បន្ទាយមានជ័យ ៖ ជនសង្ស័យ២នាក់ ត្រូវបានអាវុធហត្ថឃាត់ខ្លួន រួចបញ្ជូនទៅតុលាការពីបទឆក់យកទូរស័ព្ទដៃពីស្ត្រីម្នាក់នៅវេលាម៉ោង១០យប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នៅក្នុងចំណុចបរិវេណកាស៊ីណូផ្កាយ៥ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកឧត្ដមសេនីយ៍ ត្រី ឱបូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ជនសង្ស័យទាំង២នោះមាន ១-ឈ្មោះ សុក តួ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅមិនពិតប្រាកដក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២-ឈ្មោះ ពៅ សម្បត្តិ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅបណ្ដោះអាសន្នក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ឱ បូរិន្ទ បាននិយាយបញ្ជាក់ទៀតថា មុនពេលកើតកហេតុ ស្ត្រីរងគ្រោះឈ្មោះ ឈុនស៊ាងឡេង អាយុ២២ឆ្នាំ រស់នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងនិយាយទូរស័ព្ទ ដែលមានម៉ាកសាំសុងG២ ពណ៌ស និងសង្សាររបស់ខ្លួននៅក្នុងចំណុចកើតហេតុខាងលើ ស្រាប់តែពេលនោះជនសង្ស័យទាំង២បានធ្វើសកម្មភាពឆក់ពីស្ត្រីរងគ្រោះ រួចរត់គេចខ្លួនបាត់តែម្ដង។ ស្ត្រីរងគ្រោះក្រោយពីត្រូវចោរឆក់ទូរស័ព្ទបាត់ក៏ទៅដាក់ពាក្យប្តឹងកងរាជអាវុធហត្ថ។
លោកបានបញ្ជាក់ទៀតថា ក្រោយពេលបានទទួលពាក្យបណ្ដឹងហើយ លោកក៏បានចាត់ឲ្យលោកវរសេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នៅម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ក្នុងចំណុចក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបានបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការសាកសួរ។
នៅមុខអាវុធហត្ថ ជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា ខ្លួនដាច់យ៉ៃពេក រកលុយចូលខារ៉ាអូខេមិនបាន ទើបដាច់ចិត្តឆក់ទូរស័ព្ទគេយ៉ាងដូច្នេះ។ ជនសង្ស័យទាំង២នាក់ត្រូវកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕
កំពុងនិយាយទូរស័ព្ទសុខៗ ស្រាប់តែចោរឆក់យកទៅបាត់
0 Comments