Ad Code

រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ ​ផ្តល់​សេវា​ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​សហគមន៍​សែន​សប្បាយ​

ភ្នំពេញ ៖ រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៦ ដឹកនាំ​ដោយ​លោក ស៊ីម ស៊ីថា អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​ចុះ​សំណេះសំណាល​និង​ផ្តល់​សេវា​ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​សហគមន៍​សែន​សប្បាយ​ ស្ថិតនៅ​ភូមិ​សែន​សុខ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។​

តាម​របាយការណ៍​បានឲ្យដឹងថា សហគមន៍​នេះ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​៨០​គ្រួសារ​ ក្នុង​នោះ​មេ​គ្រួសារ​ជា​ស្ត្រី​មេម៉ាយ​ចំនួន​១៥​គ្រួសារ និង​មេ​គ្រួសារ​ជា​ជន​ពិការ​ចំនួន​១​គ្រួសារ។​


លោក ស៊ីម ស៊ីថា ថ្លែង​ថា ការ​ផ្តល់​សេវា​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​សហគមន៍​សែនសប្បាយ​នា​ពេលនេះ គឺជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ ក៏ដូចជា​សាលាក្រុង​ភ្នំពេញ ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ ​និង​ជួប​ការ​លំបាក​រស់នៅ​តាម​សហគមន៍។


លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​សហគមន៍​នេះ​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​ ត្រូវការ​ចាំបាច់​នូវ​ការឧបត្ថម្ភ​ទុន​ពី​រាជរដ្ឋាភិបាល​ និង​អាជ្ញាធរ ហើយ​នេះ​ជា​សមាគម​ទី​១៣៩ ដែល​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បាន​ធ្វើការ​ឧបត្ថម្ភ​ទុន​ជូន​ប្រជាពលរដ្ឋ​ចាប់​តាំង​ពី​ឆ្នាំ​២០០៥​មក។​

លោក​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ការឧបត្ថម្ភ​ទុន​ជូន​គ្រួសារ​នៅ​ក្នុង​សហគមន៍​សែនសប្បាយ​នេះ ​គឺ​ត្រូវ​បែងចែក​តាម​គ្រួសារ​នីមួយៗ រួមមាន ចំនួន​១៦​គ្រួសារ​ទទួល​បាន​ការ​ឧបត្ថម្ភ​ទុន​ប្រមាណ​៧០% គ្រា​ដែល​៦៤​គ្រួសារ​ទៀត ទទួល​បាន​៥០%។​


លោក​បញ្ជាក់​ថា ការឧបត្ថម្ភ​ទុន​នោះ ​គឺ​ធ្វើ​ឡើង​តាមរយៈ​ការ ត​.បណ្តាញ​ទឹក​ស្អាត ​និង​ដាក់​កុងទ័រ​មិន​យក​តម្លៃ​សេវា​ និង​ឲ្យ​បង់​រំលោះ​សម្ភារៈ​ថែមទៀត។​ លោក​អគ្គនាយក​បាន​អះអាង​ថា ការ​ផ្តល់​សេវា​នា​ពេលនេះ ​គឺជា​ការ​ជួយ​កាត់បន្ថយ​ការ​ចំណាយ​របស់​ពួកគាត់​ និង​កាត់បន្ថយ​ការប្រើប្រាស់​ទឹក​ដែល​គ្មាន​អនាម័យ ព្រោះថា កន្លងមក​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ទឹក​ដែល​ទិញ​ពី​ក្រុម​ឈ្មួញ​ដែល​គេ​គិតថា មានតម្លៃ​ថ្លៃ ហើយ​មិនសូវ​ធានា​អនាម័យ​នោះឡើយ។​


លោក​ក៏បាន​សុំ​ការ​អធ្យាស្រ័យ​ពី​ប្រជាពលរដ្ឋ​ផង​ដែរ ព្រោះថា នៅ​ដំណាក់កាល​ដំបូង​នេះ​សម្ពាធ​ទឹក​នៅ​ខ្សោយ​បន្តិច ព្រោះ​សហគមន៍​នេះ​នៅ​ឆ្ងាយ​ពី​ទីក្រុង។ ប៉ុន្តែ​នៅ​ពេល​រោងចក្រ​ថ្មី​សាង​សង់​រួចរាល់​នៅ​ឆ្នាំ​២០១៧​នោះ ​ប្រជាពលរដ្ឋ​នឹង​លែងមាន​ការ​លំបាក​ទៀត​ហើយ។​


ប្រជា​សហគមន៍​ទាំងអស់​បាន​សម្តែង​ការ​អបអរសាទរ​ និង​សប្បាយរីករាយ​យ៉ាងខ្លាំង​ចំពោះ​លោក​ប្រធាន​រដ្ឋាករ​ទឹក​ស្វយ័ត​ភ្នំពេញ​ដែល​លោក​បាន​យកចិត្តទុកដាក់​មក​លើ​សហគមន៍​ក្រីក្រ​របស់​ពួកគាត់៕
Pisey-2016-01-15-full-G26
Pisey-2016-01-15-full-G23


Pisey-2016-01-15-full-G24


Pisey-2016-01-15-full-G25
Pisey-2016-01-15-full-G27
Pisey-2016-01-15-full-G20



រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ ​ផ្តល់​សេវា​ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​សហគមន៍​សែន​សប្បាយ​

Post a Comment

0 Comments

Close Menu