អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បានរិះគន់ភាគីទាំងអស់នៃជម្លោះនៅស៊ីរីសម្រាប់វិបត្តិមនុស្សធម៌ នៅក្នុងទីក្រុង Madaya ដែលត្រូវឡោមព័ទ្ធដោយចង្អុលបង្ហាញថា ការប្រើប្រាស់នៃភាពអត់ឃ្លានធ្វើជាអាវុធស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាមមួយ។
លោក បាន គីមូន បានថ្លែងថា រូបភាពនៃមនុស្ស ដែលស្គមរីងរៃ ដោយសារអត់អាហារ នៅក្នុងក្រុង Madaya បានបង្ហាញពីកម្រិតដ៏ទាបថ្មីមួយទៀត នៅក្នុងសង្គ្រាមស៊ីវិលស៊ីរី។
លោក បាន គីមូន បានលើកឡើងថា “មនុស្សចាស់ និងកុមារ ព្រមទាំងបុរស និងស្ត្រី ដែលនៅសល់តែស្បែក និងឆ្អឹង កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ និងខ្សោយបំផុតមិនអាច សូម្បីតែដើរ ហើយអស់សង្ឃឹមទាំងស្រុងសម្រាប់ចំណីអាហារ”។
បើយោងតាមលោកអគ្គលេខាធិការបានឲ្យដឹងថា មនុស្សប្រមាណ៤០០នាក់នៅក្នុងទីក្រុង Madaya គឺកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ដល់ជីវិត ហើយតម្រូវឲ្យមានការព្យាបាលជាបន្ទាន់។
ក្រុង Madaya គឺស្ថិតនៅក្រោមការឡោមព័ទ្ធ ដោយកងកម្លាំងគាំទ្ររដ្ឋាភិបាល ហើយភូមិចំនួនពីរនៅក្នុងខេត្ត Idlib នៅតែរាំងខ្ទប់ដោយពួកឧទ្ទាម។
ពួកគេបានទទួលជំនួយលើកដំបូងពីក្បួនរថយន្តមួយកាលពីថ្ងៃចន្ទជាមួយនឹងការផ្គត់ផ្គង់បន្ថែមទៀត ដែលមកដល់នៅក្នុងតំបន់ទាំងពីរនេះកាលពីថ្ងៃព្រហស្បតិ៍។
លោក បាន គីមូន បាននិយាយថា “ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ថា ការប្រើភាពអត់ឃ្លានធ្វើជាអាវុធនៃសង្គ្រាមគឺជាបទឧក្រិដ្ឋសង្គ្រាមមួយ។ ខ្ញុំនឹងនិយាយថា ពួកគេកំពុងត្រូវបានចាប់ជាចំណាប់ខ្មាំង ប៉ុន្តែវាគឺអាក្រក់ជាងហ្នឹងទៅទៀត ព្រោះចំណាប់ខ្មាំងយ៉ាងហោចណាស់ក៏ទទួលបានការហូបចុកដែរ”។
ភ្នាក់ងាររបស់ RT គឺលោក Murad Gadziev ដែលជាផ្នែកមួយនៃអ្នកកាសែតបរទេសមួយចំនួន ដែលបានមកដល់ក្រុង Madaya បានឲ្យដឹងថា បើយោងទៅតាមអ្នកស្រុកបានលើកឡើងថា ពួកសកម្មប្រយុទ្ធក្រុមរដ្ឋឥស្លាមកំពុងប្រយុទ្ធប្រឆាំង នៅក្នុងទីក្រុងនេះរួមជាមួយនឹងកងកម្លាំងក្រុមប្រឆាំង។
ពួកគេបាននិយាយថា ពួកឧទ្ទាមដែលគ្រប់គ្រងទីក្រុងនេះក៏បានលក់ស្បៀងអាហារក្នុងតម្លៃខ្ពស់កប់ពពកផងដែរ រហូតដល់ទៅ២៥០ដុល្លារសម្រាប់អង្ករត្រឹមតែមួយគីឡូក្រាម។
លោក បាន គីមូន បាននិយាយថា មនុស្សប្រមាណ៤០០០០០នាក់នៅក្នុងប្រទេសស៊ីរី ត្រូវបានគេឡោមព័ទ្ធ ដោយមានជាងពាក់កណ្ដាលគឺស្ថិតនៅក្នុងតំបន់ ដែលបានគ្រប់គ្រងដោយក្រុម IS។
ជាមួយគ្នានោះ លោក បាន គីមូន បានជំរុញឲ្យមហាអំណាចក្នុងតំបន់និងបុគ្គលអន្តរជាតិសំខាន់ៗឲ្យដាក់សម្ពាធទៅលើភាគីសង្គ្រាម ដើម្បីផ្ដល់នូវការចូលដំណើរការមនុស្សធម៌ប្រកបដោយចីរភាពនិងគ្មានអ្វីរារាំង៕
RT
ប្រមុខ UN រិះគន់ភាគីសង្គ្រាមនៅស៊ីរីថា ការប្រើប្រាស់ភាពអត់ឃ្លានធ្វើជាអាវុធគឺជាឧក្រិដ្ឋកម្មសង្គ្រាម
0 Comments