ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦នេះ គយ និងរដ្ឋាកររាជធានីសហការជាមួយប៉េអឹម បានចុះពិនិត្យហាងលក់ទូរស័ព្ទមួយកន្លែង ដោយសង្ស័យថា ហាងលក់ទូរស័ព្ទនេះនាំចូល ទូរស័ព្ទគេចពន្ធ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់នោះ នៅពេលចុះដល់ហាងខាងលើ និងក្រោយពីជជែកគ្នាបានបន្តិច កម្លាំងមានសមត្ថកិច្ចបានដកចេញវិញសង្ស័យថា ត្រូវរ៉ូវគ្នាជាថ្នូរនឹងអ្វីមួយ។
ហេតុការណ៍នេះបានកើតមានឡើងនៅហាងលក់ទូរស័ព្ទយីហោ«គួង អ៊ី និងអារីណេរ» ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៥ ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុនេះ គយ និងរដ្ឋាកររាជធានី ប៉េអឹម រួមនឹងស្ថាប័នតុលាការផង បានសហការគ្នាចុះមកធ្វើការឆែកឆេរ ក្នុងហាងខាងលើ ដោយនៅពេលចុះមកដល់ភ្លាម ក៏ត្រូវបានភាគីខាងកម្លាំងមានសមត្ថកិច្ច និងភាគី ដែលជាម្ចាស់ហាងបាននិយាយគ្នា ដោយហាងខាងលើត្រូវបង់ពិន័យបង់ពន្ធចំនួន២៦០០០ដុល្លារអាមេរិកចូលរដ្ឋ ហើយក្រោយមកក៏មានការជជែកគ្នាដើម្បីឲ្យមានការបញ្ចុះតម្លៃបន្តិច ពោលគឺកុំឲ្យដល់ចំនួន២៦០០០ដុល្លារអាមេរិកពេក។ ក្រោយពីជជែកត្រូវរ៉ូវគ្នា ក្នុងតម្លៃណាមួយហើយនោះ កម្លាំងមានសមត្ថកិច្ចក៏បានដកចេញអស់ភ្លាមដែរ។
ជុំវិញបញ្ហានេះត្រូវបានសមត្ថកិច្ច ដែលចុះទៅត្រួតពិនិត្យនោះ ប្រាប់អ្នកការសែតយ៉ាងសាមញ្ញថា ទូរស័ព្ទទាំងអស់នេះសុទ្ធតែមានពន្ធត្រឹមត្រូវ ហើយការចុះមកនេះគ្រាន់តែណែនាំឲ្យម្ចាស់ហាងបិទស្ទីកគ័រទៅលើទំនិញនេះតែប៉ុណ្ណោះ៕
គយ និងរដ្ឋាកររាជធានីសហការជាមួយប៉េអឹមចុះពិនិត្យហាងលក់ទូរស័ព្ទ រួចដកកម្លាំងចេញវិញ សង្ស័យត្រូវរ៉ូវគ្នា
0 Comments