ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ និងអ្នកប្រកបវិជ្ជាជីវៈពេទ្យទាំងអស់ ចូលរួមគោរពច្បាប់ឲ្យបានត្រឹមត្រូវ។
លោករដ្ឋមន្ត្រីក៏បានណែនាំនៅ ក្នុងកិច្ចប្រជុំគណៈកម្មការ លុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ដើម្បីកាត់បន្ថយភាពក្រីក្រ នៅទីស្តីការក្រសួងឲ្យប្រជាពលរដ្ឋបើមានបញ្ហាសុខភាព សូមមកប្រើប្រាស់សេវាសុខាភិបាល ដែលមានការទទួលស្គាល់ ពីក្រសួងសុខាភិបាល ឬក៏គ្រូពេទ្យដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ ដើម្បីចៀសវាងបញ្ហាដូចបានកើតឡើង នៅភូមិរការនៅខេត្តបាត់ដំបង។
លោករដ្ឋមន្ត្រីបានសំដែងនូវការកោតសរសើរចំពោះមន្ត្រីសុខាភិបាល និងគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ថ្នាក់ខេត្តទាំងអស់ ដែលបានជំរុញឲ្យមានការកាត់បន្ថយ បាននូវសេវាខុសច្បាប់។ តែទោះជាយ៉ាងណាក៏ដោយលោករដ្ឋមន្ត្រីបានជមរុញឲ្យមន្ត្រីត្រូវបន្តពង្រឹង និងបំបាត់ជាបន្តៗ ពង្រីកសកម្មភាពជាបណ្តើរៗ ដើម្បីឈានទៅបំបាត់ឲ្យបាន នូវសេវាខុសច្បាប់នេះ ដើម្បីសុខភាពប្រជាពលរដ្ឋកម្ពុជា និងកាត់បន្ថយភាពក្រីក្រ។
ទន្ទឹមនេះផងដែរ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គប្រជុំ នូវការណែនាំរបស់សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ស ខេង គាំទ្រ និងជំរុញការអនុវត្តច្បាប់ លើការបំបាត់ឱសងក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់នេះ ឲ្យបានត្រឹមត្រូវ៕
រដ្ឋមន្ត្រីសុខាភិបាលអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកប្រកបវិជ្ជាជីវៈពេទ្យគោរពច្បាប់
0 Comments