សៀមរាប ៖ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង២០និង៣០នាទី ចំណុចផ្ទះសំណាក់ចំការត្នោត ស្ថិតនៅក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប អាវុធហត្ថខេត្តបានចុះបង្ក្រាបជនសង្ស័យម្នាក់ ករណីកាន់កាប់ និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងបទប្រើ
ប្រាស់ដោយគ្មានសិទ្ធនៅយានយន្តដែលមានសញ្ញាសម្គាល់ប្រើប្រាស់ដោយនគរបាល ឬយោធាស្ថិតនៅចំណុចដូចខាងលើ ហើយបញ្ជូនមកកាន់ទីបញ្ជាការអាវុធហត្ថខេត្តដើម្បីសួរនាំ។
លោកអនុសេនីយ៍ឯក អ៊ុយ ចយ នាយការិយាល័យព្រហ្មទណ្ឌបទល្មើសកងរាជអាវុធហត្ថខេត្តបានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលត្រូវបានកម្លាំងអាវុធហត្ថធ្វើការឃាតខ្លួនមានឈ្មោះ សួនលីនដា ហៅពាវ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ននៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
លោកអនុសេនីយ៍ឯកបានបញ្ជក់ទៀតថា ជនសង្ស័យខាងលើបានជិះម៉ូតូម៉ាកហុងដាទ្រីម សេរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ ០២ ១ ៦៦៦៦ ក្លែងក្លាយ និងប្រដាប់ដោយអាវុធ គឺដាវដងឈើចំនួន០១ដើម ដែលមានប្រវែង០.៨០ម៉ែត្រ ដើម្បីទៅទារប្រាក់ថ្លៃលក់ទិញគ្រឿនញៀនដែលគេជំពាក់ ហើយក៏ត្រូវបានកម្លាំងល្បាតរបស់យើងឃើញទាន់ ក៏ធ្វើឃាត់ខ្លួនបញ្ជូនមកកាន់ទីបញ្ជាការតែម្តង។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការនៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមច្បាប់៕
កាន់ដាវ១ដើម ទៅទារប្រាក់ថ្លៃលក់ទិញគ្រឿងញៀន ត្រូវអាវុធហត្ថក្របួចជាប់
0 Comments