បាត់ដំបង ៖ ច្រកទ្វារអន្តរជាតិដូង គឺជាច្រកមួយដែលផ្សារភ្ជាប់ពីស្រុកកំរៀង ខេត្តបាត់ដំបងទៅកាន់ ផ្សារបានឡែម ប្រទេសថៃ ដែលនៅទីនោះ គឺមានកម្លាំងគ្រប់អង្គភាព សម្រាប់ឈរជើង និងត្រួតពិនិត្យទៅលើសន្តិសុខ សណ្ដាប់ធ្នាប់ ពិសេសគឺលើទំនិញ ដែលត្រូវបានគេនាំចេញ នាំចូលទៅវិញទៅមករវាងប្រទេសទាំងពីរ កម្ពុជា ថៃ។
តាមការលើកឡើងពីប្រជាពលរដ្ឋជាច្រើនបាននិយាយថា កន្លងមកគេតែងតែសង្កេតឃើញភាពមិនប្រក្រតី បានកើតឡើងនៅត្រង់ចំនុចច្រកទ្វារអន្តរជាតិដូងនេះតែម្តង ដែលស្ថិតនៅលើទឹកដីកម្ពុជា ដែលធ្វើឲ្យប្រភពជាច្រើន បានធ្វើការរិះគន់យ៉ាងចាស់ដៃទៅលើអង្គភាពនគរបាលអន្តោប្រវេសន៍ស ដែលឈរជើង នៅក្នុងតំបន់នោះ បានកៀបយកខ្លាញ់ ស្ទើរគ្មានសល់មួយដំណក់ពីប្រជាពលរដ្ឋ ឬក៏ពីក្រុមពលករដែលត្រឡប់មកពីធ្វើការ នៅក្នុងប្រទេសថៃ ហើយបានទិញនូវរបស់របរប្រើប្រាស់បន្តិចបន្តួចមកតាមខ្លួន។
ប្រភពដដែលបានបន្ថែមថា ជាក់ស្ដែងនៅពេលថ្មីៗនេះ គឺមានបុរសម្នាក់ឈ្មោះ ចាន់អាយុ៣៥ឆ្នាំ រស់នៅស្រុកបវេល បានសំដែងនូវការមិនសប្បាយចិត្តទាល់តែសោះ ព្រមទាំងបានរៀបរាប់ថា ខ្លួនគឺជាពលករស្របច្បាប់ ហើយត្រូវបានវិលត្រឡប់មកកម្ពុជាវិញ ដើម្បីទៅលេងស្រុកកំណើត ដោយបានចូលមកតាមច្រកទ្វារអន្តរជាតិដូងនេះ ព្រមទាំងបានទិញនូវរបស់របរបន្តិចបន្តួចក្នុងនោះមានស៊ុមមាន់ចំនួនពីរ និងផ្លែចេកអំបូងចំនួន៣ស្និតដែលចេកនេះ គឺម្ចាស់ចម្ការ នៅឯប្រទេសថៃអោយខ្លួន ខណៈដែលឃើញខ្លួនទៅលេងស្រុកហើយគ្មានអ្វីផ្ញើ រ គឺត្រូវកម្លាំងនគរបាលអន្តោប្រវេស កំណត់ឲ្យបង់លុយលើរបស់របរទាំងនេះចំនួន៥០០បាត បើមិនដូច្នេះទេ គឺគេមិនអោយនាំចូលជាដាច់ខាត។
បុរសរូបនេះបានបន្តទៀតថា ដោយសារតែការអង្វរ កនៅទីបំផុតមន្ត្រីនគរបាលរូបនោះបានយល់ព្រមត្រឹមតម្លៃ៤០០បាត ដោយទង្វើនេះវាហាក់បីដូចជាជ្រុលពេកសម្រាប់ទំនិញកំប៉ិកកំប៉ុកបែបនេះ ព្រោះកន្លងមកក៏មានប្រភពជាច្រើនបានរិះគន់ចំៗដែរថា ទង្វើនេះគឺជាការបើកភ្លើងខៀវយ៉ាងពិតប្រាកដពីសំណាក់លោកប្រធាន សៅ ប៊ុនរិទ្ធ បើមិនដូច្នេះទេ ក៏កូនចៅដែលជាមន្ត្រីតូចតាចដែលឈរជើងនៅមាត់ច្រកវាមិនហ៊ានដែរព្រោះសូម្បីតែការទិញទូរទស្សន៍មួយ ក៏ត្រូវបង់លុយដែរ ពេលដែលនាំរបស់ទាំងនេះឆ្លងកាត់ចូលមកកម្ពុជា ប៉ុន្តែពេលនេះវាមិនមានរបស់ណាដែលថ្លៃសោះ គឺមានតែស៊ុមមាន់ និងផ្លែចេកអំបូងបែរជាត្រូវគេពិន័យអស់៤០០បាតដែរ នេះទើបពិតជា ប៉ូលិសចំ មែន។
មានមន្ត្រីប៉ូលិសមួយរូបធ្លាប់ទម្លាយអោយកម្ពុជាថ្មីដឹងថា ការនាំទំនិញឆ្លងកាត់ ចេញចូលតាមច្រកទ្វារអន្តរជាតិដូង គឺទោះបីជាទំនិញនោះ ត្រូវចូលទីអោយខាងអង្គភាពគយ ត្រួតពិនិត្យក៏ដោយ ក៏ត្រូវតែចេះគោរពខាងអន្តោប្រវេសដែរ ព្រោះនាទីរបស់ពួកគេគឺជាអ្នកទាញខ្សែទ្វារបិទ និងបើក មានន័យថា សោទ្វារគឺនៅនឹងដៃខាងអន្តោប្រវេសន៍។
តាមរយៈទូរស័ព្ទនៅវេលាម៉ោង៨ និង៤០នាទីគត់ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦លោកសៅ ប៊ុនរិទ្ធ ប្រធានអន្តោប្រវេស ប្រចាំច្រកទ្វារអន្តរជាតិដូងបានលើកឡើងថា លោកមិនដែលដាក់ផែនការឲ្យមន្ត្រីក្រោមឱវាទធ្វើបែបនេះទេ ហើយបើមានរឿងអញ្ចឹងមែននោះ សូមឲ្យជនរងគ្រោះជួយពិនិត្យមើលឈ្មោះផងថា តើគេនោះឈ្មោះអ្វីមានអត្តលេខប៉ុន្មាន ដើម្បីរាយការណ៍ជូនទៅលោកវិញ។
ភាសានេះគឺហាក់ដូចជាជ្រុលពេក ពលរដ្ឋម្នាក់ៗនៅពេលដែលសមត្ថកិច្ចសំឡុតទាមទារឲ្យបង់លុយតាមច្រកចេញចូលបែបនេះ តើអ្នកណាទៅហ៊ានតតាំង ហើយទៅសុំមើលអត្តលេខ និងឈ្មោះរបស់មន្ត្រីនគរបាលរូបនោះ? គឺប្រាកដជាមិនហ៊ានទេ គឺធ្វើយ៉ាងណាឲ្យតែសុំចរចាគ្នាត្រូវគឺវាសប្បាយចិត្តណាស់ទៅហើយសំខាន់គឺកុំឲ្យតែគេចាប់ឬធ្វើការដកហូតតែប៉ុណ្ណោះ។ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីរបស់មន្ត្រីនគរបាលអន្តោប្រវេសន៍ នៃច្រកទ្វារអន្តរជាតិដូង ប្រចាំស្រុកកំរៀង កម្ពុជាថ្មី និងបន្តការពិនិត្យមើលបន្ថែមទៀតថា តើបុគ្គលណាមួយហ៊ានប្រព្រឹត្តនូវទង្វើបែបនេះ ឬក៏ជាសញ្ញាភ្លើងខៀវពីលោកប្រធានច្រក៕
ប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិដូង កំពុងកៀបយកខ្លាញ់ ពីទំនិញនាំចូលកំប៉ិកកំប៉ុក
0 Comments