ​២​នាក់ ដោយ​ផ្ដួល​អ្នក​ប្រដាល់​ថៃ​នោះ​ (Yor Tonthy)​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣ និង​វាយ​ចាញ់​Neerachai Menayuthin ក្នុង​ទឹក​ទី​៣។


Play Noy វិញ គេ​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​៥​លើក​ហើយ ដោយ​វាយ​ឈ្នះ​អ្នក​ប្រដាល់​ខ្មែរ​៣​លើក ចាញ់​១​លើក និង ស្មើ​មួយ​លើក។ ក្នុង​នោះ គេ​ប្រកួត​ជាមួយ​ ផាន់​ គ្រាន់ ​២​លើក ដោយ​ស្មើ​១​លើ ​និង​ឈ្នះ​លើក​ទី​១ គេ​ឈ្នះ​ កន ចន្ថា ដោយ​ពិន្ទុ ឈ្នះ​ ឈិន ក្វាន់​ង៉ុ​យ ​ដោយ​ពិន្ទុ និង​ចុងក្រោយ​វាយ​ចាញ់​ មឿ​ន សុខ​ហ៊ុ​ច ដោយ​ពិន្ទុ។


Play Noy នេះ គេ​ជា​ជើង​ខ្លាំង​ម្នាក់​នៅ​ប្រទេស​ថៃ ដែល​តាម​អ្នក​ផ្គូផ្គង​ឲ្យ​ដឹង​នោះ​ថា ជា​អ្នក​ប្រដាល់​ថៃ​ម្នាក់​ដែល​រឹងមាំ និង​វាយ​ខ្លាំង។ អ្នក​ប្រដាល់​ថៃ​រូប​នេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩៨​លើក ឈ្នះ​៨២​លើក ចាញ់​១៤​លើក និង​ស្មើ ០២​លើក​។ ពេលនេះ គេ​ប៉ះ​ប្រកួត​ជាមួយ ​ធី តុង​ហ៊ី ដែល​ធ្លាប់​ឆ្លងកាត់​សង្វៀ​ន​៩០​លើក ឈ្នះ​៦០​លើក ចាញ់​២០​លើក ស្មើ​១០​លើក មិន​ដឹង​ថា Play Noy ជួប​សំណាងល្អ​ដូច​មុន​ទៀត​ឬ​អត់ ?។​



ទោះជា​យ៉ាងណា រវាង​ ធី តុង​ហ៊ី និង Play Noy នេះ មិន​ដឹង​ថា អ្នកណា​ជា​អ្នកឈ្នះ​ទេ សម្រាប់​ការ​ជួប​គ្នា​នេះ ?។ ព្រោះថា អ្នក​ប្រដាល់​កម្ពុជា ​ធី តុង​ហ៊ី​ នេះ ថ្វីត្បិតតែ​គេ​មាន​ប្រវត្តិ​ប្រកួត​តិច​ជាង Play Noy ក្តី ប៉ុន្តែ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ​ និង​វាយ​ខ្លាំង ដែល Play Noy មិនអាច​មើលស្រាល​គេ​បាន​ឡើយ​។ ​ចាំ​មើល តើ ​ធី តុង​ហ៊ី និង Play Noy នរណា​ជា​អ្នកឈ្នះ​នោះ ?។​



ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ចាប សុភា អ្នក​ប្រដាល់​ក្លិប​តាក​ដំបង​ដែក​មាន​រិ​ទ្ធ ត្រូវ​ជួប​សាក​កណ្ដាប់ដៃ​ជាមួយ​ ធឿន គឹម​ហៀ​ង អ្នក​ប្រដាល់​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨ ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។​



ពីរ​នាក់​នេះ មិនដែល​ប៉ះ​គ្នា​ទេ​ពី​មុន​មក ព្រោះ​គេ​ជា​អ្នក​ប្រដាល់​ថ្មី​ស្រករ​ក្រោយ​ដូចគ្នា។​ សម្រាប់​ការ​ជួប​គ្នា​រវាង​អ្នក​ប្រដាល់​ជើង​ថ្មី​ទាំងពីរ​នាក់​នេះ​មិន​ដឹង​ថា​ នរណា​ឈ្នះ​នោះ​ឡើយ។



ម៉ី ស៊ី​ផាត់ អ្នក​ប្រដាល់​ក្លិប​ម្កុដ​រាជសីហ៍ នឹង​ជួប​ប្រកួត​ជាមួយ សេង ឈឿន​ អ្នក​ប្រដាល់​ក្លិប​ពន្លឺ​វិបុល​រិទ្ធី ក្នុង​ទម្ងន់​៦០​គីឡូក្រាម​ដែរ។ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ពុំដែល​ជួបគ្នា​ទេ​កន្លងមក។ ចាំ​មើល ពួក​គេ​ពីរ​នាក់​នេះ តើន​រណា​ជា​អ្នកឈ្នះ ?៕


31-12-2015i1



ចាន់ ប៊ុន​ហឿន​ ប៉ះ ​Yorth Sayam ឯ ​ធី តុង​ហ៊ី​ ប៉ះ​ Play Noy លើ​សង្វៀន Black Cat

Post a Comment

0 Comments

Close Menu