ប៉ោយប៉ែត ៖ ក្រុមញៀនល្បែងភ្នាល់កីឡាប្រដាល់ជាង៥០នាក់ត្រូវបានប៉ូលិសចុះឡោមព័ទ្ធទាំងកណ្ដាលថ្ងៃនៅក្នុងរោងភ្នាល់កីឡា ប៉ុន្តែកាត់ឡោមព័ទ្ធចាប់ក្រុមខាងលើនោះ គឺមិនបាននាំខ្លួនទៅកាន់តុលាការឡើយ គ្រាន់តែអប់រំស្ងាត់ៗ ហើយដោះលែងទៅវិញ។
ការចុះបង្ក្រាបក្រុមអ្នកញៀនល្បែងភ្នាល់លុយខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១៣និង៥០នាទីរសៀល ថ្ងៃទី០៣ខែមករា ឆ្នាំ២០១៦ នៅចំណុចក្នុងហាងកាហ្វេមួយកន្លែង ស្ថិតនៅក្នុងភូមិប៉ាលិលេយ្យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការបង្ក្រាបនេះដែរ ធ្វើឡើងក្រោយពីមានពលរដ្ឋនៅម្ដុំកើតហេតុបានរាយការណ៍ជូនប៉ូលិសថា មានការលួចភ្នាល់យកលុយពីល្បែងកីឡាប្រដាល់តាមកញ្ចក់ទូរទស្សន៍ ដោយចាក់លុយចាប់ពី១០ម៉ឺនរៀលទៅ១លានរៀលឯណោះ។
ពលរដ្ឋរាយការណ៍ពីកន្លែងកើតហេតុថា ម្ចាស់ទីតាំងនោះ ឈ្មោះតាំងលី ភេទប្រុសអាយុ៤៧ឆ្នាំ បានបើកហាងកាហ្វេ ដោយមានដាក់បញ្ចាំងកីឡាប្រដាល់ថៃយកលុយចាប់ពីថ្ងៃសៅរ៍ដល់ថ្ងៃអាទិត្យ ហើយបិទទ្វារខាងមុខ ខាងក្រោយទាំងអស់ ដូចរោងភាពយន្តអីចឹង។ នៅក្នុងការទស្សនាកីឡាប្រដាល់នោះ មានការស្រែកហ៊ោឮស្ទើរបែកភូមិ ហើយគេលេងរយៈពេលយូរឆ្នាំមកហើយទើបតែឃើញបងៗប៉ូលិសចុះមកទប់ស្កាត់លើកនេះប៉ុណ្ណោះ។
ពលរដ្ឋបានបន្តថា នៅក្រុងប៉ោយប៉ែតនេះមានបនល្បែងស៊ីសងច្រើនណាស់ដូចជាយូគី បៀមាន់ជល់ អាប៉ោង កន្ទុយលេខ និងកីឡាភ្នាល់យកលុយ តែគេអត់ឃើញប៉ូលិសលើកទ័ពទៅបង្ក្រាបឡើយ។
លោកប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរបស់ស្នងការខេត្តបន្ទាយមានជ័យបានឲ្យអ្នកកាសែតដឹងថា នេះជាលើកទីមួយហើយ ដែលយើងបានចុះមកទប់ស្កាត់ការលួចលេងស៊ីសងចាក់យកលុយពីកីឡាប្រដាល់តាមទូរទស្សន៍ តែយើងមិនបានយកគាត់ទៅណានោះឡើយគឺគ្រាន់តែអប់រំទាំងម្ចាស់ហាង ទាំងអ្នកញៀនល្បែងឲ្យគាត់បញ្ចប់ការលួចភ្នាល់យកលុយតទៅទៀតតែបើមិនរាងចាលទេនោះគឺចាប់បញ្ជូនខ្លួនទៅតុលាការតែម្ដង៕
ប៉ូលិសចុះឡោមព័ទ្ធ អ្នកញៀនល្បែងភ្នាល់លុយពីកីឡាប្រដាល់ជាង៥០នាក់
0 Comments