បាញ់កាំភ្លើង ៖ សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានធ្វើមហាសន្និបាតវិសាមញ្ញមួយ ដើម្បីជ្រើសតាំងសមាជិកគណៈកម្មាធិការប្រតិបត្តិថ្មីពីររូបបន្ថែមទៀត កាលពីល្ងាចថ្ងៃទី១៤ ខែមករា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
មហាសន្និបាតវិសាមញ្ញសហព័ន្ធកីឡាបាញ់កាំភ្លើងនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកឧត្ដមសេនីយ៍ឯក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា អនុប្រធាន និងសមាជិកប្រតិបត្តិ។
លោក មៀច សុផាន់ណា ប្រធានសហព័ន្ធបានមានប្រសាសន៍ថា មហាសន្និបាតវិសាមញ្ញនេះ បានបោះឆ្នោតជ្រើសរើសអគ្គលេខាធិការថ្មី ជំនួសអគ្គលេខាធិការចាស់ដែលជាប់បំពេញកម្មសិក្សានៅក្រៅប្រទេសរយៈពេលវែង និងជ្រើសរើសអនុប្រធានសហព័ន្ធបន្ថែមមួយរូបទៀត។
ការអនុម័ត ដែលធ្វើតាមរយៈការលើកដៃនោះ លោក សាមឺឌី ស៊ីវឌ្ឍនា ដែលជាអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ត្រូវបានទទួលការគាំទ្រជាអនុប្រធានសហព័ន្ធ លោកហូ សិទ្ធិគុណ ត្រូវបានទទួលការគាំទ្រជាអគ្គលេខាធិការជំនួសលោក ប៊ួយ សុភ័ណ្ឌ ដែលបានចេញទៅសិក្សានៅក្រៅប្រទេសរយៈពេលវែង។
ជាមួយនឹងការជ្រើសបន្ថែមនូវសមាសភាពក្បាលម៉ាស៊ីនបន្ថែមនោះ អង្គមហាសន្និបាតបានជជែកគ្នាពីគម្រោងរៀបចំការប្រកួតបាញ់កាំភ្លើងថ្នាក់ជាតិជាលើកដំបូងដែលគ្រោងនឹងធ្វើនៅក្នុងខែកុម្ភៈខាងមុខនេះ។
លោកឧត្ដមសេនីយ៍ឯក មៀច សុផាន់ណា បានបញ្ជាក់ឲ្យដឹងទៀតថា សហព័ន្ធបានទទួលកាំភ្លើងពីរោងចក្រ CZ របស់ប្រទេសឆែក គឺកាំភ្លើងខ្លីទាន់សម័យចំនួន៥ដើម និងកាំភ្លើងវែង២ដើមសម្រាប់ប្រកួត។
ប្រធានសហព័ន្ធរូបនេះក៏បានបញ្ជាក់ឲ្យដឹងដែរថា មូលហេតុដែលសហព័ន្ធបាញ់កាំភ្លើងមិនទាន់ដំណើរការ គឺដោយសារអ្វីៗត្រូវគិតទៅដល់ផ្លូវច្បាប់ ត្រូវគិតពីបញ្ហាសុវត្ថិភាព និងសន្តិសុខសង្គម។ សម្រាប់ការប្រកួតថ្នាក់ជាតិសាកល្បងនាខែកុម្ភៈខាងមុខនេះ គឺធ្វើក្នុងក្របខ័ណ្ឌកម្លាំងប្រដាប់អាវុធ ព្រោះមិនទាន់អាចឲ្យអ្នកចូលរួមប្រកួត ជាមនុស្សដែលសហព័ន្ធមិនទាន់ស្គាល់អត្តសញ្ញាណបាននោះឡើយ។
លោក វ៉ាត់ ចំរើន ដែលជាអនុប្រធានសហព័ន្ធបាញ់កាំភ្លើងដែរនោះបានបញ្ជាក់ថា កីឡាបាញ់កាំភ្លើង ជាប្រភេទកីឡាអូឡាំពិក ដូចនេះលោកបានសំណូមពរឲ្យសហព័ន្ធរៀបចំកន្លែងហ្វឹកហាត់មួយជាបន្ទាន់ ទោះជាហាត់នៅក្រៅបន្ទប់ក៏ដោយ ដើម្បីឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសំណូមពរទៅសហព័ន្ធអន្តរជាតិឲ្យមកជួយបង្ហាត់ដល់កីឡាកររបស់កម្ពុជា។
លោកអគ្គលេខាធិការ ក៏ជំរុញឲ្យសហព័ន្ធប្រញាប់ប្រញាល់រៀបចំលិខិតស្នាមទៅសហព័ន្ធតំបន់ ទ្វីប និងអន្តរជាតិ ដើម្បីឲ្យគេទទួលស្គាល់យើងជាសមាជិករបស់គេងាយស្រួលយើងបានទទួលជំនួយពីសហព័ន្ធទាំងនោះ ក្នុងឋានៈជាសមាជិកស្របច្បាប់របស់គេ។
គួរបញ្ជាក់ថា មកដល់ពេលនេះសហព័ន្ធកីឡាបាញ់កាំភ្លើង មានសមាជិកប្រតិបត្តិសរុបចំនួន១៧រូប និងមានទីប្រឹក្សាបច្ចេកទេសជាជនជាតិបរទេសចំនួន០២រូប៕
សហព័ន្ធបាញ់កាំភ្លើង ជ្រើសតាំងសមាជិកប្រតិបត្តិ២រូបបន្ថែមទៀត
0 Comments